​រដ្ឋាភិបាល​ជំរុញ​អង្គការ​សង្គមស៊ីវិលទៅ​​ចុះ​បញ្ជី​ពន្ធ​ដារ​ឲ្យ​បាន​មុនបំណាច់​ឆ្នាំនេះ​

​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង អ្នក​ជាប់​ពន្ធ​តូច​និង​មធ្យម ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក ម៉ា បូរ៉ា ថ្លែងក្នុងក្នុង​វេទិកា​កិច្ច​សន្ទនា​ស្ដីពី​ អង្គការ​សង្គម​ស៊ីវិល និង​ការ​ស្វែង​យល់​​អំពី​កាតព្វកិច្ច​សារពើពន្ធ​នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហេង វិចិត្រ

មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ជំរុញ​ទៅ​កាន់​អង្គការ​សង្គមស៊ីវិល​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​ពន្ធដា​រ​​​នៅ​អគ្គនាយកដ្ឋានមួយ​​នេះ ​​ទៅចុះឈ្មោះ​មុន​ពេល​ដែល​អនុក្រឹត្យ​ចុះ​បញ្ជី​ដោយ​ស្ម័គ្រ​ចិត្ត​ផុត​សុពលភាព​នា​ចុង​ឆ្នាំ​នេះ។

កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៧ រដ្ឋាភិបាល​បាន​សម្រេច​ចេញ​អនុក្រឹត្យ​មួយ​ជំរុញ​ដល់​​សហគ្រាស​ធុន​តូច និង​មធ្យម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ឲ្យ​ទៅ​បំពេញ​បែប​បទ​ចុះ​បញ្ជី​ដោយ​​ស្ម័គ្រ​ចិត្ត​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចាប់​ពី​ឆ្នាំ​២០១៧ ដល់​២០១៨។ បើ​តាម​អនុក្រឹត្យ​នោះ​ ការ​ខក​ខាន​មិន​បាន​ចុះ​បញ្ជី​ពន្ធដារ​ ត្រូវ​បាន​ចាត់​ទុក​ថា​បាន​ប្រព្រឹត្ត​អំពើ​រាំង​ស្ទះ​ ហើយក៏​ប្រឈមនឹង​វិធាន​ការណ៍​ផ្លូវច្បាប់​ផង​ដែរ។ ​

ក្នុង​វេទិកា​កិច្ច​សន្ទនា​ស្ដីពី​ អង្គការ​សង្គម​ស៊ីវិល និង​ការ​ស្វែង​យល់​​អំពី​កាតព្វកិច្ច​សារពើពន្ធ​នា​ព្រឹក​ថ្ងៃ​ទី​១១​ ធ្នូ​នេះ ​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង អ្នក​ជាប់​ពន្ធ​តូច​និង​មធ្យម ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក ម៉ា បូរ៉ា បាន​​ជំរុញ​ដល់​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​បង់​ពន្ធ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឲ្យ​រួសរាន់​ចុះ​បញ្ជី​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ធ្នូ​នេះ ដើម្បី​ជៀសវាង​ការ​ពិន័យ​ណា​មួយ​នោះ​។

លោក​ថា៖ « ថ្ងៃ៣១ហ្នឹងនៅតែ២០ថ្ងៃទៀតទេ! យើងគ្រាន់តែទៅដាក់ពាក្យនៅកន្លែង(អគ្គនាយកដ្ឋានពន្ធដារ)ទៅ យើងស្ថិតនៅក្នុងអ្នកមកដោយស្ម័គ្រចិត្តហើយ អញ្ចឹងត្រូវលើកលែងពន្ធអីខ្លះ ហើយមានកាតព្វកិច្ចពន្ធអីខ្លះគឺចាប់ពីពេលហ្នឹងតទៅ »

ទោះ​ជា​យ៉ាង​ណា​លោក​បាន​បដិសេធ​មិន​ឆ្លើយ​បន្ថែម​ទាក់​ទង​នឹង​វិធានការណ៍​របស់​រដ្ឋ​នៅ​ពេល​អនុក្រឹត្យ​នេះ​អស់​សុពលភាព​នោះ​ទេ​។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​លោក សឿង សារឿន មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​មិន​មាន​អង្គការសង្គម​ស៊ីវិល​ច្រើន​ទេ​ដែល​បាន​ចុះ​បញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​នោះ។ ​លោក​ក៏​បង្ហាញ​ក្ដី​បារម្ភ​ថា​វិធានការ​ណាមួយ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​ដែល​អនុក្រឹត្យ​នេះ​អស់​សុពលភាព​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ច្រើន​ដល់​អង្គការ​ទាំង​នោះ និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ផង​ដែរ។

លោក​ឲ្យ​ជា​យោបល់​ថា រដ្ឋាភិបាល​គួរ​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ពី​ករណី​នេះ ហើយ​គួរ​តែ​ពិចារណា​ពន្យារ​ពេល​៦​ខែ​ទៀត ដើម្បី​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​ទៅ​​ចុះ​បញ្ជី​ពន្ធ​ដារ​។​

លោក​ថា៖ « ជំរុញ និងលើកទឹកចិត្តឲ្យពួកគាត់ឲ្យបានយល់ច្បាស់ ពុំនោះទេម្នាក់ៗគាត់ភ័យ។ អ្នកខ្លះមិនទាន់បានចុះបញ្ជីរហូតមកស្ថាប័នរបស់គាត់បង្កើតមកជិត២០ឆ្នាំមក។ ហើយបើតាមច្បាប់ពន្ធដារ ក្រោយពីបង្កើតរយៈពេល១៥ថ្ងៃគឺត្រូវតែប្រកាសចុះបញ្ជីពន្ធដារ។ ហើយមកដល់ឥឡូវយើងគិតទៅ ២០ឆ្នាំ ឆ្នាំ ១០ឆ្នាំ បើសិនជាអនុវត្តន៍ការពិន័យហ្នឹងគឺពួកគាត់មិនមានអីបង់ទៅក្រសួងទេ មិនមានអីបង់ទៅរដ្ឋាភិបាលទេ អញ្ចឹងហើយពួកគាត់ខ្លាច ហើយការខ្លាចនេះហើយដែលធ្វើឲ្យប្រកាសមួយចំនួនមិនអាចអនុវត្តបានហ្នឹង »

បើ​តាម​អគ្គនាយកដ្ឋាន​ពន្ធ​ដារ បច្ចុប្បន្ន​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រតិបត្តិ​នៅ​កម្ពុជា​មាន​ជិត​៦ពាន់​ស្ថាប័ន ខណៈ​មាន​តែ​អង្គការ​ជាង​១ពាន់​ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជី​បង់​ពន្ធ​នៅ​អគ្គនាយកដ្ឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ