លោក ហ៊ុន សែន ប្រកាស​ថា លោក​អាច​ជា​មេដឹកនាំ​អត់​ឱន​ច្រើន​ជាង​គេ តែ​មិន​អាច​អត់​ឱន​ជា​លើក​ទី​បី

លោក ហ៊ុន សែន ជួបជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤,៧៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ (រូបភាព៖ FN)

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​អាច​ជា​មេដឹកនាំ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​មាន​ភាព​អត់​ឱន​ច្រើន​ជាង​គេ ប៉ុន្តែ លោ​កថា លោក​មិន​អាច​អត់​ឱន​ឲ្យ​ជា​ថ្មី​ទៀត​នោះ​ឡើយ។

លោក ហ៊ុន សែន បាន​​អះ​អាង​បែប​​នេះ​នៅក្នុង​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ ចំ​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ពិធី​រំលឹក​ខួប ៤០​ឆ្នាំ​នៃ​​ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ២ ធ្នូ។

សំណេរ​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ពន្យល់​នូវ​អ្វី​ដែល​ហៅ​ថា សាមគ្គីភាព ហើយ​ថា បក្ស​កាន់​អំណាច​របស់​លោក​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គី​ជាតិ ចាប់​តាំង​ពី​គណបក្ស​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ជិត ៧០​ឆ្នាំ​មុន​មក​ម៉្លេះ។

ខណៈ​ដែល​លោក​ពន្យល់​ថា សាមគ្គី​ជាតិ​តម្រូវ​ឲ្យ​មាន​ការ​អត់​ឱន​ឲ្យ​គ្នា លោក ហ៊ុន សែន ក៏​បាន​អះ​អាង​ថា លោក​អាច​ជា​មេដឹកនាំ​តែ​ម្នាក់​គត់​ដែល​មាន​ភាព​អត់​ឱន​ច្រើន​ជាង​គេ ប៉ុន្តែ​ លោក​មិន​អាច​អត់​ឱន​ឲ្យ​ជា​លើក​ទី​បី​នោះ​ឡើយ។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន រៀបរាប់​ថា​៖ «នៅ​ក្នុង​ចំណោម​អ្នក​ដឹកនាំ​កម្ពុជា​តាំង​ពី​សម័យ​បុរាណ​មក ខ្ញុំ​ប្រហែល​ជា​អ្នក​ដឹកនាំ​តែ​មួយ​គត់​ដែល​មាន​ការ​អត់​ឱន​ឲ្យ​ច្រើន​ជាង​គេ។ អ្នក​ក្បត់​ជាតិ​ក្នុង​សម័យ​មុន មាន​តែ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ ប៉ុន្តែ ខ្ញុំ​វិញ មាន​តែ​លើក​លែង​ទោស​ដល់​អ្នក​ដែល​ដឹង​កំហុស។ ខ្លះ​ម្ដង ខ្លះ​រហូត​ដល់​ទៅ​ពីរ​ដង។ ប៉ុន្តែ មិន​អាច​មាន​លើក​ទី​៣​ឡើយ»

សំណេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​ ហ៊ុន សែន មិន​បាន​បញ្ជាក់​ឈ្មោះ​បុគ្គល​រូប​ណា​ដែល​លោក​ធ្លាប់​បាន​អត់​ឱន​ឲ្យ​នោះ​ឡើយ។

ប៉ុន្តែ លោក ហ៊ុន សែន បាន​ស្នើ​ទៅ​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី ឲ្យ​លើក​លែង​ទោស​ដល់​​លោក សម រង្ស៊ី ចំនួន ២​លើក​រួច​មកហើយចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។

លោក សម រង្ស៊ី ដែលជា​គូ​ប្រជែង​នយោបាយ​នឹង​លោក​ ហ៊ុន សែន នោះ ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​លើក​ទី​មួយ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៦ និង​លើក​ទី​២ នៅ​ក្នុងខែ​កក្កដា ឆ្នាំ​​២០១៣ ដែល​ការ​លើក​លែង​ទោស​ទាំង​នោះ សុទ្ធ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​លោក ហ៊ុន សែន។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ កំពុង​រស់នៅ​និរទេស​ខ្លួន​ឯង បន្ទាប់​ពី​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ​នៅ​កម្ពុជា​ ដែល​ប្ដឹង​ដោយ​ក្រុម​មេដឹកនាំ​បក្ស​កាន់​អំណាច​ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥​មក។

បើ​ទោះបី​ជា​លោក​ ហ៊ុន សែន អះអាង​អំពី​ការ​អត់​ឱន​ដល់​គូ​ប្រជែង​នយោបាយ​របស់​លោក​ក្ដី ប៉ុន្តែ នាយ​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៥​ថា អស់រយៈ​ពេល ៣​ទសវត្សរ៍ លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​អំពើ​ហិង្សា​នយោបាយ​ ការ​បង្ក្រាប និង​អំពើ​ពុក​រលួយ ដើម្បី​រក្សា​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ