យស បូវណ្ណៈ ប្រកាសដើរតាមលំនាំ​​​អ្នកនាង អម្ពរ ទេវី

លោក យស បូវណ្ណៈ នៅក្នុងដំណើរបេសកម្មមកកម្ពុជា ក្នុងឆ្នាំ២០១៨នេះ (រូបថត៖ សហការី)

ក្នុង​​ឱកាស​បង្ហាញខ្លួន​នៅក្នុងប្រទេសកម្ពុជា កាលពី​​ថ្ងៃទី​២ធ្នូ តារាសម្ដែងជើង​​ចាស់​​ល្បីល្បាញ​​តាំងពីជំនាន់​​​ឆ្នាំ​​​៩០ជាង លោក យស បូវណ្ណៈ បានអះអាងថា​លោកនឹង​ឡើងចុះ​​​​​ស្រុក​កំណើត​មកថត​រឿង​​​​​​​​ដូច​គ្នាអ្នកនឹង​នាង ​អម្ពរ ទេវី ​​ក្នុងពេលបន្ត​បន្ទាប់ បន្ទាប់ពី​​​​​​​ឃើញ​​​​ផលិតករ និងសិល្បៈជំនាន់ក្រោយ​​​​​​​​​ច្រើន​នាក់​​​ស្វាគមន៍ និង​ចង់ឃើញ​ការសម្ដែងរបស់លោក ​ដូចគ្នា​​​​នឹង​ចង់ឃើញ​ការសម្ដែង​​របស់អ្នកនាង អម្ពរ ទេវី ដែល​ចេញទៅរស់នៅស្ងប់ស្ងាត់​​​​​លើទឹកដីអាមេរិកដូចគ្នា។ ​យ៉ាងណាមិញ ​លោកថា​​ សម្រាប់​ដំណើរ​ចុះ​មកថត​រឿង​​​លើកដំបូង​​​​​​​​​​អោយផលិតកម្មមហាហង្ស​នៅក្នុងពេលនេះ គឺមិនមាន​គម្រោង​ទទួលសម្ដែង​​អោយ​​​ផលិតករ​​ណាផ្សេងទេ ដោយសារតែលោក​​សុំ​ច្បាប់​ការងារនៅអាមេរិក​​បានតែ​​៣​សប្ដាហ៍។

​លោក យស បូវណ្ណៈ បានថ្លែងបញ្ជាក់​​​នៅ​ព្រលាន​យន្ត​ហោះថា ​​​​​​លោកត្រូវបាន​ផលិតកម្ម​​​មហាហង្ស​ទំនាក់ទំនងអោយ​ចុះ​​ថត​រឿង​ជាយូរមកហើយ ប៉ុន្តែដោយសារតែលោក​​​​​​​មិនអាច​​ចុះមក ហើយ​​​សាច់រឿង​កន្លងមក​ហាក់មិនសូវ​​ត្រូវនឹងវ័យរបស់លោក​ផង ទើប​លោក​ចេះតែ​​​មិនទាន់ទទួល និង​បានត្រឹមតែ​ថា​​​ចាំមានរឿង​ត្រូវ​​​​នោះលោកនឹង​​​​ចុះមកសម្ដែង​អោយ។ ​​​យ៉ាងណាមិញ លោក​​ថា​​​​​ផលិតករ​មហាហង្ស​​​​បាន​ផ្ញើ​​សាច់រឿងមួយថ្មី គឺរឿង ​​«​លោក​ឪពុក» ដែលលោកគ្រាន់តែ​​បានអានហើយ ​​​គឺចង់សម្ដែងតែម្ដង ទើប​​ធ្វើអោយលោក​​យល់ព្រមទទួល នឹង​​ស្នើអោយលោក អ៊ិន សុភិន ​​ចាង​ហ្វាង​ផលិតកម្មរៀបចំពេលវេលា​ចុះថត។

​ លោក យស បូវណ្ណៈ ថា​ភាពយន្ត​​ខ្នាត​ធំដែលលោកសម្រេចចិត្ត​ចុះ​មកថត​អោយ​ផលិតកម្មមហាហង្សនេះ គឺ​ជាសាច់រឿងមួយ​ដែលនិយាយ​​ពី​​​​ជីវិតរបស់លោកឪពុក ដែ​​ល​​លោក​ប្រាប់ថា​​​​​​​គ្រាន់តែ​បានដឹង​ពីសាច់រឿង​​គឺពេញចិត្ត​ស្នូក​​​ដល់​ថ្នាក់​ធ្វើអោយលោក​​​សម្រេចចិត្តថាត្រូវតែ​​​ផ្អាក​ការងារនៅអាមេរិក ហើយ​​​មកថត​អោយបាន​​​ដើម្បី​រំលេច​ស្នាដៃ​ជាថ្មី។ ​លោក​​​​​​​​​នឹងចំណាយ​ពេលទទួលថត​រឿងនេះ​​​ចំនួន​​២០ថ្ងៃ ​​​​​​​​​​​​​​​​ទើបលោកប្រកាសថា​​​​​ សម្រាប់គម្រោងមកកាន់​ប្រទេស​កម្ពុជា​លើកនេះ គឺ​​ទំនង​មិនបានដើរ​លេង ឬ​​បង្ហាញ​មុខ​ក្នុង​​សកម្មភាព​សិល្បៈ​ដែល​​មានអ្នកផ្សេង​អញ្ជើញ​កើតទេ។

លោក យស បូវណ្ណៈ បញ្ជាក់ថា លោកបាន​ចាកចេញពីប្រទេស​កម្ពុជា​អំឡុងឆ្នាំ​​១៩៩៤ ដោយ​​​ក្នុងពេលនេះ លោកបាន​​​កសាងគ្រួសារនៅ​​​លើទឹកដីអាមេរិកក្នុង​រដ្ឋកាលីហ្វ័រញ៉ា ​​ហើយទទួលបាន​ចំណងដៃកូនស្រី​៣នាក់ ​​​​​ដោយនៅអាមេរិក លោកនៅតែ​​​ទទួល​ច្រៀង និងសម្ដែង​ជាហូរហែរ ជាពិសេសក្នុងពេលសមាគមន៍ខ្មែរ​នៅអាមេរិក​​រៀបចំ​កម្មវិធី​វប្បធម៌ ឬសិល្បៈ​អបអរ​​ពិធីបុណ្យ​ជាតិ​​​​ធំៗម្ដង។ លោកថា​ខាន​មកលេងស្រុកកំណើត​​​ប្រមាណជិត​​១០ឆ្នាំហើយ ហើយសម្រាប់ការ​សម្ដែងរឿង​​វិញ ក៏ខាន​​​មិនតិចជាង​​២៣ឆ្នាំនោះដែរ ទើបលោកភ្ញាក់ផ្អើល​នៅពេល​​​​ចុះមកដល់ព្រលានយន្តហោះភ្នំពេញ ហើយមានការស្វាគមន៍យ៉ាង​កក់ក្ដៅពី​តារាសិល្បៈជំនាន់ក្រោយ និងមហាជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ