វិភាគ៖ តើលំហ​សិទ្ធិ​សេរីភាព​កម្ពុជា​មាន​វិសាល​ភាព​កម្រិត​ណា?

ក្រុម​សហជីព សកម្មជន​ដីធ្លី និង​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨​។ រូបថត៖ ជន ចាន់រ៉ែន​

កាល​ពី​ដើម​សប្ដាហ៍​កន្លង​មក​នេះ ទាំង​រដ្ឋាភិបាល គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល ក្រុម​សហជីព សកម្មជន​ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត សុទ្ធ​តែ​បាន​បង្ហាញ​នូវ​ចំណុច​រួម​មួយ​ នោះ​គឺ​ការ​ចូលរួម​អបអរ​ចំពោះ​​ខួប ៧០​ឆ្នាំ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ​ធ្នូ ប៉ុន្តែ ពួកគេ​​ក៏​បាន​បង្ហាញ​​នូវ​ទស្សន​ផ្សេង​​គ្នា​ផង​ដែរ​ចំពោះ​ លំហ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក សុទ្ធ​តែ​បាន​លើក​ឡើង​អំពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​កែ​ប្រែ​ច្បាប់​មួយ​ចំនួនដើម្បី​បើក​ចំហ​សេរីភាព​ឡើង​វិញ។

​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ចំ​ថ្ងៃ​​១០​ធ្នូ​ថា​ ការ​ប្រមូល​ផ្ដុំ និង​ការ​ជួប​ជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​រង​ការ​គំរាម​កំហែង និង​រឹត​ត្បិត​ពី​សំណាក់​អាជ្ញាធរ​ដដែល។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​នេះ បាន​លើក​ឡើង​ថា ក្រុម​អ្នក​ចូល​រួម​មាន​ទាំង​មេដឹកនាំ​សហជីព និង​សកម្មជន​ដី​ធ្លី បាន​ទាម​ទារ​ទៅ​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​ដោះ​ស្រាយ​បញ្ហា​រំលោភ​បំពាន​ផ្សេងៗ​ដែល​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ។

ចំណែក​ឯ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​បាន​សរសេរ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ចំ​ថ្ងៃ​​១០ធ្នូ​នោះ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​បញ្ចប់​ពិធី​ជួបជុំ​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ក្រោម​បរិយាកាស​រឹត​ត្បិត​សេរីភាព និង​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​តឹង​រឹង​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល។

ផ្ទុយ​ពី​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក កែវ រ៉េមី ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍​ ចុះ​ផ្សាយ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន បើ​ធៀប​នឹង​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី អឺរ៉ុប និង​អាមេរិក។

លោក​ កែវ រ៉េមី ​បាន​បញ្ជាក់​ថា​៖ «​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ បើ​ប្រៀបធៀប​បណ្តា​ប្រទេស​ជិត​ខាង និង​មួយ​ចំនួន​នៅក្នុង​អាស៊ី​នៅ​អឺរ៉ុប​នៅ​អាមេរិក​។ ស្ថានភាព​របស់​យើង​គឺ​មាន​លក្ខណៈ​ល្អប្រសើរ​»​។

ក្រោយ​ពី​ភាគី​សង្គម​ស៊ីវិល និង​ភាគី​រដ្ឋាភិបាល យល់​ឃើញ​ផ្ទុយ​គ្នា​បែប​នេះ​មក វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​លំហ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​មាន​វិសាលភាព​កម្រិត​ណា?

ខណៈ​ដែល​គ្មាន​សន្ទស្សន៍​ជាក់​លាក់​នៃ​លំហ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ នៅ​ឯ​អន្តរជាតិ​ឯណោះ​វិញ លំហរ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​ត្រូវ​បាន​វាស់​វែង​បានទៅ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​សិក្សា​ដោយ​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ។ កម្រិត​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក ត្រូវ​បាន​វាស់​វែង​ទៅ​តាម​ផ្នែក​​ផ្សេងៗ។

​សន្ទស្សន៍​សេរីភាព​មនុស្ស​ជាតិ​ឆ្នាំ​២០១៨ ដែល​ចេញផ្សាយ​​រួម​គ្នា​កាល​ពី​ពីរ​ថ្ងៃ​មុន​ដោយវិទ្យាស្ថាន Cato នៅ​សហរដ្ឋ​អាមេរិក​ វិទ្យាស្ថាន Fraser នៅ​កាណាដា និង​មូលនិធិ​ Friedrich Naumann នៅ​អាល្លឺម៉ង់​នោះ បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លំដាប់​ថ្នាក់​ទី ៦១ នៅ​ក្នុង​ចំណោម​ប្រទេស ១៦២ ដែល​ត្រូវ​បាន​សិក្សា​ជារៀង​រាល់​ឆ្នាំ។ ការ​សិក្សា​នេះ​បង្ហាញ​ថា ចំណាត់​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​លេខ ៥៨ នៅ​ឆ្នាំ​២០១៧។

ការ​សិក្សា​ដដែល​នេះ បាន​វាយ​តម្លៃ​ទៅ​លើ​សន្ទស្សន៍​សេរីភាព​បុគ្គល និង​សេរីភាព​ផ្នែក​សេដ្ឋកិច្ច​ ដើម្បី​គណនា​លើ​សន្ទស្សន៍​សេរីភាព​នៅ​កម្ពុជា​​ដែល​មាន​ពិន្ទុ ៧.២០ លើ​ពិន្ទុ​សរុប ១០។ លំដាប់​ពិន្ទុ​នេះ បង្ហាញ​ថា កម្រិត​សេរីភាព​នៅ​កម្ពុជា មិន​ទាន់​សេរី​នោះ​ទេ ឬ​នៅ​ទាប​ជាង​ប្រទេស​សិង្ហបុរី ប៉ុន្តែ បែរ​ជា​ល្អប្រសើរ​ជាង​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់។

បើ​តាម​ការ​សិក្សា​មួយ​នេះ បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាង​លិច អាមេរិក​ខាង​ជើង និង​តំបន់​អូសេអានី សុទ្ធ​តែ​ត្រូវ​បាន​វាយ​តម្លៃ​ថា ជា​ប្រទេស​ដែល​ស្ថានភាព​សិទ្ធិ​សេរីភាព មាន​លក្ខណៈ​ល្អ​បំផុត ហើយ​បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​តំបន់​អាស៊ី អាហ្វ្រិក និង​អាមេរិក​ខាង​ត្បូង សុទ្ធ​តែ​មាន​សន្ទស្សន៍​សេរីភាព​មនុស្ស​ជាតិ​មិន​សេរី​នោះ​ឡើយ។

សន្ទស្សន៍​សេរីភាព​ឆ្នាំ​២០១៨ ដែល​ត្រូវ​បាន​សិក្សា​ដោយ​អង្គការ​មូលនិធិ​កេរ​ដំណែល​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​ដាក់​ចំណាត់​ប្រទេស​កម្ពុជា​នៅ​​លំដាប់ទី ១០១ នៅ​ក្នុង​ចំណោម​ប្រទេស​សរុប ១៨០​នៅ​ទូទាំង​ពិភព​លោក។

ដោយ​ទទួល​បាន​ពិន្ទុ​ត្រឹម​តែ ៥៨​នោះ ការ​សិក្សា​នេះ បង្ហាញ​ថា សន្ទស្សន៍​សេរីភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គ្មានភាព​សេរី​​ភាគ​ច្រើន​ ពោល​គឺ​ប្រហាក់​ប្រហែល​គ្នា​នឹង​ប្រទេស​ភូមា ឡាវ និង​វៀតណាម ប៉ុន្តែ នៅ​ទាប​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​នៅ​ឡើយ។

ចំណែក​ឯ​អង្គការ​ Freedom House មាន​មូលដ្ឋាន​នៅ​អាមេរិក​ដែរ​នោះ បាន​វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា​គ្មាន​សេរីភាព​នោះ​ឡើយ តាម​រយៈ​ការ​វាយ​តម្លៃ​ទៅ​លើ​សេរីភាព​ស៊ីវិល និង​សិទ្ធិ​ខាង​ផ្នែក​នយោបាយ។ ជាង​នេះ​ទៅ​ទៀត អង្គការ​នេះ​បាន​វាយ​តម្លៃ​ថា ស្ថានភាព​សេរីភាព​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ បើធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។

ក្រៅ​ពី​ការ​សិក្សា​ខាង​លើ អង្គការ​ជំនាញ​ផ្នែក​សារព័ត៌មាន​មាន​ឈ្មោះ​ថា Reporters Without Border ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​នោះ បាន​វាយ​តម្លៃ​ចំណាត់​ថ្នាក់​កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៤២ នៅ​ក្នុង​ចំណោម ១៨០​ប្រទេស​ទូទាំង​ពិភព​លោក។

តាម​រយៈ​របាយការណ៍​អង្គការ​ការពារ​អ្នក​សារព័ត៌មាន​អន្តរជាតិ​មួយ​នេះ ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​បាត់​បង់​ចំណាត់​ថ្នាក់​ដល់​ទៅ ១០​លេខ​ឯនោះ បើធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​កន្លង​មក។

អង្គការ​ Freedom House បាន​លើក​ឡើង​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​បែប​នេះ បន្ទាប់​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ