លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា លោកនឹងមិនអនុញ្ញាតឲ្យមានអាជីវកម្មរ៉ែទីតានីញ៉ូមនៅខេត្តកោះកុងនោះឡើយ ដោយថា ដើម្បីទប់ស្កាត់ការបំផ្លាញបរិស្ថាននៅក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។
លោក ហ៊ុន សែន បានអះអាងបែបនេះ អំឡុងពេលលោកថ្លែងបើកពិធីបុណ្យសមុទ្រលើកទី៧ ដែលត្រូវបានរៀបចំធ្វើឡើងនៅខេត្តកោះកុង កាលពីថ្ងៃម្សិលមិញនេះ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន បានរៀបរាប់ថា៖ «សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្ដេជ្ញាការពារមិនឲ្យធ្វើអាជីវកម្មរ៉ែទីតានីញ៉ូមទេ ព្រោះវានឹងបំផ្លាញព្រៃឈើអស់ជាង ២ម៉ឺនហិកតា ហើយនៅពេលកាយយករ៉ែ នោះវានឹងបំផ្លាញបរិស្ថាន ធ្វើឲ្យតឹកសសមុទ្រប្រែពណ៌តាមរយៈការបង្ហូរដីក្រហមចូលទៅក្នុងសមុទ្រដែលនាំឲ្យបាត់បង់សម្រស់ធម្មជាតិ»។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ រ៉ែទីតានីញ៉ូមតម្លៃប្រហែល ២២ពាន់លានដុល្លារ ត្រូវបានរកឃើញនៅស្រុកជីផាត់ ស្ថិតក្នុងខេត្តកោះកុង។
ក្រសួងទេសចរណ៍បានឲ្យដឹងបន្ថែមនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បែបនេះ បន្ទាប់ពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានស្នើគម្រោងវិនិយោគ និងធ្វើអាជីវកម្មរ៉ែទីតានីញ៉ូមនៅតំបន់មួយនេះ៕