​កម្ពុជា នឹង​​ចាត់​វិធានការ​ជនបរទេស​ធ្វើការខុសច្បាប់​ ក្រោយរកឃើញចិនជាង១ពាន់នាក់គ្មានបណ្ណ​ការងារ​

សមត្ថកិច្ចចុះត្រួតពិនិត្យការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិន ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅផ្លូវ២៧៣ និងផ្លូវV១-១៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

មន្ត្រីក្រសួងការងារ អះអាងថា នឹងចាត់វិធានការរាល់ជនបរទេសទាំងឡាយណាដែលអាជ្ញាធរ​កម្ពុជា​រកឃើញថាបានបំពេញការងារដោយខុសច្បាប់

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ឱ្យដឹងតាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃនេះ ថារាល់ជនបរទេសដែលធ្វើការងារដោយខុសច្បាប់ គឺត្រូវរងការផាកពិន័យជាប្រាក់ បន្ថែមលើទោសប្បញ្ញត្តិនៃច្បាប់ស្តីពីអន្តោប្រវេសន៍នៅកម្ពុជាទៀតផង។

កម្លាំងចម្រុះ មន្ត្រីមន្ទីរការងារខេត្ត ព្រមទាំងមន្ត្រីតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី៦ និងទី៧ ខែធ្នូ បានចុះធ្វើអធិការកិច្ចពិនិត្យការស្នាក់នៅ និងការប្រកបមុខរបររបស់ជនបរទេស នៅតាមសណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និងសហគ្រាសមួយចំនួន​។

​អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ូ សុខឿន មានប្រសាសន៍ថា ការចុះធ្វើអធិការកិច្ចនៅមិនទាន់បញ្ចប់ ហើយខាងលោកនៅមិនទាន់បានបូកសរុបរបាយការណ៍នោះទេ។ លោក បន្តថា ក្នុងអំឡុងពេលចុះពិនិត្យ អាជ្ញាធររកឃើញថា មានកាស៊ីណូមួយ ដែលមានជនជាតិចិនកំពុងបំពេញការងារខុសច្បាប់ជាង១ ពាន់នាក់ ដោយថា មិនមានបណ្ណ​និងគ្មានសៀវភៅការងារត្រឹមត្រូវ​។

លោកថា ពួកគេទាំងនោះ ត្រូវប្រឈមការផាកពិន័យ​ជាប្រាក់ក្នុងម្នាក់ចំនួន៥សែនរៀល និងតម្រូវឱ្យពួកគេទៅចុះបញ្ជីធ្វើបណ្ណ​និងសៀវភៅការងារឡើងវិញ។

លោក មានប្រសាសន៍ថា៖ «ក្នុងករណីដែលយើងឆែកទៅមិនមានបណ្ណនិងសៀវភៅការងារអីចឹង អាហ្នឹង! យើងឱ្យគាត់ទៅធ្វើបណ្ណការងារ។ ហើយក្នុងករណីលើកក្រោយយើងរកឃើញ ពិន័យម្តងហើយ គាត់នៅតែរឹងទទឹងចចេស អាហ្នឹង! ការពិន័យវាអាចទ្វេដង ហើយចុងក្រោយវាអាចបណ្តេញចេញអីចឹង។ បាទបណ្តេញចេញពីស្រុកខ្មែរហ្នឹងតែម្តង»។

អនុប្រធានមន្ទីរការងារដដែល បញ្ជាក់ថា នៅខេត្តស្វាយរៀងមានជនបរទេសកំពុងស្នាក់នៅ និងបំពេញការងារចំនួន២៦ជនជាតិ ប៉ុន្តែ លោកមិនដឹងចំនួនជនបរទេសសរុបទេ ដោយលោកគ្រាន់តែបញ្ជាក់ថាជនជាតិចិនមានចំនួនច្រើនជាងគេ។ លោកអះអាងថា គិតត្រឹមថ្ងៃម្សិលមិញ មន្ទីរការងារបាន​ផ្តល់បណ្ណនិងសៀវភៅការងារដល់ជនបរទេសចំនួនជាង១ម៉ឺននាក់(១១ ០៣១) ​។ ​

នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា ការចុះអធិការកិច្ចចំពោះជនបរទេស គប្បីធ្វើឡើងឱ្យបានទូលំទូលាយ ហើយធ្វើជាញឹកញាប់ មានតម្លាភាព និងគ្មានរើសអើងជនជាតិ។ លោកមើលឃើញថា នៅពេលកម្លាំងពលកម្មក្រៅស្រុកចូលមកច្រើន ម្យ៉ាងការគ្រប់គ្រងមិនបានត្រឹមត្រូវ នឹងបង្កផលប៉ះពាល់ដល់កម្លាំងពលកម្មម្ចាស់ស្រុកមិនខាន។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមើលទៅឃើញ ដូចជាមិនគួរពិចារណា អំពីកម្លាំងពលកម្មបរទេសទេ ព្រោះដូចខ្ញុំ​និយាយអីចឹង ថាកម្លាំងពលកម្មរបស់យើងកំពុងតែអត់ទាន់គ្រប់។ ចង់និយាយថា ស្រូបយកកម្លាំងពលកម្មរបស់យើង​អត់ទាន់គ្រប់ផង ហើយគ្នាទៅធ្វើការនៅថៃ នៅម៉ាឡេ នៅកូរ៉េខាងត្បូងអី ។ល។ អ្វីដែលរដ្ឋត្រូវពិចារណា​»។

លោក មឿន តុលា ថា ដើម្បីការងារគ្រប់គ្រងកម្លាំងពលកម្មបរទេសមានប្រសិទ្ធភាព អាជ្ញាធរគប្បីពង្រឹងការអនុវត្តច្បាប់ និងធានាមិនឱ្យមានអំពើពុករលួយ ដោយថាមន្ត្រីជំនាញ ពិសេសអាជ្ញាធរមូលដ្ឋានដឹងច្បាស់ពីស្ថានភាពជនបរទេសនៅកម្ពុជា។

របាយការណ៍បូកសរុបការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញកាលពីខែមីនា ឆ្នាំ២០១៨ ឱ្យដឹងថា កាលពីឆ្នាំ២០១៧ ក្រសួងការងារ ​បានផ្តល់បណ្ណ និងសៀវភៅការងារដល់កម្មករបរទេស ចំនួនជាង៥ម៉ឺននាក់(៥៦ ៩៧៥)។

របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញាកន្លងទៅ បានបង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន២១ម៉ឺននាក់  ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុ មានចំនួន​ ៧៨ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ