អ្នក​ជំនាញ​​​បង្ហាញ​ក្ដី​បារម្ភ​​​ក្រោយ​ទំហំ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ

ការដ្ឋានសំណង់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

របាយការណ៍​ក្រសួង​ដែន​ដី​ បាន​បង្ហាញ​ថា ទំហំ​នៃ​ការ​វិនិយោគ និង​សំណើ​គម្រោង​សាង​សង់​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​ជិត ២០​ភាគរយ បើធៀប​ទៅ​នឹង​តួលេខ​កាល​ពី​ឆ្នាំ​មុន។

សេចក្ដីព្រាង​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ ដែល​VOD ទទួល​បាន​ពី​ក្រសួង​ដែន​ដី បាន​ឲ្យ​ដឹង​ថា សំណើ​សាង​សង់​​​ទូទាំង​ប្រទេស​ដែល​បាន​មក​សុំ​ការ​អនុញ្ញាត​​មាន​ចំនួន ២ ៨៦៧​គម្រោង​ដែល​មាន​ផ្ទៃ​ក្រឡា​ចំនួន ១១ ៤២៧ ១៩០ ម៉ែត្រការ៉េ និង​​មាន​តម្លៃ​ប្រមាណ​ជាង ​៥ពាន់លានដុល្លារអាមេរិក។

 របាយការណ៍​នេះ បង្ហាញ​ថា ទំហំនៃ​ការ​វិនិយោគ និង​សំណើ​គម្រោង​សាង​សង់ បាន​ធ្លាក់​ចុះ​​ ១៨.៦៦ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ជាង ​៣ពាន់​គម្រោង​ និង​មាន​ទំហំ​ទុន​​វិនិយោគ​ប្រមាណ ៦ ៤០០លានដុល្លារអាមេរិក។

VOD មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ដែន​ដី​លោក សេង ឡូត ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​កម្ពុជា​ឆ្នាំ​២០១៨​ ថយ​ចុះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​នេះ។

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Amatak និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ អ្នកស្រី តាំង ហួរ បាន​លើក​ឡើង​ថា​ការ​ថយ​ចុះ​នៃ​គម្រោង​សាងសង់​​នេះ​ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សំណង់​នៅ​កម្ពុជា​នោះ​ទេ ដោយ​ថា​ អ្នក​ទិញ​នៅ​តែ​មាន ហើយ​​តម្លៃ​ទី​ផ្សារនៅ​តែ​មាន​កំណើន ខណៈ​គម្រោង​មុនៗ​មិន​ទាន់​ចប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​​មិន​ទាន់​ស្នើ​សុំ​គម្រោង​សាងសង់​ថ្មី។

​អ្នក​ស្រី​ថា៖ «វាធ្លាក់ចុះតែក្នុងការសុំច្បាប់សាងសង់ តែចំនួនអគារដែលបានសាងសង់ហើយ នៅតែឃើញឡើងលូតលាស់ ព្រោះថា អគារមួយដែលត្រូវសាងសង់ វាត្រូវការពេលយ៉ាងហោចណាស់ ទៅ ឆ្នាំ។ អញ្ចឹងហើយ អ្នកដែលសាងសង់ជំនាន់ ១ ទៅ ឆ្នាំមុន វានៅតែកំពុងសាងសង់នៅឡើយ។ អញ្ចឹងការសុំច្បាប់សាងសង់ វារាងថយបន្តិច តែទីផ្សារយើងនៅតែមានសម្បូរភ្ញៀវចិនណាប្អូន។ អញ្ចឹង ខ្ញុំគិតថា វានៅតែតម្រូវការទៅមុខទៀត វានៅតែមាន តែចំនួនតិច ច្រើនវាអត់ច្បាស់ទេប្អូន»

អ្នក​វិភាគ​សេដ្ឋកិច្ច ​លោក ង៉ែត ជូ យល់ថា ​ការ​ថយ​ចុះ​នៃ​គម្រោង​សំណង់​នៅ​កម្ពុជា​នេះ​ បណ្ដាល​មក​ពី​បញ្ហា​នយោបាយ​ក្នុង​ស្រុក​នា​ឆ្នាំ​នេះ និង​ការ​កើន​ឡើង​ខ្ពស់​នៃ​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៧​ ខណៈ​លោក​បារម្ភ​ពី​មិន​រីក​លូត​លាស់​នា​វិស័យ​នា​ឆ្នាំ​បន្ទាប់​។

លោក​ ង៉ែត ជូ ប្រាប់ថា៖ «ជា​ធម្មតា​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នេះ​ លក្ខណៈ​ធម្មជាតិ​របស់​វា ​អាច​ថា​ ៤​ ទៅ​ ១០​ឆ្នាំ ​វា​មាន​វិបត្តិ​ម្ដង ពី​២០០៧ ដល់​២០១៧ និង​២០១៨​អី​អញ្ចឹង​អាច​ថា ​ទៅ​មុខ​ទៀត ​យើង​ហៅថា​ វិបត្តិ ​ក៏​ប៉ុន្តែ ​សម្រាប់​ខ្ញុំ​ ខ្ញុំ​​គិត​ថា ​វា​ដូចជា​ការ​សម្រាក​ម្ដង​អញ្ចឹង​ណា! មិន​មាន​វិបត្តិ​អី​ធ្ងន់ធ្ងរ​ទេ គ្រាន់​តែ​ថា ​ជា​ទូ​ទៅ​សម្រាប់​ Sector ទាំង​មូល​ ខ្ញុំ​គិត​ថា សម្រាក​មួយ​រយៈ​អី​ទៅ​ ហើយ​ចាប់​ពី​ហ្នឹង ​២ ​ទៅ ​៣​ឆ្នាំ​ទៅ​មុខ​ទៀត ​ខ្ញុំ​គិត​ថា ​វា​នឹង​បន្ត​កំណើន​ទៅ​មុខ​ទៅ​ ព្រោះ​ អា​ហ្នឹង​វា​ជា​ cycle [វដ្ដ]ហ្នឹង​ជា​ធម្មតា»

បើ​តាម​លោក ង៉ែត ជូ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​គួរតែ​ជំរុញ​ទៅ​វិស័យ​សំណង់​សម្រាប់​អ្នក​មាន​ចំណូល​ទាប​​ឲ្យ​បាន​ច្រើន​វិញ​ក្នុង​អំឡុង​ពេល​ដែល​វិស័យ​សំណង់​នេះ​ដល់​វដ្ដ​ធ្លាក់​ចុះ​នោះ។

បើ​តាម​ក្រសួង​ដែន​ដី​ចាប់​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​ខែ​វិច្ឆិកា​​ឆ្នាំ​២០១៨ ក្រសួង​បាន​ចេញ​លិខិត​អនុញ្ញាត​សាងសង់​បាន​ចំនួន​ ៤៣ ១៣៦​គម្រោង ដែល​មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន​ ១១៤ ២៩៧ ៦២១​ម៉ែត្រការ៉េ ឬ​ស្មើ​នឹង​ទុន​​​វិនិយោគ​ប្រហែល ៤​ម៉ឺន​ ៣ពាន់លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ