ក្រុម​មេធាវី​៖ លោក កឹម សុខា បន្ត​ទាត់​ចោល​​សន្និសីទ​រៀបចំ​ឡើង​នៅ​អាមេរិក

លោក សម រង្ស៊ី និង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបថតពីហ្វ៊េសប៊ុក លោក កឹម សុខា)

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​បន្ត​អះអាង​ជាថ្មី​នៅ​ថ្ងៃ​នេះថា មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ មិន​ទទួល​ស្គាល់​នោះ​ឡើយ​ចំពោះ​សន្និសីទ​រយៈ​ពេល​ពីរ​ថ្ងៃ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​អ្នក​គាំ​ទ្រ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ឯ​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​គាំ​ទ្រ​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ និង​ខ្លួន​លោក សម រង្ស៊ី ផ្ទាល់ បាន​ចូល​រួម​ក្នុង​សន្និសីទ​មួយ​ ដែល​កំពុង​តែ​ដំណើរ​ការ​ទៅ​​នៅ​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ឯ​ទីក្រុង​ Georgia ស្ថិត​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​នេះ។

ប៉ុន្តែ នៅ​ឯ​កម្ពុជា​វិញ ក្រុម​មេធាវី​តំណាង​ឲ្យ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ អះ​អាង​នៅ​ក្នុង​​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​នេះ​ថា មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​រូប​នេះ ទាត់​ចោល និង​មិន​គាំ​ទ្រ​នោះ​ឡើយ។

ក្រុម​មេធាវី​ក៏​បាន​អះ​អាង​ថែម​ទៀត​ថា លោក កឹម សុខា បង្ហាញ​ជំហរ​របស់​លោក​បែប​នេះ ដោយ​មិន​ស្ថិត​ក្រោម​សម្ពាធ ឬ​ការ​បង្ខិត​បង្ខំ​ពី​បុគ្គល​ណា​ម្នាក់​ឡើយ។

សហ​មេធាវី​លោក កឹម សុខា អះ​អាង​ថា​៖ «ទោះជា​ឯក​ឧត្ដម កឹម សុខា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ក៏​ដោយ ក៏​ឯក​ឧត្ដម កឹម សុខា នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា ការពារ ទាមទារ និង​បដិសេធ​នូវ​អ្វី​ដែល​ប៉ះ​ពាល់​ដល់​សិទ្ធិ​ស្រប​ច្បាប់​របស់​គាត់»

លោក កឹម សុខា បាន​​សម្រេច​ចាត់​ក្រុម​មេធាវី​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​​តំណាង​រូប​លោក​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​មាន​ភាព​ចម្រូង​ចម្រាស់​ជុំ​វិញ​ការ​ថ្លែង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​អះ​អាង​ថា រូប​លោក និង​លោក កឹម សុខា សុទ្ធ​តែ​មាន​ជំហរ​តែ​មួយ។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​សម្រេច​ផ្ទេរ​ការ​ឃុំ​ខ្លួន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ខណ្ឌ​ទួលគោក កាល​ពីខែ​កញ្ញា​កន្លង​មក ក្រោយ​ពី​លោក​​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​ក្រោយ​មក ក្រោម​ការ​ចោទប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ