ប៉ូលិសថៃមិនឲ្យមេធាវីជួបប្រធានសហជីពខ្មែរម្នាក់ដែលចាប់ខ្លួនកាលពីសប្តាហ៍មុន

ប្រធានសហជីពកម្មករសំណង់លោក រ៉ាត់ រត្នមុនី។ រូបភាព៖ ហ្វេសប៊ុក Rath Rott Mony

ប៉ូលិសអន្តោប្រវេសន៍ថៃមិនអនុញ្ញាតឲ្យមេធាវីជួបប្រធានសហជីពខ្មែរមួយរួបដែលចាប់ខ្លួនកាពីសប្តាហ៍មុនតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា ដែលជាប់ពាក់ព័ន្ធការផលិតវីដេអូឯកសារអំពីការជួញដូរមនុស្ស។

យោងតាមអ្នកស្រី ឡុង គីមហ៊ាង ជាភរិយារបស់លោក រ៉ាត់ រដ្ឋមុនី បានឲ្យដឹងថា ប៉ូលិសអន្តោប្រវេសន៍ថៃមិនអនុញ្ញាតឲ្យមេធាវីជួបប្តីរបស់អ្នកស្រីនោះទេ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយអះអាថា ករណីនេះជាករណីពិសេស។

អ្នកស្រី គីហ៊ាង បាននិយាយថា៖ «ពួកគេនិយាយថា ករណីពិសេសដោយត្រូវការអនុញ្ញាតពីថ្នាក់លើ»។

ប្រធានសហជីពកម្មករសំណង់លោក រ៉ាត់ រដ្ឋមុនី ត្រូវបានប៉ូលិសថៃចាប់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងទីក្រុងបាកក ប្រទេសថៃ តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា ដោយជាប់ពាក់ព័ន្ធការផលិតវីដេអូឯកសារមានចំណងជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ី (RT)។

វីដេអូឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» និយាយអំពីស្រ្តីខ្មែរលក់កូនស្រីខ្លួនឯង ដោយសារជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។ក្រោយពីការផ្សព្វផ្សាយវីដេអូនេះសមត្ថកិច្ចកម្ពុជាបកស្រាយថា វីដេអូនេះជារឿងប្រឌិតឡើង ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់ប្រទេសកម្ពុជា ហើយក្រោយមកបានបើកការស៊ើបអង្កេតរកអ្នកជាប់ពាក់ព័ន្ធក្នុងការផលិតវីដេអូ។

កាលពីម្សិលមិញអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានស្នើទៅរដ្ឋាភិបាលថៃកុំបញ្ជូនប្រធានសហជីពរូបនេះមកកម្ពុជាវិញ ដោយបារម្ភពីការកាត់ទោសក្រោមហេតុផលនយោបាយ និងការឃុំខ្លួនមិនត្រឹមត្រូវ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ