ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះ ឡើងមកដាក់ញតិនៅស្ថាប័នជាតិជាលើកទី១០ គិតពីខែមីនា​ឆ្នាំនេះ

អ្នកភូមិមានជម្លោះដីធ្លីមកពីខេត្តក្រចេះ តវ៉ាមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីរកកិច្ចអន្តរាគមន៍ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហ៊ី ឆាយ)

ពលរដ្ឋមានវិវាទដីធ្លីនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គ្រោងនឹងយកញ្ញតិទៅដាក់នៅស្ថាប័នជាតិមួយចំនួន​ ដោយថា ដើម្បីឱ្យថ្នាក់​ដឹកនាំពន្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួ​យ​ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឱ្យបានឆាប់រហ័ស ។

ពលរដ្ឋម្នាក់ដែលអះអាងថាជាតំណាងអ្នកភូមិមានជម្លោះដីធ្លីនៅឃុំ២ធ្នូ លោក តូច ឌុល ឱ្យដឹងថានៅថ្ងៃនេះ ពួកគាត់ប្រមាណ១០នាក់បានឡើងមកដល់រាជធានីភ្នំពេញ ហើយនៅមានអ្នកភូមិជាច្រើននាក់ផ្សេងទៀត កំពុងធ្វើដំណើរមកភ្នំពេញជាបន្តបន្ទាប់។ ​

ប្រភពពលរដ្ឋរូបនេះ អះអាងថា ពួកគាត់ឡើងមករាជធានីភ្នំពេញ ដាក់ញ្ញតិទៅស្ថាប័នជាតិធំៗជាលើកទី១០ហើយ ដោយថា ព្រោះតែគ្មានដំណោះស្រាយសមស្របសម្រាប់ពួកគាត់ ម្យ៉ាងបច្ចុប្បន្នពលរដ្ឋគ្មានដីសម្រាប់រស់នៅនិងបង្កបង្កើនផលទេ។

លោកមានប្រសាសន៍ថា៖ «ចង់ដាក់បន្ថែមទៀត ដើម្បីឱ្យគាត់ជួយអន្តរាគមន៍ទៅមន្ទីរដែនដី និងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ហ្នឹង ធ្វើម៉េចឱ្យជួយដោះស្រាយដីជូនប្រជាពលរដ្ឋហ្នឹង ឱ្យលឿនឱ្យទាន់ពេល ខែគាត់ដាំនេះ»។

អភិបាលស្រុកស្នួល លោក គង់ គឹមនី ឱ្យដឹងនៅថ្ងៃនេះថា អាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកំពុងប្រឹងប្រែងធ្វើការងារនេះតាមនីតិវិធី។ លោកបន្តថា ពលរដ្ឋមិនគួរឡើងមកភ្នំពេញទៀតនោះទេ ហើយការឡើងមកប្រមូលផ្តុំគ្នា​ដើម្បីទាមទារឱ្យស្ថាប័នជាតិអន្តរាគមន៍បន្ថែមទៀតនោះ គឺជាការប្រឆាំងទៅនឹងច្បាប់ទៅវិញទេ។

លោកមានប្រសាសន៍ថា៖ «អីចឹងសុំឱ្យបងប្អូនទាំងអស់ដែលគាត់ឡើងទៅតវ៉ា ឡើងទៅដាក់ញ្ញតិអី សុំឱ្យគាត់វិលមកកន្លែងដើមវិញ។ អត់មានទៅធ្វើអីចឹងទេ។ កាលណាគាត់ធ្វើអីចឹង បានន័យថាយើងប្រឆាំងនឹងច្បាប់និងការផ្តល់ដីសម្បទានសង្គមកិច្ចជូនពួកគាត់។ អីចឹងសុំឱ្យពួកគាត់សហការគ្នាជាមួយគណៈកម្មការ ដែលគេកំពុងអនុវត្តរាល់ថ្ងៃនេះ។ គេកំពុងតែធ្វើណាបង។ អីចឹងអត់អាចធ្វើអីបានទេ កាលណាគាត់ចេះតែអាចទាមទារ គាត់បង្កើតបញ្ហា គាត់ចេះតែគៀងគរគ្នា ទៅជា People Power អីហ្នុងគឺវាខុសច្បាប់»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការឡើងមកដាក់លិខិតអន្តរាគមន៍ទៅស្ថាប័នជាតិធំៗ របស់ពលរដ្ឋនៅឃុំ២ធ្នូ ជាថ្មីទៀតនេះ គឺ មិនមានអ្វីខុសច្បាប់នោះទេ។

លោកថា ដើម្បីកុំឱ្យមានករណីពលរដ្ឋឡើងមកប្តឹងតវ៉ាទៀត អាជ្ញាធរគប្បីបង្កើនទំនុកចិត្ត និងបង្ហាញលទ្ធផលឱ្យពលរដ្ឋយល់ថាអាជ្ញាធរពិតជាកំពុងយកចិត្តទុកដាក់ ជៀសវាងគ្រាន់តែដាក់សម្ពាធដល់ពលរដ្ឋ ហើយធ្វើឱ្យពួកគាត់អស់សង្ឃឹម ហើយចេះតែនាំគ្នាឡើងមកសុំកិច្ចអន្តរាគមន៍ដល់ស្ថាប័នជាតិបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «អីចឹងនីតិវិធីបណ្តឹងនៅពេលលោកមិនពេញចិត្តទៅនឹងចំណាត់ការរបស់អាជ្ញាធរថ្នាក់ណាមួយ ហើយលោកមានសិទ្ធិដាក់ប្តឹងបន្តមកថ្នាក់លើ ដើម្បីឱ្យថ្នាក់លើហ្នឹងធ្វើការដោះស្រាយទៅលើអ្វីដែលគាត់មិនពេញចិត្តហ្នឹង។ វាមិនមែនជារឿងខុសច្បាប់អីទេ ព្រោះករណីទាំងអស់នេះ លោកមានសិទ្ធិ »។

ពលរដ្ឋអះអាងថា អ្នកភូមិដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ មានជាង១ពាន់គ្រួសារ លើទំហំដីប្រមាណ១ម៉ឺនហិកតា។

ក្រសួងរៀបចំដែនដីធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា ពលរដ្ឋទាំងនោះបានចូលទន្រ្ទានកាន់កាប់ដីរដ្ឋ ដែលបានផ្តល់សិទ្ធិសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនចម្ការកៅស៊ូមេមត់រួចទៅហើយ។

កាលពីថ្ងៃទី០៨ ខែមីនា ប្រជាពលរដ្ឋជាច្រើននាក់នៅភូមិជើងឃ្លេរ ឃុំ២ធ្នូ បានរងរបួសនៅពេលប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយកាំភ្លើងដែលចុះការពារគ្រឿងចក្រក្រុមហ៊ុនចម្កាកៅស៊ូមេមត់ ខណៈពលរដ្ឋទាំងនោះបានតវ៉ាបិទផ្លូវជាតិលេខ ៧៦A ប្រឆាំងគ្រឿងចក្រក្រុមហ៊ុនចុះឈូសឆាយផ្ទះ និងដំណាំពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ