លោក ​ហ៊ុន សែន ថា ​ចេរភាព​អគ្គិសនី​នឹង​ជួយ​ដល់​​កំណើន​សេដ្ឋកិច្ច​ជាតិ​

វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅភាគឦសានប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ជាគម្រោង «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ ដែល​ទើប​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃនេះ នឹង​ផ្ដល់​នូវ​ចិរភាព​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ប្រទេស ហើយ​ក៏​នឹងចូល​រួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ច្រើន​ផង​ដែរ​ ខណៈ​បណ្ដាញ​អគ្គិសនី​ត្រូវ​បាន​ចែក​ចាយ​ជិត​ ១០០​ភាគ​រយ​ហើយ​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ នៅ​ខេត្ត​ស្ទឹងត្រែង​នៅ​ព្រឹក​នេះ លោក​ ហ៊ុន សែន បាន​លើក​ឡើង​​ថា ​ទំនប់​ដែល​បាន​ផ្ដល់​ថាមពល​អគ្គិសនី​ជាង​ ៤០០មេហ្គាវ៉ាត់​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ចិរភាព​អគ្គិសនី​ ដែល​នឹង​ជួយ​ដល់​គោល​នយោបាយ​​បញ្ចុះ​តម្លៃ​អគ្គិសនី​របស់​រដ្ឋ​ផង​ដែរ។

លោក​ថា៖ «គេប្រើពាក្យថា ប្រសិនជាវារីអគ្គិសនីសេសានត្រូវបានធ្វើ នឹងធ្វើឲ្យប៉ះពាល់ផលត្រីរហូតដល់ ៧០ភាគរយ។  បានខ្ញុំបង្ហាញការភ្ញាក់ផ្អើល ក៏ប្រដៅទៅជាមួយ ត្រីវានៅក្នុងទន្លេសាប ដើម្បីឲ្យភ្លឺភ្នែក ត្រីវានៅក្នុងទន្លេសាប ត្រីនៅក្នុងទន្លេមេគង្គឯណោះ ហេតុអីបានត្រីវាចេះឡើងភ្នំ? ត្រីខ្មែរវាឆ្លាតណាស់ តែវាឆ្លាតតែនៅពេលដែលគេប្រឆាំងយើងតែប៉ុណ្ណោះ»

បើ​តាម​លោក​នាយករដ្ឋមន្ត្រី ​បច្ចុប្បន្ន​នេះ បណ្ដាញ​អគ្គិសនី​ ត្រូវ​បាន​ចែក​ចាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដល់​ទៅជាង ៨៦​​ភាគរយ​នៅ​ទូទាំង​ប្រទេស ពោល​គឺ​បាន​ចែក​ចាយ​ដល់​ភូមិ​ចំនួន ១២ ៣០៥​ នៅ​ក្នុង​ចំណោម​ភូមិ​សរុប ១៤ ៣៨៣។

ទោះ​ជា​យ៉ាង​ណា​ លោក​ក៏​បាន​ប្រកាស​ពី​គម្រោង​ចង់​ខ្ចី​លុយ​ចិន​បន្ថែម​ក្នុង​ការ​ត​បណ្ដាញ​អគ្គិសនី​នេះ​ឲ្យ​គ្រប់​នា​ឆ្នាំ​ខាង​មុខ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «អញ្ចឹងទេ សុំជម្រាបឯកឧត្ដមអគ្គរដ្ឋទូតថ្មីផងថា ទស្សនកិច្ចរបស់ខ្ញុំនាពេលខាងមុខ ការចរចាផ្ដោតទៅលើការស្មើសុំឥណទានយ៉ាងគំហុកមួយ ដើម្បីបណ្ដាញអគ្គិសនីសម្រាប់កម្ពុជា។ សុំជម្រាបទៅឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីន និងឯកឧត្ដមនាយករដ្ឋមន្ត្រី លី ឃឹជាំង»

អ្នក​វិភាគ​សេដ្ឋកិច្ច​លោក យ៉ង ប៉ាក់ យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្ត្រី តែ​អ្វី​ដែល​លោក​បារម្ភ​នោះ​ គឺ​ទៅ​លើ​ការ​ចែក​ចាយ និង​តម្លៃ​អគ្គិសនី​ដែល​កំណត់​ឲ្យ​ប្រើ​នោះ​​។

លោក​ថា៖ «ជាទូទៅ យើងឃើញកន្លងមកហើយ ការគ្រប់គ្រងប្រភពធនធានរបស់យើង គឺច្រើនតែគ្រប់គ្រងមិនមានប្រសិទ្ធភាពខ្ពស់ទេ។ មិនមែនតែអគ្គិសនីហ្នឹងទេ យើងឃើញហើយ មិនបាច់និយាយចំ មានកន្លែងផ្សេងៗទៀត ដូចជាការគ្រប់គ្រងការធ្វើផ្លូវថ្នល់អីនេះ យើងខ្ចីលុយមកពីគេអី យើងគ្រប់គ្រងមិនបានល្អ ធ្វើឲ្យការសាងសង់មិនមានគុណភាព ឆាប់ខូចឆាប់អីអញ្ចឹងទៅ។ ដូចគ្នាដែរ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងពង្រឹងការគ្រប់គ្រងកន្លែងដែលផលិតអគ្គិសនីហ្នឹងឲ្យបានល្អបំផុត ហើយចែកចាយឲ្យបានទូលំទូលាយសម្រាប់ការប្រើប្រាស់ក្នុងស្រុកយើង»

​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ គឺ​ជា​គម្រោង​វិនិយោគ​រួម​គ្នា​មាន​តម្លៃ​ជិត ៨០០​លាន​ដុល្លារ ដែល​កាន់​កាប់​ដោយ​​ក្រុមហ៊ុន​ រ៉ូយ៉ាល់ គ្រុប ៣៩​ភាគរយ កាន់​កាប់​ដោយ​​ក្រុមហ៊ុន​ចិន China Hydolancang International Energy ៥១​ភាគរយ និង​កាន់​កាប់ដោយ​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម​អន្តរជាតិ (EVN) ៥១​ភាគរយ នៅ​ក្រោម​សម្បទាន​រយៈ​ពេល ៤៥​ឆ្នាំ។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា​ បច្ចុប្បន្ន​ កម្ពុជា​ផលិត​ថាមពល​អគ្គិសនី​បាន​ប្រមាណ​ ២៥០០​មេហ្គាវ៉ាត់ ដែល​អាច​ផ្ដល់​ថាមពល​​ជាង ​៨០០០​គីឡូវ៉ាត់​ក្នុង ​១​ម៉ោង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ