អ្នក​នាំ​ចេញ​អង្ករថា ​បញ្ហា​ការ​បញ្ជា​ទិញ​ពី​ចិននិង​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ ជំរុញ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​បន្ត​ធ្លាក់​ចុះ

អង្ករ សែនពិដោរ

ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ​ទៀត​នៅ​ក្នុង​រយៈ​ពេល១១​ខែ ហើយ​ភាគី​ក្នុង​ឧស្សាហកម្ម​មួយ​នេះ បាន​បន្ទោស​ទៅ​លើ​តម្លៃ​ចំណាយដឹក​ជញ្ជូន​ខ្ពស់និង​ការ​ធ្លាក់​ចុះ​ទំហំ​នៃ​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន។

យោង​តាម​របាយការណ៍​​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​ប្រចាំ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​នេះ ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​១១​ខែ​កន្លង​មក​នេះ​ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​បរទេស​បាន​ប្រមាណ៤៩ម៉ឺន​តោន ថយ​ចុះ​ ១៣.១០ភាគរយ ​បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ទំហំ​នៃការ​នាំ​ចេញ​អង្ករ​កម្ពុជា​ថយ​ចុះ​បែប​នេះ ត្រូវ​បាន​ប្រធាន​ក្រុម​ហ៊ុន​នាំចេញ​អង្ករ ​Amru Rice លោក សុង សារ៉ន លើក​ឡើង​ថា ​ដោយ​សារ​ការ​ចំណាយ​លើ​ថ្លៃ​ដឹក​ជញ្ជូន​ខ្ពស់ ការ​ថយ​ចុះ​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន ហើយ​កសិករ​កម្ពុជា​នាំ​គ្នា​ផលិត​អង្ករ​ក្រអូប​ច្រើន​ ដែល​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ដែល​នាំ​ទៅ​លក់ មាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​​អង្ករ​របស់​ប្រទេស​ដទៃ។

លោក​ថា៖ «យើងនឹងព្យាយាមដោះស្រាយកុំឲ្យវាមាន​ឱកាសកើតឡើងដូចអញ្ចឹងៗទៀត។ វាអាចធ្វើឲ្យល្អប្រសើរនាឆ្នាំ២០១៩ហ្នឹង! សង្ឃឹមថា ខាងរទេះភ្លើង ក៏គាត់ដោះស្រាយទៅ ខាងក្រុមហ៊នដឹកជញ្ជូនផ្សេងៗ ខាងផែ ស្ថាប័នដែលពាក់ព័ន្ធទាំងមូលហ្នឹងគាត់ ដោះមួយផ្នែកដែលមានបញ្ហាហ្នឹងទៅ។ វាល្អប្រសើរច្រើនហើយនាឆ្នាំ២០១៩ហ្នឹងណា»

ប៉ុន្តែ របាយការណ៍​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ទំហំ​នៃការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជាបាន​កើន​ឡើង​ពី​ចំនួន ៤​ម៉ឺន ៥​ពាន់​តោន​ នៅ​ខែ​តុលា មក​ដល់​ចំនួន​ជាង ៦​ម៉ឺន ២​ពាន់​តោន​ នៅ​ក្នុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ។

​អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ដោយ​​៧០​ក្រុម​ហ៊ុន ទៅ​កាន់​ប្រទេស​៦០​ នៅ​ទូ​ទាំង​ពិភព​លោក ក្នុង​នោះ​ប្រទេស​ចិន​ បារាំង ប៉ូឡូញ ម៉ាឡេស៊ី និង​បង់ក្លាដេស ​ទទួល​ទិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ។

ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​ កម្ពុជា​សម្រេច​នាំ​អង្ករ​ចេញ​បាន ៦៣,៥ ម៉ឺន​តោន កើនឡើង ១៧,៣​ភាគរយ បើ​ធៀប​នឹង​ទំហំ​នាំ​ចេញ ៥៤​ម៉ឺន​តោន ​នៅ​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ