អង្គការសង្គមស៊ីវិលជាតិនិង​អន្តរជាតិជិត១០០ ​ថ្កោលទោសសាលក្រមប្រឆាំងមេដឹកនាំសហជីព

(ឆ្វេង) លោក អាត់ ធន់ លោក ជា មុនី លោក ប៉ាវ ស៊ីណា និងលោក រ៉ុង ឈុន

អង្គការជាតិនិងអន្តរជាតិជិត១០០ សូមឲ្យបញ្ឈប់ការដាក់ទោសទណ្ឌមកលើសហជី​ព៦រូប ដោយថ្កោលទោសដាច់អហំការចំពោះសេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

សេចក្តីប្រកាសព័ត៌មានរួម​ដែលបានបង្ហោះ​លើទំព័រ​ហ្វេសប៊ុក​របស់អង្គការសង់ត្រាល់កាលពីម្សិលមិញ អង្គការជាតិនិងអន្តរជាតិចំនួន៩៥អង្គការ លើកឡើងថា ថ្នាក់ដឹកនាំសហជីពទាំង៦នាក់នោះមិនបានប្រព្រឹត្តបទល្មើសឡើយ ដោយថា នាពេលសវនការមិនមានសក្ខីកម្មណាមួយដែលបង្ហាញឲ្យឃើញជាក់ស្តែង។

សេចក្តីប្រកាសព័ត៌មានដដែល​បន្តថា ថ្នាក់ដឹកនាំសហជីពទាំង៦នាក់នោះត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តនូវអំពើហិង្សាដោយផ្ទាល់ តែផ្ទុយទៅវិញតុលាការបែរជាផ្តន្ទាទោសថា អ្នកទាំងនោះជាអ្នកផ្តើមគំនិតនូវអំពើហិង្សាទៅវិញ។ សេចក្តីប្រកាសរួមនេះសង្កត់ធ្ងន់ថា ការដូរបទចោទនេះមិនបានផ្តល់ឱកាសដល់ភាគីជនជាប់ចោទក្នុងការតតាំងឡើយ។

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨មុននេះ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសមេដឹកនាំសហជីព៦នាក់ មានលោក អាត់ ធន់ លោក ជា មុនី លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន អ្នកស្រី ម៉ម ញឹម និងអ្នកស្រី យ៉ាង សោភ័ណ្ឌ ឲ្យជាប់ទោសចន្លោះពី២ឆ្នាំកន្លះ ទៅ៤ឆ្នាំកន្លះ ទាក់​ទិ​ន​​​ទៅនឹងសំណុំរឿងផ្លូវវេងស្រេង។ ប៉ុន្តែ​ទោ​សទាំងនោះ​ត្រូ​​វបានព្យួរ។

ពាក់ព័ន្ធនឹងសំណុំរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំ​ណាលជាមួយកម្មករនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅនេះ បានចេញមុខអះអាងថា មេដឹកនាំសហជីព៣រូប មានលោក អាត់ ធន់ លោក ជា មុន្នី និងលោក ប៉ាវ ស៊ីណា មិនបានដឹកនាំតវ៉ានៅផ្លូវវេងស្រេង ដូចសាលក្រមចោទប្រកាន់ របស់សាលាដំបូងរាជធា​នីភ្នំពេញ​នោះ​​​ទេ។


សូមរំលឹកដែរថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានព្រឹត្តិការណ៍ប៉ះទង្គិចបង្ហូរឈាមមួយនៅលើផ្លូវវេងស្រេង ក្នុងរាជ​ធា​នី​ភ្នំ​ពេញ រវាងក្រុមកម្មករនិងសមត្ថកិច្ច។ ព្រឹត្តិការណ៍នោះ កម្មករដែលទាមទារតម្លើងប្រាក់ឈ្នួល យ៉ាងតិច៤នាក់ ត្រូ​វកងកម្លាំងប្រដាប់​អាវុធ បាញ់​​ឲ្យ​​​​ស្លា​​​​​​ប់​នៅនឹងកន្លែង ម្នាក់បាត់ខ្លួន មួយចំនួនទៀតរងរបួស និងខ្លះទៀត​ត្រូវ​​បានចាប់ខ្លួន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ