ទូត​រុស្ស៊ី ​មិន​ព្រម​ចេញ​ទទួល​ញ្ញាត្តិ​ស្នើ​អន្តរាគមន៍​ដោះ​លែង​អ្នក​ផលិត​​​វីដេអូ​​ឯកសារ​ឲ្យ​ទូរទស្សន៍​ខ្លួន

ក្រុម​គ្រួសារ​លោក រ៉ាត់ រដ្ឋមុន្នី និង​សកម្មជន​សិទ្ធិ​មនុស្ស​ជាង​១០​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​រុស្ស៊ី ​ដើម្បី​ស្នើ​ដល់​ប្រទេស​នេះ​ធ្វើការ​សម្រប​សម្រួល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ដោះ​លែង​លោក​ឲ្យ​មាន​សេរីភាព​វិញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍

មន្ត្រី​ស្ថាន​ទូត​នៃ​សាធារណៈ​រដ្ឋ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​កម្ពុជា​ ពុំ​បាន​ចេញ​មក​ទទួល​ញត្តិ​សុំ​អន្តរាគមន៍​ដែល​ស្នើ​ប្រទេស​មហា​អំណាច​មួយ​នេះ​សម្រប​សម្រួល​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ដោះ​លែង​​លោក ​រ៉ាត់ រដ្ឋ​មុន្នី ដែល​សហការ​ផលិត​​ភាពយន្ត​ឯកសារ​ឲ្យ​សារព័ត៌មាន​រុស្ស៊ី​ RT រឿង « ​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ » ឲ្យ​មាន​សេរីភាព​​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ​សប្ដាហ៍​មុន​ ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា​ លោក រ៉ាត់ រដ្ឋ​មុន្នី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ញុះ​ញង់​ឲ្យ​មានការ​រើស​អើង តាម​មាត្រា​៤៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​គាត់​ត្រូវ​បាន​ប្រទេស​ថៃ​ចាប់​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ ក្រុម​គ្រួសារ​លោក រ៉ាត់ រដ្ឋមុន្នី និង​សកម្មជន​សិទ្ធិ​មនុស្ស​ជាង​១០​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​រុស្ស៊ី ​ដើម្បី​ស្នើ​ដល់​ប្រទេស​នេះ​ធ្វើការ​សម្រប​សម្រួល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ដោះ​លែង​លោក​ឲ្យ​មាន​សេរីភាព​វិញ។

ភរិយា​លោក ​រដ្ឋមុន្នី អ្នក​ស្រី ឡុង គឹមហ៊ាន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ មូល​ហេតុ​ដែល​អ្នក​ស្រី​ទាមទារ​ឲ្យប្រទេស​​រុស្ស៊ី​ជួយ​ប្តី​អ្នកស្រី​ឲ្យ​មាន​សេរីភាព ​ដោយ​សារ​តែ​ស្ថានីយ​ទូរទស្សន៍ RT ​ទទួល​ជំនួយ​ពី​រដ្ឋ​រុស្ស៊ី​ក្នុង​ការ​ផលិត​វីដេអូ​ដែល​រដ្ឋាភិបាល​កម្ពុជា​យក​មក​ចោទ​ប្ដី​របស់​អ្នក​ស្រី​នៅ​ពេល​នេះ។

អ្នក​ស្រី​ គឹម​ហ៊ាន៖ « ខ្ញុំ​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​រុស្ស៊ី​ធ្វើ​កិច្ចការ​របស់​គាត់​ជួយ​ដោះ​លែង​ប្ដី​ខ្ញុំ ​ព្រោះ​គេ​ចោទ​ប្រកាន់​ដោយ​សារ​តែ​គាត់​ជាប់​ទាក់ទង​នឹង​ការ​ផលិត​ភាព​យន្ត​ឯកសារ​ទាក់ទង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជាជា​មួយ​នឹង​កាសែត​រុស្ស៊ី។ ដូច្នេះ​ហើយ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី ធ្វើ​ការ​ជា​មួយ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ប្ដី​ខ្ញុំ​វិញ​ភ្លាម! ព្រោះ​ដោយសារ​តែ​ប្ដី​របស់​ខ្ញុំ​អត់​មាន​ខុស​ទេ ប្ដី​របស់​ខ្ញុំ​អត់​បាន​ប្រឌិត​ទេ។ រឿង​ដែល​បាន​ផលិត​ដោយ RT មិន​មែន​ជា​រឿង​ប្រឌិត​ហើយ​មិន​បាន​ជួល​តួ​ឲ្យ​មក​សម្ដែង​អី​ទេ! »

ក្នុង​ញត្តិ​ដែល​នឹង​ដាក់​ស្នើ​ទៅ​ស្ថានទូត​រុស្ស៊ី​នោះ​ក្រុម​គ្រួសារ​លោក រ៉ាត់ រដ្ឋមុន្នី បាន​ទាម​ទារ​ឲ្យ​ប្រទេស​នេះ​ប្រកាស​ជំហរ​ចំពោះ​ភាព​ត្រឹមត្រូវ​នៃ​​ភាពយន្ត​ឯកសារ​នេះ និង​ធ្វើការ​ជាមួយ​ក្រសួង​ការបរទេស​កម្ពុជា​ក្នុង​ការ​ដោះ​លែង​លោក រដ្ឋមុន្នី ជា​បន្ទាន់​ផង​ដែរ។

​មន្ត្រី​ជំនួយ​ការ​កិច្ច​សហការ​កម្ពុជា-រស្ស៊ី​ លោក ម៉ា ស៊ីថាវ បាន​ឲ្យ ​VOD ដឹង​ថា​ ការ​ចេញ​មក​ទទួល​ ឬ​មិន​មក​គឺ​ជា​អភ័យ​ឯក​សិទ្ធិ​របស់​ប្រទេស​នេះ​ តែ​លោក​បាន​សន្យា​ជា​មួយ​ក្រុម​គ្រួសារ​លោក​ រដ្ឋ​មុន្នី​ ថា​នឹង​យក​រឿង​នេះ​ពិភាក្សា​ជា​មួយ​ស្ថានទូត​ក្នុង​កិច្ច​ប្រជុំ​រវាង​ក្រុម​ការងារ​លោកនិង​ស្ថានទូត​នា​ពេល​ខាង​មុខ​។

លោកថា៖ « ខ្ញុំ​គ្រាន់​តែ​ជួយ​សួរ​យោបល់​គេ​(រុស្ស៊ី)​ក្នុង​រឿង​ហ្នឹង ហើយ​គេ​ប្រាកដ​ជា​សួរ​យើង​ឲ្យ​យើង​ដោះស្រាយ​ដែរ ខ្ញុំ​គ្រាន់​តែ​មក​ស្ដាប់​ព័ត៌មាន​ទេ​ថា​រឿង​ពិត​ប្រាកដ​យ៉ាង​ម៉េ​ច​អី​យ៉ាង​ម៉េច » ។

កាល​ពី​ខែ​តុលា​កន្លង​ទៅ​ សារព័ត៌មាន​រុស្ស៊ី​ Russia Today (RT) បាន​ចេញ​ផ្សាយ​នូវ​ភាពយន្ត​ឯកសារ​មួយ​ដែល​មាន​ចំណង​ជើង​ថា «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ដែល​វីដេអូ​ឯកសារ​នេះ និយាយ​អំពី​ស្រ្តី​ខ្មែរ​លក់​កូន​ស្រី​ខ្លួន​ឯង ដោយសារ​ជីវភាព​ខ្វះខាត ក៏ដូចជា​ស្ថានភាព​ស្រ្តី​ដែល​​ប្រកប​មុខរបររកស៊ី​​ផ្លូវ​ភេទ​នៅ​កម្ពុជា។

ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ សមត្ថកិច្ច​កម្ពុជា​បក​ស្រាយ​ថា វីដេអូ​នេះ ជា​រឿង​ប្រឌិត​ឡើង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ដល់​ប្រទេស​កម្ពុជា​ ហើយ​ក្រោយ​មក​បាន​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ផលិត​វីដេអូ​នេះ ​ដែល​ឈាន​ដល់​ការ​ចាប់​នឹង​ឃុំ​ខ្លួន​លោក រ៉ាត់ រដ្ឋ​មុន្នី​ កាល​ពី​សប្ដាហ៍​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ