IFC វិនិយោគ ២០លានដុល្លារជាមួយ​ហត្ថាកសិករ​ ដើម្បី​ជំរុញ​ការ​ប្រើ​​ប្រាក់​រៀលនិង​អាជីវកម្ម​ធុន​តូច​

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ហត្ថា​កសិករ

ធនាគារ​ពិភព​លោកបាន​សម្រេច​បោះ​ទុន​វិនិយោគ ២០​លាន​ដុល្លារ​ទៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ហត្ថា​កសិករ ដោយ​ថា ដើម្បី​ជួយ​ដល់​អាជីវកម្ម​ធុន​តូច​នៅ​កម្ពុជា។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ IFC។

សេចក្តីប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី១៧ ខែ​ធ្នូ​ របស់IFC ដែ​លជា​សមាជិក​មួយ​របស់​ធនាគារ​ពិភព​លោក ដែល VOD ទទួលបាននៅថ្ងៃនេះ ឲ្យដឹងថា IFC បាន​សម្រេច​បោះ​ទុន​វិនិយោគ​បែប​នេះ​ជាមួយ​ហត្ថា​កសិករ បន្ទាប់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​លំដាប់​ទី​៣​​នៅ​កម្ពុជា​មួយ​នេះ បាន​ចុះ​បញ្ជី​លក់​ប័ណ្ណភាគ​ហ៊ុន​នៅ​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ​កន្លង​មក​ថ្មីៗ​នេះ។

​នាយកគ្រប់គ្រង IFC ទទួលបន្ទុកប្រទេសកម្ពុជា ឡាវ និងវៀតណាម លោក KyleKelhofer បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា IFC និង​ភាគី​ពាក់​ព័ន្ធ​ដទៃ​ទៀត នឹង​ជួយ​គាំ​ទ្រ​ដល់​ទីផ្សារ​មូលធន​បំណុល​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ និង​វិបុលភាព​រួម។

លោក Kyle Kelhofer ថ្លែង​ថា៖ «សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានក្តីសោមនស្ស​ដោយបានចូលរួមជាវិនិយោគិនគាំទ្រលើការបោះលក់នេះ ហើយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនឹងបន្តធ្វើការជាមួយអ្នកពាក់ព័ន្ធ​សំខាន់ៗ និងអ្នកចូលរួមក្នុងទីផ្សារនានា ដើម្បីបង្កើតផ្សារមូលធនបំណុលនៅកម្ពុជា ដោយជួយកៀរគរមូលនិធិដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងវិបុលភាពរួម»

ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លោក ហួត អៀងតុង ប្រាប់ VOD បន្ថែមនៅថ្ងៃ​នេះថា ហត្ថាកសិករនឹងជំរុញការប្រើប្រាស់ប្រាក់រៀល ដំណើរការយន្តការហិរញ្ញវត្ថុនៅកម្ពុជា និងពង្រីកអាជីវកម្ម។

លោក ហួត អៀងតុង មានប្រសាសន៍ថា៖ «ទីមួយ យើងចង់ជម្រុញការប្រើប្រាស់ប្រាក់រៀលទីពីរ យើងក៏ចង់ធ្វើយន្តការ ឬមួយឧបករណ៍ហិរញ្ញវត្ថុដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងឲ្យវាមានដំណើរការ ហើយគោលបំណងទីបី គឺយើងបានថវិកាវិនិយោគទាំងអស់ហ្នឹងមក យកមកពង្រីកអាជីវកម្មរបស់ហត្ថកសិករ ដោយសារតែយើងផ្តល់កម្ចីជាប្រាក់រៀលទៅអាជីវករ កសិករជាស្ត្រីជាបុរសនៅតាមជនបទទាំងអស់ ដែលហត្ថាកសិករយើងកំពុងធ្វើការផ្តល់សេវាកម្មហ្នឹង!»

អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោក ប៊ុន មុនី ថ្លែងប្រាប់ VOD នៅព្រឹកនេះដែរថា នេះជាសញ្ញា​ល្អ​សម្រាប​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ហើយ​បានគាំទ្រដល់សេដ្ឋកិច្ចខ្មែរ។

លោក ប៊ុន មុនី មានប្រសាសន៍ថា៖ «ខ្ញុំគិតថាជាសញ្ញាល្អមួយដែល IFC គេចាប់អារម្មណ៍ ហើយគាំទ្រលើទីផ្សារមូលប័ត្រកម្ពុជាហ្នឹង ហើយជាពិសេស ការបោះមូលប័ត្រជាប្រាក់រៀល ហើយគាត់គាំទ្រហ្នឹងមានន័យថា គាត់យល់ព្រមទិញមូលប័ត្រហ្នឹង! ហើយជួយគាំទ្រហ្នឹង ក៏ដូចជាជួយ​គាំទ្រវិស័យប្រាក់រៀលខ្មែរយើងដែរ ដើម្បីឲ្យ​ហត្ថា[កសិករ]មានលុយប្រាក់រៀលយកទៅផ្តល់កម្ចីឲ្យអតិថិជនរបស់ខ្លួនហ្នឹងជាប្រាក់រៀលដែរ។ ហើយខ្ញុំគិតថា ជាសកម្មភាពសេដ្ឋកិច្ចមួយល្អដែល IFC គាំទ្រណា៎!»

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ខាង​លើស្ថាប័ន​ហិរញ្ញវត្ថុ IFC បាន​សម្រេច​ទិញ​សញ្ញាប័ណ្ណ​ភាគ​ហ៊ុន៨​សែន​សន្លឹក​ពី​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ហត្ថាកសិករ ដែល​មាន​តម្លៃ​ប្រហែល២០​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ