សមត្ថកិច្ចកម្ពុជា រកឃើញភ្លុកដំរីជាង១០០០ដុំ ទុកចោលក្នុងទូទំនិញនៅកំពង់ផែភ្នំពេញ

គណៈកម្មការចំរុះបានចុះត្រួតពិនិត្យទូដាក់ទំនិញ(Container) ដែលម្ចាស់ទុកចោលរាប់ឆ្នាំមកហើយ រកឃើញភ្លុកដំរីចំនួន១០២៦ដុំ ទម្ងន់ជាង៣តោន។ រូបភាព៖ ហ្វេសប៊ុក Khuth Sarindy

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរកឃើញភ្លុកដំរីជាង១ពាន់ដុំបានទុកចោលក្នុងទូទំនិញនៅកំពង់ផែស្វយ័តភ្នំពេញ

អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម ប្រាប់ VOD នៅរសៀលនេះថា គណៈកម្មការចំរុះបានចុះត្រួតពិនិត្យទូដាក់ទំនិញ(Container) ដែលម្ចាស់ទុកចោលរាប់ឆ្នាំមកហើយ រកឃើញភ្លុកដំរីចំនួន១០២៦ដុំ ទម្ងន់ជាង៣តោន។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាកររូបនេះ បន្តថា ម្ចាស់ទំនិញឬអ្នករត់ពន្ធទំនងជាដឹងខ្លួនថាសមត្ថកិច្ចរង់ចាំឬមានវិធានការ និងដោយទំនិញនេះទុកចោលយូរគ្មានការទាមទារទើបមានការបង្កើតគណៈកម្មការចំរុះរកឃើញបែបនេះ។

លោក គុណ ញឹម នៅមិនទាន់អាចប្រាប់បន្ថែមពីប្រភពទំនិញនេះថាមកពីណាបាននៅឡើយទេ ដោយថានៅរង់ចាំរបាយការណ៍លម្អិតពីក្រុមការងារ រួចហើយលោកនឹងបញ្ជូនសំណុំរឿងទៅតុលការចាត់ការតាមច្បាប់។

គួររលឹកថា កាលពីខែសីហា ឆ្នាំ២០១៦ មន្រ្តីគយកម្ពុជាប្រចាំច្រកទ្វារអន្តរជាតិក្រុងព្រះសីហនុចាប់បានភ្លុកដំរីជាង៦០០គីឡូក្រាមដែលនាំចូលមកពីទ្វីបអាហ្វ្រិច។ ខែធ្នូឆ្នាំ២០១៦ដដែល កម្លាំងសមត្ថកិច្ចចំរុះ បានចូលទៅឆែកឆេរនៅក្នុងក្រុមហ៊ុន “អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ” ដោយរកឃើញភ្លុកដំរីជាច្រើនរយគីឡូក្រាមព្រមទាំងស្រកាសត្វពង្រូលផងដែរគ្រោងនាំទៅចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ