លោក កឹម សុខា សម្រេច​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​តំណាង​រូប​លោក

លោក កឹម សុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ​(រូបពីហ្វេសប៊ុក លោក កឹម សុខា)

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​របស់​លោក ធ្វើ​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​បង្ហាញ​ជំហរ និង​ទស្សនៈ​របស់​លោក​ទៅ​កាន់​សាធារណជន ខណៈ​ដែល​រូប​លោក​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​នេះ​ថា មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ បាន​ផ្ដល់​សិទ្ធិ​ទៅ​ក្រុម​មេធាវី​របស់​លោក ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ ដើម្បី​បង្ហាញ​ជំហរ​របស់​លោក បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ពួកគេ។

ទំព័រ​ហ្វេសបុក​លោក កឹម សុខា សរសេរ​ថា៖ «ខ្ញុំមានសិទ្ធិឲ្យមេធាវីរបស់ខ្ញុំនាំពាក្យនិងបង្ហាញពីឆន្ទៈខ្ញុំដែលជាកូនក្តីជាផ្លូវការស្របតាមបញ្ញត្តិច្បាប់»។

រូបថត​មួយ​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បាន​បង្ហាញ​លោក កឹម សុខា អង្គុយ​​នៅ​តុ​រួម​គ្នា​ជាមួយ​ក្រុម​មេធាវី​លោក ផែង ហេង អ្នកស្រី ម៉េង សុភារី និង​លោក ចាន់ ចេន។

លោក​មេធាវី ផែង ហេង បាន​ប្រាប់​វីអូឌី​តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​អាទិត្យ​នេះ​​ថា លោក​ពិត​ជា​បាន​ជួប​ពិភាក្សា​ជាមួយ​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​នេះ​មែន។

លោក​មេធាវី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មេធាវី​​ទាំង ៤​រូប ក្នុង​នោះ​មាន​ទាំង​លោក​មេធាវី ផាន់ ច័ន្ទស័ក្តិ​ ផង​ដែរ សុទ្ធ​តែ​អាច​និយាយ​ជំនួស​លោក​ កឹម សុខា។

លោក ផែង ហេង ថ្លែង​ប្រាប់​ថា៖ «បាទ! បួន​នាក់​ហ្នឹង​ មាន​សិទ្ធិ​ដូច​គ្នា។ នរណា​ក៏​អាច​និយាយ​ក្នុង​នាម​គាត់​បាន​ដែរ ឲ្យ​តែ​គាត់​ពឹង​ពាក់»។

លោក កឹម សុខា បាន​​សម្រេច​ចាត់​ក្រុម​មេធាវី​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​​តំណាង​រូប​លោក​បែប​នេះ ក្រោយ​ពី​មាន​ភាព​ចម្រូង​ចម្រាស់​ជុំ​វិញ​ការ​ថ្លែង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​អះ​អាង​ថា រូប​លោក និង​លោក កឹម សុខា សុទ្ធ​តែ​មាន​ជំហរ​តែ​មួយ។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​សម្រេច​ផ្ទេរ​ការ​ឃុំ​ខ្លួន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ខណ្ឌ​ទួលគោក កាល​ពីខែ​កញ្ញា​កន្លង​មក ក្រោយ​ពី​លោក​​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​ក្រោយ​មក ក្រោម​ការ​ចោទប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ