ស្លាប់៤ ​របួស​១១​នាក់​ ក្រោយ​រថយន្ត​ដឹក​ក្រុម​តន្ត្រី​មួយ​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​កោះកុង

ក្រុម​មន្ត្រី​នគរបាល និង​ជន​ស៊ីវិល សែង​ជន​រង​គ្រោះ​ចេញ​ពី​ជ្រលង​ភ្នំ ក្រោយ​ពី​រថយន្ត​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ឯ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨។ រូបថត៖ ហ្វេសប៊ុក​នគរបាល​ខេត្ត​កោះកុង

យ៉ាង​ហោច​ណាស់​មនុស្ស ៤​នាក់ បាន​ស្លាប់ ហើយ ១១​នាក់​ទៀតបាន​រង​របួស ក្រោយ​ពី​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​ក្រុមតន្ត្រីករ​​ខេត្ត​កំពង់ស្ពឺ បាន​ក្រឡាប់​ធ្លាក់​ចូល​ជ្រលង​ភ្នំ​នៅ​ឯ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង នៅ​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​នគរបាល​ជាតិ។

គេហទំព័រ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា រថយន្ត​កូរ៉េ​មួយ​គ្រឿង បាន​ក្រឡាប់​ដោយ​ខ្លួន​ឯង​អំឡុង​ពេល​បើកបរ​ចុះ​ចំណោត​នៅ​ភូមិ​ជីមាល ស្ថិត​ក្នុង​ឃុំ​អណ្ដូងទឹក ដោយ​បណ្ដាល​ឲ្យ​​មនុស្ស ៤​នាក់​ស្លាប់ ​ហើយ​មនុស្ស ១១​​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ។

បើ​តាម​គេហទំព័រ​នគរបាល​ជាតិ រថយន្ត​មួយ​គ្រឿង​នោះ​ផ្ទុក​ទៅ​ដោយ​ក្រុម​តន្ត្រី​ករ និង​សិល្បករ​ ដែល​ធ្វើដំណើរ​ពី​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ទៅ​ប្រគុំ​តន្ត្រី​ក្នុង​ពិធី​មង្គលការ​របស់​ពលរដ្ឋ​នៅ​ឯ​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង។

រូបថត​នៅ​លើគេហទំព័រ​នគរបាល​ជាតិ បាន​បង្ហាញ​នូវ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ក្រឡាប់​ជើង​ឡើង​លើ មន្ត្រី​នគរបាល និង​ពលរដ្ឋ​លើក​ជន​រង​គ្រោះ​ចេញ​ពី​កន្លែង​កើត​ហេតុ។

​នគរបាល​ខេត្ត​កោះកុង បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​អ្នក​បើកបរ​មិន​ស្គាល់​ភូមិសាស្ត្រ ហើយ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ជាប់។

​របាយការណ៍​នគរបាល​ចរាចរណ៍​ផ្លូវ បាន​ឲ្យ​ដឹង​ថា មនុស្ស ៣​នាក់​ផ្សេង​ទៀត បាន​ស្លាប់ ហើយ ១៤​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស នៅ​ចន្លោះ​ម៉ោង ២​រសៀល​ថ្ងៃ​ម្សិល​មិញ​ដល់​ម៉ោង ២​រសៀល​ថ្ងៃ​នេះ។

របាយការណ៍​នេះ​ក៏​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ដល់​ទៅ ៩៧​នាក់​ហើយ ត្រូវ​បាន​សម្លាប់​ ហើយ ២៩៣​នាក​់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​គ្រោះ​ ២១៦​លើក​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​នេះ។

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​បាន​សម្លាប់​មនុស្ស ១​៧៨០​នាក់ និង​បណ្ដាល​ឲ្យ​របួស​ជាង ៥៥០០​នាក់ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ