ប្រជាសហគមន៍នៅឃុំគូលែនជើង ស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ បង្ហាញក្ដីបារម្ភថា ព្រៃឈើក្នុងសហគមន៍របស់ពួកគេនឹងបាត់បង់ ក្រោយពីពួកគេចាប់បានឈើ ៩ដើម ដែលត្រូវបានក្រុមហ៊ុនដីសម្បទានមួយលួចកាប់។
គណៈកម្មការសហគមន៍ព្រៃឈើពោធិ៍មាស៤ នៅឃុំគូលែនខាងជើង ស្ថិតក្នុងស្រុកគូលែនព្រហ្មទេព លោក ផេង ផល ឱ្យដឹងថា ពួកគាត់បានទៅនាំគ្រឿងចក្រផ្ទុកឈើមូលចំនួន ៩ដើមនោះ ដែលចាប់បាននៅចំណុចសហគមន៍ភូមិពូរៀង មករក្សាទុកនៅក្នុងភូមិ កាលពីថ្ងៃម្សិលមិញនេះ។
លោកអះអាងថា សហគមន៍ស្គាល់ច្បាស់ គ្រឿងចក្រនោះ មកពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះ Blue Haven ដោយថាកន្លងមក សហគមន៍ធ្លាប់បានចាប់គ្រឿងចក្រនោះជាច្រើនសារណាស់មកហើយ។
លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំមានការព្រួយបារម្ភត្រង់ថា ព្រៃសហគមន៍ដែលគេដាក់ឱ្យការពារនេះ បើការពារមិនបាន ក៏កំហុសហ្នឹង នឹងធ្លាក់មកលើពួកខ្ញុំ គេបន្ទោសពួកខ្ញុំទៀត ព្រោះច្បាប់ថាឱ្យការពារហើយ បើសិនខ្ញុំការពារមិនបាន ខ្ញុំនឹងមានកំហុសទៀតហើយ»។
តំណាងសហគមន៍ភូមិគូលែនជើង ដែលបានតាមដានករណីនេះ លោក ឈួន សុខគីន មានប្រសាសន៍ថា ប្រជាសហគមន៍គ្រោងនឹងប្តឹងក្រុមហ៊ុន ដើម្បីឱ្យអាជ្ញាធរចាត់វិធានការតាមច្បាប់ ដោយថា ប្រសិនបើព្រៃសហគមន៍ត្រូវបានបាត់បង់ នឹងប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់។
លោកមានប្រសាសន៍ថា៖ «ប៉ះពាល់ខ្លាំងជីវភាពជាចម្បង ប៉ះពាល់ដូចថា ប្រជាពលរដ្ឋយើងពឹងដោយសារព្រៃឈើ ដូចជាបោចវល្លិ៍ ដូចជា ដងជ័រ ផ្កាអូគីដេ ដូចជា ផ្លែកន្ទួតព្រៃ ផ្លែស្រម៉ ផ្សិតអីជាដើម លែងដុះហើយ វាវាល»។
វីអូឌីពុំអាចស្វែងរកការបកស្រាយពីលោក ងែន ឡាំ ដែលពលរដ្ឋអះអាងថា ជាតំណាងក្រុមហ៊ុនកែច្នៃឈើនៅក្នុងក្រុមហ៊ុន Blue Haven បានទេនៅថ្ងៃនេះ។
មេឃុំគូលែនជើង លោក ឆេង អួយ ឱ្យដឹងថា វត្ថុតាងដែលពលរដ្ឋឃាត់ទុកមិនទាន់សម្រេចយកទៅខាងណានៅឡើយទេ ដោយថា វត្ថុតាងទាំងនោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកែច្នៃឈើមួយ ដែលស្ថិតនៅក្នុងតំបន់ដីសម្បទានក្រុមហ៊ុន Blue Haven ប៉ុន្តែ លោកមិនស្គាល់ឈ្មោះ។
លោកអះអាងថា កន្លងមកពលរដ្ឋពិតជាធ្លាប់ឃាត់គ្រឿងចក្រ និងវត្ថុតាងផ្សេងទៀតមែន ដោយថា សហគមន៍ថែមទាំងសម្របសម្រួលជាមួយខាងក្រុមហ៊ុនដើម្បីប្រគល់គ្រឿងចក្រឱ្យក្រុមហ៊ុនវិញ ជាថ្នូរទទួលយកប្រាក់មកធ្វើផ្លូវ ធ្វើសាលារៀនមួយចំនួននៅក្នុងឃុំទៀតផង។
លោកបន្ថែមថា៖ «មិនយល់ឃើញយ៉ាងណាទេ យល់ថា ឱ្យតែត្រឹមត្រូវតាមច្បាប់ គឺវាត្រឹមត្រូវហើយ វាការពារដីព្រៃរបស់សហគមន៍បាន ប៉ុន្តែ មិនដឹងថា នរណាជាអ្នកខុស នរណាអ្នកត្រូវទេ»។
អ្នកសម្របសម្រួលបណ្តាញកសាងសហគមន៍នៃអង្គការពន្លកខ្មែរប្រចាំខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថាបញ្ហាបទល្មើសព្រៃឈើនៅឃុំគូលែន នៅតែកើតឡើងជាបន្តបន្ទាប់ ដោយថា មកពីការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព។
លោក មានប្រសាសន៍ថា៖ «អាជ្ញាធរនៅមូលដ្ឋាន ឬក៏មន្ត្រីមានសមត្ថកិច្ចហ្នឹង យើងមើលជាកន្លងទៅ គឺតែងតែមានការយោគយល់ មានការលើកលែងអាធ្យាស្រ័យអីចឹងណា៎! វាមិនបានអនុវត្តច្បាប់មែនទែនទេ»។
អាជ្ញាធរបញ្ជាក់ថា ឃុំគូលែន មានព្រៃសហគមន៍ចំនួន៣ រួមមានព្រៃសហគមន៍ពូរៀង សហគមន៍ពោធិ៍មាស៤ និងព្រៃសហគមន៍ត្រពាំងវាយ ដែលមានទំហំជាង១ ម៉ឺនហិកតា ប៉ុន្តែសហគមន៍ទាំងនេះស្ថាប័នជំនាញ មិនទាន់ប្រគល់សិទ្ធិគ្រប់គ្រងទៅតាមច្បាប់នោះទេ៕