លោក វ៉ា គឹមហុង ថា ការបោះបង្គោលព្រំដែនជាមួយវៀតណាមដែលសេសសល់ ​ត្រូវការបារាំង

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថា ការបោះបង្គោលព្រំដែន​ជាមួយ​វៀត​ណាម មិ​ន​អាច​​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ដូចការគ្រោងទុកនោះទេ ដោយថា ការបោះបង្គោល​ដែលនៅ​​សេស​​​​សល់​​១​៦​​​​​​ភាគ​រយ​ទៀត​​ ត្រូវ​ការ​ភាគីបារំាងធ្វើជាអាជ្ញាកណ្តាល​ទើប​អាច​បន្ត​បោះបាន។

ក្រសួងការបរទេសកម្ពុជា ឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ ខែវិច្ឆិកា ថា ក្នុង​ជំនួបរវាងរដ្ឋមន្ត្រី​ការ​បរទេស​​កម្ពុជានិងវៀ​ត​​ណា​ម ដែលធ្វើឡើងនៅប្រទេសវៀតណាម  ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះ​សមិទ្ធិ​​ផល​​បោះបង្គោល​ព្រំ​ដែនគោកនៃ​ប្រ​​ទេស​ទាំ​​​ង​​​ពីរដែលសម្រេចបាន៨៤%។

នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស

ក្រសួងការបរទេស លើកឡើង​ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះទៀត​ថា​៖

«ភាគីទាំងពីរបានប្តេជ្ញាចិត្តថា នឹងខិតខំដោះស្រាយការងាររាំងស្ទះនានា ដើម្បីឈានទៅស​​ម្រេចការងារសេសសល់​​​% ដែលមិនទាន់ឯកភាពគ្នា»។

រដ្ឋា​ភិ​បា​​​ល​​កម្ពុជានិងវៀតណាម ​ធ្លាប់​បាន​ប្ដេជ្ញាថា​ ការកំណត់ខ័ណ្ឌសីមា ​នឹង​ត្រូវបញ្ចប់​នៅឆ្នាំ​២០១៨​នេះ ដោយថា ​ដើម្បី​កសា​ង​​​ខ្សែក្រ​វ៉ាត់​ព្រំ​ដែ​ន​​ ជា​​តំបន់​​សន្តិភាព​។

ប្រធានគណៈកម្មាការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ឲ្យ VOD ដឹងនៅថ្ងៃសុក្រនេះថា រហូតដល់​២០១៨នេះ ការបោះបង្គោលបា​ន៨​៤​% ​លើ​ចំ​នុចដែលបានឯកភាពគ្នា តែសល់១៦%ទៀត ដែលមិនទាន់ព្រមព្រៀងគ្នា ដោយថា​រង់ចាំផែនទីចម្លង​ពីភាគីបារាំង។

លោកថា៖ «វាមិនត្រូវគ្នា ខ្មែរយើងបកថាអញ្ចេះ ដល់គេបកថាអញ្ចុះ​។ អញ្ចឹងបានជាយើងយកអាជ្ញាកណ្តាល ដែលជាគ្រូបង្រៀន [បារាំ]មកបក ឬគូចម្លងផែនទី តែប៉ុណ្ណឹង ១៦ភាគរយហ្នឹង។ យើងឯកភាពគ្នាឲ្យបារាំងជួយ បើបារាំងមិនទាន់មកផង មិនដឹងថ្ងៃណាប់។ យើង តែងតែរក្សាសុទិ​ដ្ឋិនិយម មិនគិតថាមិនចេញទេ គិតថាចេញ»

កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​​២០១៦ ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង សួនហ្វុក ក្នុង​កិច្ចប្រជុំ​​មួយ​នៅ​ខេ​​ត្តសៀមរាប បាន​ឯកភាព​គ្នា​ស្នើសុំ​ការជួយ​ពី​ប្រទេស​​បារាំង​ឲ្យ​ផ្តល់​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស​ដើម្បី​ជួយ​បំលែង​ផែនទី​ដែល​​មា​ន​​​​​ស្រា​ប់​​ពី​ខ្នាត១លើ១០០ពាន់ មកខ្នាត១លើ៥០ពាន់​វិញ។​

បើតាម​ប្រធានគណៈកម្មាការព្រំដែនកម្ពុជា ទីតាំងដែលភាគីទាំងពីរមិនឯកភាពគ្នានោះ ស្ថិតនៅតំបន់ដាក់ដាំ និង​ដាក់ហ៊ូត ក្នុង​ខេត្តមណ្ឌលគីរី និងមួ​យក​​ន្លែងទៀត គឺក្នុង​ឃុំប៉កញៃ ស្រុកអូយ៉ាដាវ ខេត្តរតនគីរី ។

សមាជិកឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន និយាយថា ការកំណត់ខ្សែបន្ទាត់​ព្រំដែន ទាំងគ្មាន​ការឯកភាព​ជាតិដូច​បច្ចុប្បន្ន នឹងមិ​នធ្វើឲ្យព្រំដែន​ក្លាយ​ជាតំប​ន់​មានស​ន្តិភាពទេ។ លោកថា រដ្ឋាភិបាល​គួរព្យួរ​ចំនុច​សេសសល់ ហើយវិលមកពង្រឹ​ងផ្ទៃ​ក្នុង​ជាតិ ទើប​អាចទ​ប់ទល់​នឹងមហិច្ឆិតា​ឈ្លានពានរបស់បរទេសបាន។

លោកថា៖ «តាមដែលខ្ញុំឃ្លាំមើលនូវដំណើរការនៃការបោះបង្គោលព្រំដែនរវាងកម្ពុជា យួន យើងបានប្រតិកម្មជាច្រើនជុំវិញបញ្ហាទាំងអស់ហ្នឹងដែលធ្វើការបោះបង្គោលរំលោភលើរដ្ឋធម្មនុញ្ញត្រង់មាត្រា២។ ពីព្រោះមាត្រា២ បានកំណត់យកផែនទី១លើ១០០ពាន់ ប៉ុន្តែ​​​កា​​របោះបង្គោលកន្លងមកនេះ បោះតាមសន្ធិសញ្ញាបំពេញបន្ថែមខ្នាត១លើ៥០ពាន់។ អញ្ចឹងហើយបានធ្វើឲ្យកម្ពុជាយើងខាតបង់ជាបន្តបន្ទាប់»

កម្ពុជា​ និង​វៀតណាម ​មាន​ព្រំដែន​​គោក​រួមគ្នាប្រវែង​១២៧០​គីឡូ​ម៉ែត្រ។ ភាគីទាំងពីរបាន​ព្រមព្រៀង​គ្នា បោះប​​ង្គោល​សរុបចំ​នួន៣​១​៤​ ដើម្បីកំណត់ខ្សែបន្ទាត់​ព្រំដែនរវាងគ្នានិងគ្នា​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ