មេធាវី​ ដាក់ពាក្យ​ស្នើ​សុំ​ទៅ​តុលាការ ​ឲ្យ​លោក​ រ៉ាត់ រត្នមុនី​ បាន​នៅ​ក្រៅ​ឃុំ

ប្រធានសហជីពកម្មករសំណង់លោក រ៉ាត់ រត្នមុនី។ រូបភាព៖ ហ្វេសប៊ុក Rath Rott Mony

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក រ៉ាត់ រត្ន​មុនី​ បាន​ដាក់​ពាក្យ​សុំ​ឲ្យ​កូន​ក្តី​លោក​នៅ​ក្រៅ​ឃុំ​​ បន្ទាប់​ពី​ពិនិត្យ​សំណុំ​រឿង​រួចរាល់​​។

​កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ លោក ​រ៉ាត់ រត្ន​មុនី ​ត្រូវ​បាន​​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​នឹង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​រក​ឃើញ​ថា ​គាត់​បាន​ចូលរួម​ជួយ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​របស់​ស្ថានីយ​ទូរទស្សន៍​រុស្ស៊ី ​RT រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា។​

មេធាវី​របស់​​លោក ​រ័ត្នមុនី គឺ​លោក​មេធាវី សំ ទិត្យសីហា បាន​ប្រាប់​VOD ថា​កាល​ពី​ម្សិលមិញ​លោក​បាន​ដាក់​ពាក្យ​សុំ​ឲ្យ​លោក រ័ត្នមុន្នី​ នៅ​ក្រៅ​ឃុំ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ បន្ទាប់​ពី​លោក​បាន​ទទួល​ និង​ពិនិត្យ​សំណុំ​រឿង​នេះ​​រួច​រាល់​។

លោក​ថា៖ «ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ​ខ្ញុំ​គិត​ថា​វា​មិន​មែន​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​ដំណើរ​ការ​រឿង​ព្រហ្មទណ្ឌ​ទេ! ខ្ញុំ​គិត​ថា​យើង​គួរ​សិក្សា​ហើយ​គួរ​តែ​អង្កេត​ទៅ គ្រាន់​តែ​ដាក់​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ហើយ​តុលាការ​បន្ត​នីតិវិធី​ហ្នឹង​ទៅ​។ ព្រោះ​ខ្ញុំ​យល់ថា​ កូន​ក្ដី​ខ្ញុំ​គាត់​គ្មាន​លទ្ធភាព​អី​ឬក៏​អំណាច​អី​ទៅ​ធ្វើ​ការ​រារាំង ឬ​បំផ្លាញ​ភស្តុតាង​ ឬ​ក៏​រត់​គេចវេះ​ទៅ​ណា​បាន​ទេ» ។​

លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ថា ញុះញង់​ឲ្យ​មានការ​រើស​អើង តាម​មាត្រា​៤៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ​បន្ទាប់​ពី​គាត់​ត្រូវ​បាន​ប្រទេស​ថៃ​ចាប់​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ។

ប្រសិន​បើ​លោក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​មែន​នោះ លោក ​រ័ត្ន​មុនី ​អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ពី ១ ទៅ ៣​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ