សមាជិក​សភា​សិទ្ធិ​មនុស្ស​អាស៊ាន​រិះគន់​​សំណើ​កែ​ច្បាប់​កម្ពុជា​ថា មិន​ធានា​លទ្ធផល​វិជ្ជមាន​យូរ​អង្វែង

ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន លើក​ដៃ​ចូលរួម​អនុម័ត​សំណើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ រូបថត៖ ជន ចាន់រ៉ែន

អង្គការ​សិទ្ធិ​មនុស្ស​តំបន់​មួយ​ បាន​រិះគន់​ចំពោះ​ការ​កែ​ប្រែ​ច្បាប់​របស់​កម្ពុជា​នៅ​ថ្ងៃ​នេះ​ថា ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​សហគមន៍​អន្តរជាតិតែ​ប៉ុណ្ណោះ ហើយ​វា​នឹង​មិន​ផ្ដល់​លទ្ធផល​វិជ្ជមាន​យូរ​អង្វែង​នោះ​ឡើយ។

រដ្ឋ​សភា​កម្ពុជា ដែល​មាន​​តំណាង​រាស្ត្រ​សុទ្ធ​តែ​​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​លើ​សំណើ​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​ស្ទួន នៃ​ច្បាប់​គណបក្ស​នយោបាយ សម្រាប់​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប បាន​វិល​ត្រឡប់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ។

ប៉ុន្តែ តំណាង​រាស្ត្រ​ម៉ាឡេស៊ី លោក Charles Santiago ដែល​ជា​ប្រធាន​​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR បាន​ថ្លែង​តាម​សារ​អេឡិត្រូនិច​នៅ​ថ្ងៃ​នេះ​ថា សំណើកែ​ប្រែ​ច្បាប់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​តែ​ស្វែង​រក​ការ​គាំ​ទ្រ​ពី​សហគមន៍​អន្តរជាតិ​តែ​ប៉ុណ្ណោះ ហើយ​លោក​ថា វា​នឹង​មិន​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​និរន្តរភាព​នយោបាយ​នៅ​កម្ពុជា​នោះ​ឡើយ។

លោក Charles Santiago បាន​សរសេរ​តាម​អ៊ីម៉ែលថា​៖ «នេះ[ការ​អនុម័ត​សំណើ​ច្បាប់]​ពិត​ជា​សញ្ញា​​មិន​ស្មោះ​ត្រង់​មួយ​​ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ផ្ដាច់​ការ​របស់​លោក ក្នុង​បំណង​ស្វែង​រក​ការ​គាំ​ទ្រ​ពីសហគមន៍​អន្តរជាតិ […]។ វិសោធនកម្ម​ច្បាប់​នៅ​ថ្ងៃ​នេះ នឹង​ជះ​ឥទ្ធិពល​តិច​តួច​ប៉ុណ្ណោះ​សម្រាប់​និរន្តភាព​យូរ​អង្វែង»។

នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​នេះ តំណាងរាស្ត្រមួយរូប​របស់គណបក្សកាន់​អំណាច លោក ជាម យៀប  ដែល​អះអាង​ថា​បាន​ចុះហត្ថខា​លើ​សំណើ​​វិសោធនកម្ម​ច្បាប់នេះ បានឡើ​ងកា​​រពារក្នុងសភាថា ច្បាប់នេះមានបំណងពង្រឹងនីតិរដ្ឋ ធានាពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិន​មែន​ធ្វើ​​ឡើង​ក្រោ​មសម្ពា​ធអន្តរ​​ជា​តិដូ​ចមជ្ឈដ្ឋានមួយចំនួនលើកឡើងនោះទេ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្នះ​បាន​អាសនៈសភា ៥៥​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ និង​ឈ្នះ​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ៥០០៧​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​កាល​ពីឆ្នាំ​២០១៧​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ជុំ​វិញ​ការ​ចោទ​ថា ពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ។

ជាង​នេះ​ទៅ ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ក៏​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ពួកគេ​ពុំ​អាច​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ​នោះ​ឡើយ។

ចំណាត់​ការ​ពី​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ជំរុញ​ឲ្យ​​សហរដ្ឋអាមេរិក ព្រមានពង្រីកទណ្ឌ​កម្មទិដ្ឋាការ​ និង​បង្ក​​ក​​​ទ្រព្យ​សម្ប​ត្តិដ​ល់​​ម​​ន្ត្រី​រដ្ឋាភិបាលមួយចំនួនបន្ថែមទៀត បើមិនបើកផ្លូវឲ្យគ​ណបក្សប្រឆាំងដែលបានរំ​លាយ​កាល​ពីចុ​ង​​ឆ្នាំ២០​១​៧ បានធ្វើន​យោ​បា​​យឡើងវិញ រួមទាំងមន្ត្រី ១១៨ទៀតដែលបានហាមឃាត់។

ចំណែក​ឯ​សហភាពអឺរ៉ុប​វិញ​បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជា​អំពី​ការ​ដំណើរការ​ដកហូត​ប្រព័ន្ធអនុ​គ្រោះពន្ធសម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​កម្ពុជា​ដោយ​រួច​ផុត​ពី​ការបង់​ពន្ធ​មាន​តម្លៃ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ