មេដឹកនាំ​វៀតណាមជំរុញឲ្យកម្ពុជាបញ្ចប់ឯកសារបោះបង្គោលព្រំដែននៅត្រឹម​ឆ្នាំក្រោយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជជែក​ជាមួយ​ប្រធានាធិបតី​វៀតណាម លោក ង្វៀន ភូជុង កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ឯ​ទីក្រុង​ហាណូយ។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន

មេដឹកនាំជាន់ខ្ពស់គណបក្សកុម្មុយនីស្តវៀតណាម បានជំរុញឲ្យភាគីកម្ពុជា និងវៀតណាម រួមគ្នាបញ្ចប់ឯកសារការងារកំណត់ខ្សែបន្ទាត់ និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយនេះ។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម។

សារព័ត៌មាន Vietnam News បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​វៀតណាម លោក ង្វៀន ភូជុង អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៤​ថ្ងៃ​របស់​លោក​នៅ​ទីក្រុង​ហាណូយ។

សារព័ត៌មាន​ដដែល​នេះ បាន​ចុះ​ផ្សាយ​ថា ក្នុងជំនួប​នោះ ​លោក ង្វៀន ភូជុង បានជំរុញឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បញ្ចប់​ឯកសារ​បោះ​បង្គោល​ព្រំដែន និង​ការងារ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​នៅឆ្នាំ២០១៩ បន្ទាប់ពីសម្រេចបាន ៨៤ភាគរយហើយនោះ។

សារព័ត៌មាន​បាន​ដក​ស្រង់​សម្ដី​មេដឹកនាំ​វៀតណាម ដែល​បាន​និយាយ​ថា ការ​ពន្លឿន​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ គឺ​ដើម្បីកសាង​សន្ដិភាព មិត្តភាព កិច្ច​សហ​ប្រតិបត្តិការ និង​ការអភិវឌ្ឍ​នៅតំបន់ជាប់ព្រំដែនប្រទេសទាំងពីរ។

កម្ពុជា​ និង​វៀតណាម ​មាន​ព្រំដែន​​គោក​រួមគ្នាប្រវែង​ ១២៧០​គីឡូ​ម៉ែត្រ ដោយភាគីទាំងពីរបាន​ព្រមព្រៀង​គ្នាបោះប​​ង្គោល​សរុបចំ​នួន ៣​១​៤​ ដើម្បីកំណត់ខ្សែបន្ទាត់​ព្រំដែនរវាងគ្នា និងគ្នា​។

ប៉ុន្ដែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានឲ្យ VOD ដឹងកាលពចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះថា ការបោះបង្គោលព្រំដែន​ជាមួយ​វៀត​ណាម មិ​ន​អាច​​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ដូចការគ្រោងទុកនោះទេ ដោយថា ការបោះបង្គោល​ព្រំដែន​ដែលនៅ​​សេស​​​​សល់​​ចំនួន ១​៦​​​​​​ភាគ​រយ​ទៀត​​ ចាំបាច់​ត្រូវ​ការ​ភាគីបារំាងធ្វើជាអាជ្ញាកណ្តាល​ និងរង់​ចាំផែនទីចម្លងរបស់ភាគីបារាំង ទើប​អាចបោះ​បន្ត​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ