ជន​ជាតិ​ដើម​ភាគ​តិច​ជង ​ទទូច​ទៅ​អាជ្ញាធរ​ខេត្ត​កោះកុង​ឲ្យ​ពន្លឿន​ចុះ​បញ្ជី​ទទួល​ស្គាល់​សហគមន៍​ពួកគេ

រូបភាព ប្រជាសហគមន៍ជនជាតិដើមភាគតិចជង នៅស្រុកថ្មបាំង ខេត្តកុះកុង នាំគ្នាប្រមូលផ្តុំ គ្នានៅមុខសាលាខេត្ត ដើម្បីដាក់លិខិតសុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ឱ្យពន្លឿននីតិវិធី ចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចជងឱ្យបានឆាប់រហ័ស នៅព្រឹកថ្ងៃទី ២៤ ធ្នូ ២០១៨ ។ រូបភាព សហគមន៍ផ្តល់ឱ្យ។

ក្រុម​ជនជាតិដើមភាគតិចជង​ជិត ២០​នាក់ មក​ពី​តំបន់​អារ៉ែង ស្ថិត​ក្នុង​​ស្រុក​ថ្មបាំង បាន​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​កោះកុង ឲ្យ​ពន្លឿន​ការងារ​ចុះ​បញ្ជី​សហគមន៍របស់​ពួកគេ​ឲ្យ​បាន​លឿន ប៉ុន្តែ មន្ត្រី​រដ្ឋបាល​ខេត្ត​នេះ បាន​ប្រាប់​ថា នឹង​បញ្ជូន​សំណើ​ទៅ​ឲ្យ​អភិបាល​ខេត្ត​ពិនិត្យ​សិន។

រូបភាព ប្រជាសហគមន៍ជនជាតិដើមភាគតិចជង នៅស្រុកថ្មបាំង ខេត្តកុះកុង នាំគ្នាប្រមូលផ្តុំ គ្នានៅមុខសាលាខេត្ត ដើម្បីដាក់លិខិតសុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ឱ្យពន្លឿននីតិវិធី ចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចជងឱ្យបានឆាប់រហ័ស នៅព្រឹកថ្ងៃទី ២៤ ធ្នូ ២០១៨ ។ រូបភាព សហគមន៍ផ្តល់ឱ្យ។

ប្រធានស្តីទីសហគមន៍ជនជាតិដើមភាគតិចជងនៅឃុំជំនាប់ លោក ហ៊ឹង ពៅ បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​ថា សហគមន៍​របស់​លោក​បាន​ស្នើ​ចុះ​បញ្ជី​ស្វ័យ​អត្ត​សញ្ញាណ​ជន​ជាតិ​ដើម​ភាគ​តិច​ជង​ជា​ផ្លូវការតាំង​ពី​ឆ្នាំ​២០១៦​មក​ម៉្លេះ ប៉ុន្តែ សំណើ​នេះ​បាន​ជាប់​គាំង​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​សិទ្ធិ​លើ​ការ​ថែ​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ និង​ព្រៃឈើ​សហគមន៍។

លោក ហ៊ឹង ពៅ មានប្រសាសន៍ថា៖ «បាទ! អ្វីជាការបារម្ភរបស់ពួកខ្ញុំ ប្រសិនបើអត់បានទទួលស្គាល់ជាផ្លូវការ​ជាជនជាតិដើមភាគតិចទេ ខ្ញុំបារម្ភនៅថ្ងៃខាងមុខទៀត ប្រសិនបើមានគម្រោងផ្សេងៗ ពួកយើងអាចប្រឈមគ្រោះថ្នាក់ បាត់បង់ដីធ្លី លំនៅឋាន អត្តសញ្ញាណជនជាតិភាគតិចរបស់យើង ហើយនិងផ្នូរដូនតារបស់យើងតាំងពីមុនមក អាចបាត់បង់ទាំងស្រុងតែម្តង ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ផ្សេងៗចូលទៅតំបន់ហ្នុង»

អនុប្រធានការិយាល័យទទួលឯកសារនៃរដ្ឋបាល​ខេត្តកុះកុង លោក ឆេង សុខឃើយ បញ្ជាក់ថា ខាងលោកបានទទួលបានលិខិត​របស់សហគមន៍ ហើយ​លោក​ថា នឹងបញ្ជូនសំណើនោះទៅអភិបាលខេត្ត និងមន្ត្រីជំនាញដើម្បីពិនិត្យមើលសំណើរនោះ។

លោក សុខឃើយ បន្ថែមថា៖ «បាទ ខ្ញុំ​នឹងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីឱ្យគាត់សិក្សាមើល ដើម្បីឱ្យគាត់ជួយសម្រួលដល់ពួកគាត់ ហើយនឹងត្រួតពិនិត្យមើលតាមលក្ខន្តិកៈ ដើម្បីជួយសម្រួលថា តើយើងត្រូវធ្វើយ៉ាងម៉េចខ្លះ ដើម្បីបានជាលទ្ធផល បានជាអីមក។ ដូចជាកាលមុន យើងមានជនជាតិដើមភាគតិចនៅហ្នុងដែរ»

សកម្មជនបរិស្ថានដែលធ្វើការជាមួយសហគមន៍នៅតំបន់អារ៉ែង កញ្ញា ផេង ស្រីស បាន​លើក​ឡើង​ថា ប្រសិនបើសហគមន៍​ជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែង ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ ហើយឈានទៅចុះបញ្ជីដីសហគមន៍របស់ពួកគាត់ផង គឺមានប្រយោជន៍ច្រើនដល់ពលរដ្ឋម្ចាស់ស្រុក ព្រមទាំងអាចការពារធនធានធម្មជាតិនៅតំបន់នោះ ឲ្យ​រួចផុតពីការបំផ្លិចបំផ្លាញ និងគម្រោងអភិវឌ្ឍន៍នានា ដែលប៉ះពាល់ដល់បរិស្ថាន​។

កញ្ញា ស្រី​ស យល់ថា៖ «មើលទៅ វាមិនគួរដល់ថ្នាក់វាត្រូវចំណាយពេល​ជាង ២​ឆ្នាំកន្លងមកហើយ។ អីចឹង សហគមន៍ក៏បានព្យាយាម​ស្នើសុំស្វ័យអត្តសញ្ញាណហ្នឹង។ ហេតុអីបានជាវាជាប់គាំងមិនអាចបន្តនីតិវិធីបាន? អីចឹងសម្រាប់ខ្ញុំ ខ្ញុំ​ស្នើសុំទៅភាគីពាក់ព័ន្ធ មានក្រសួង មានខេត្ត មានមន្ទីរ ឃុំ ស្រុក ដើម្បីឱ្យគាត់ធ្វើម៉េចមានដំណោះស្រាយមួយសម្រាប់សហគមមន៍»

បច្ចុប្បន្ន ភូមិចំនួនពីរ ត្រូវបានអាជ្ញាធរចុះបញ្ជីស្វ័យអត្តសញ្ញាណទទួលស្គាល់​ជាសហគមន៍​ផ្លូវការ​ហើយ ប៉ុន្តែ ភូមិចំនួន ៥ទៀត ស្ថិត​ក្នុងឃុំប្រឡាយ និងឃុំជំនាប់ ដែលមាន​​ពលរដ្ឋប្រមាណ ៣០០​គ្រួសារ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរចុះបញ្ជីទទួលស្គាល់ពួកគាត់ជាជនជាតិដើមភាគតិចនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ