ភរិយាលោក រ៉ាត់ រត្នមុនី អំពាវនាវឲ្យមហាជនចូលរួមតវ៉ាដោះលែង​ប្ដី​អ្នក​ស្រី

ក្រុម​គ្រួសារ​លោក រ៉ាត់ រដ្ឋមុន្នី និង​សកម្មជន​សិទ្ធិ​មនុស្ស​ជាង​១០​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​រុស្ស៊ី ​ដើម្បី​ស្នើ​ដល់​ប្រទេស​នេះ​ធ្វើការ​សម្រប​សម្រួល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ដោះ​លែង​លោក​ឲ្យ​មាន​សេរីភាព​វិញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍

​​ភរិយា​របស់​​លោក ​រ៉ាត់ រត្នមុនី បាន​អំពាវនាវ​ទៅ​កាន់​សាធារណជន​ឲ្យចូលរួម​ទាម​ទារ​ដល់​រដ្ឋាភិបាល​ ដើម្បី​ដោះ​លែង​ប្តី​ខ្លួន​ឲ្យ​មាន​សេរីភាព​វិញ ដោយ​​ថា ​ការ​ចោទ​ប្រកាន់និង​ឃុំ​ខ្លួន​ប្ដី​អ្នកស្រី​គឺ​អយុត្តិធម៌​។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​សប្ដាហ៍​មុន​ ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា​និងជាផលិតករទូរទស្សន៍រុស្ស៊ី RT លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ថា ញុះញង់​ឲ្យ​មានការ​រើស​អើង តាម​មាត្រា​៤៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សបន្ទាប់​ពី​គាត់​ត្រូវ​បាន​ប្រទេស​ថៃ​ចាប់​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ។

ភរិយា​របស់​លោក​គឺ​អ្នកស្រី ឡុង គឹមហ៊ាង មាន​ប្រសាសន៍​ប្រាប់ ​VOD នៅថ្ងៃនេះ​ ដោយ​អំពាវនាវ​ដល់​អ្នក​ដែល​ស្គាល់​អ្នកស្រីនិង​ប្តី​អ្នក​ស្រី រួម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​អស់​ដែល​យល់​ថា​រឿង​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»​ ជា​រឿង​ពិត​​​និយាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​ខ្មែរ​ ​ចូល​រួម​​​ទាមទារ​ឲ្យ​ប្ដី​អ្នក​ស្រី​មាន​សេរីភាព​ឡើង​វិញ​។

អ្នក​ស្រី ឡុង គឹមហ៊ាង៖ « តាម​រយៈ​ការ​ចែករំលែក​តាម​បណ្ដាញ​សង្គម​ហ្វេសបុកតាមរយៈ​ការ​គាំទ្រ​នាង​ខ្ញុំ​ ឬ​ចូល​រួម​សកម្មភាព​ជា​មួយ​នាង​ខ្ញុំ ឬ​ក៏​តាម​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ​ដែល​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ហ្នឹង! គ្រប់​គ្នា​គ្រាន់​តែ​និយាយ​ថា​ការ​ចាប់​ខ្លួន​ប្ដី​ខ្ញុំ​វា​មិន​ត្រឹមត្រូវហើយ​ប្រាប់​គ្នា​តៗ​គ្នា​ហ្នឹង​ក៏​ជា​ការ​ជួយ​ប្ដី​ខ្ញុំ​ដែរ »

អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​លោក ឆាយ គឹមខឿន មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី​ចំពោះ​ការ​មិន​ពេញ​ចិត្ត​លើ​រឿង​អ្វី​មួយ ​តែ​លោក​ព្រមាន​ថា ​វិធាន​ការ​នឹង​មាន ​ប្រសិន​ជា​ការ​តវ៉ា​នោះ​ធ្វើ​ឡើង​ទៅ​ហួស​ច្បាប់​កំណត់។

លោកថា៖ « សិទ្ធិ​សេរីភាព​របស់​គាត់​គឺ​មាន​ស្រប​ច្បាប់គាត់​ធ្វើ​អី​ធ្វើ​ទៅ​! ឲ្យ​តែ​ស្រប​ច្បាប់។ ហើយ​ឲ្យ​តែ​ថា​ជាប់​គុក មិន​ទាន់​នឹង​កាត់​ផង ​គ្រាន់​តែ​ស្ថិត​ក្នុង​នីតិវិធី​បែរ​ជា​មក​ទាម​ទារ​ដោះ​លែង​ មិន​ដឹង​ថា​ច្បាប់​ហ្នឹង​ទៅ​ណា​ទេ​!បន្តិច​ទៀត​ខ្មែរ​ក្រហម​វា​ប្រមូល​មនុស្ស​មក​ឲ្យ​ដោះ​លែង​ ខៀវ សំផន​ អី​បាន​ទៀត​ហើយ។ ឥឡូវ​គេ​កំពុង​អនុវត្ត​នីតិវិធី​ច្បាប់​ គាត់​មាន​សិទ្ធិ​របស់​គាត់​ៗ​ធ្វើ​ម៉េចច​ធ្វើ​ទៅ​ឲ្យ​តែ​ស្រប​ច្បាប់​ តែ​បើ​គាត់​ធ្វើ​បំពាន​ច្បាប់​ រឿង​ហ្នឹង​គេ​គិត​ផ្សេង​ទៀត »

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក​លោក សឹង សែន​ករុណា យល់​ថា ​រដ្ឋាភិបាល​គួរ​តែ​ស្នើ​សុំ​ឲ្យ ​RT និង​អ្នក​ពាក់​ព័ន្ធ​រឿង​នេះ​មក​បក​ស្រាយ ជាជាង​ចាប់​ជន​ជាតិ​ខ្លួន​ឯង​ដែល​ត្រឹម​ជា​អ្នក​សម្រប​សម្រួល​ឲ្យ​សារ​ព័ត៌មាន​អន្តរជាតិ​មួយ​នេះ​។

លោកថា៖ « អ្នក​សារព័ត៌មាន​យើង​កាល​ណា​ឃើញ​អ្នក​សារព័ត៌មាន​បរទេស​មាន​ទំនាក់​ទំនង​ជា​មួយ​រដ្ឋាភិបាល​អញ្ចឹង​ យើងយល់​ថា​ គេ​គឺ​ជា​ស្ថាប័ន​ព័ត៌មាន​មួយ​ដែល​មក​ធ្វើ​កិច្ច​ការ​ក្នុង​ប្រទេស​យើង​ស្រប​ច្បាប់​។ ហើយ​អញ្ចឹង​ យើង​គ្រាន់​តែ​ធ្វើ​កិច្ចការ​គ្រាន់​ជា​អ្នក​សម្របសម្រួល​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​គាត់​គ្រាន់​តែ​សម្រប​សម្រួល​ឲ្យ​ជួប​នឹង​ប្រភពបក​ប្រែ​បក​អី​តែ​ប៉ុន​ហ្នឹង​ទេ! បើ​យើង​មើល​ទៅ​គាត់​អត់​មាន​សិទ្ធិ​អី​ចេញ​ផ្សាយ​ព័ត៌មាន​អញ្ចឹង​ទេ​។ ហើយ​គួរ​ណាស់​តែ​ខាង​រដ្ឋាភិបាល​មិន​គួរ​ចោទ​ប្រកាន់​ជនជាតិ​ខ្មែរ​គ្នា​ឯង​អញ្ចឹង​ គួរ​តែ​រក​មើល​ថា​អ្នក​ណា​ជា​អ្នក​ធ្វើ​រឿង​ហ្នឹង​ដែល​ចេញ​ផ្សាយ​រឿង​ហ្នឹង! »

អ្នកស្រី ឡុង គឹមហ៊ាង សរសេរលើហ្វេសប៊ុកថា ថ្ងៃនេះមន្ត្រីពន្ធនាគារព្រៃសមិនអនុញ្ញាតឲ្យអ្នកស្រី និងក្រុមគ្រួសារ ចូលជួបលោក រ៉ាត់ រត្នមុនី ទេ។ អ្នកស្រីបារម្ភថា ស្វាមីអ្នកស្រីរងការធ្វើទារុណកម្ម។​

កាល​ពី​ខែ​តុលា​កន្លង​ទៅ​ទូរទស្សន៍រុស្ស៊ី​ (Russia Today (RT) បាន​ចេញ​ផ្សាយ​នូវ​ភាពយន្ត​ឯកសារ​មួយ​ដែល​មាន​ចំណង​ជើង​ថា «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ដែល​វីដេអូ​ឯកសារ​នេះ និយាយ​អំពី​ស្រ្តី​ខ្មែរ​លក់​កូន​ស្រី​ខ្លួន​ឯងដោយសារ​ជីវភាព​ខ្វះខាត ក៏ដូចជា​ស្ថានភាព​ស្រ្តី​ដែល​​ប្រកប​មុខរបររកស៊ី​​ផ្លូវ​ភេទ​នៅ​កម្ពុជា។

ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ សមត្ថកិច្ច​កម្ពុជា​បក​ស្រាយ​ថា វីដេអូ​នេះ ជា​រឿង​ប្រឌិត​ឡើង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ដល់​ប្រទេស​កម្ពុជា​ ហើយ​ក្រោយ​មក​បាន​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ផលិត​វីដេអូ​នេះ ​ដែល​ឈាន​ដល់​ការ​ចាប់​នឹង​ឃុំ​ខ្លួន​លោក រ៉ាត់ រត្នមុនី​ កាល​ពី​សប្ដាហ៍​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ