រដ្ឋាភិបាលបង្កើនថវិកាជាង១០០លានដុល្លារក្នុងឆ្នាំ២០១៩ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​លោក អូន ព័ន្ធមុន្នីរ័ត្ន ថ្លែងក្នុង​សុន្ទរកថា​ថ្លែង​បើក​សិក្ខាសាលាថ្នាក់​ជាតិ ស្ដីពី​ការ​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ របស់ គ.ជ.អ.ប នា​ក្រសួង​មហាផ្ទៃនៅ​ព្រឹក​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង

រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​នា​ឆ្នាំ​២០១៩​ ដល់​ជិត​៦០០លានដុល្លារ​ កើន​លើស​ឆ្នាំ​២០១៨​ ជាង​១០០លានដុល្លារ ដោយ​ថា ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​ក្រោម​ជាតិ។

ក្នុង​សុន្ទរកថា​ថ្លែង​បើក​សិក្ខាសាលាថ្នាក់​ជាតិ ស្ដីពី​ការ​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ របស់ គ.ជ.អ.ប នា​ក្រសួង​មហាផ្ទៃនៅ​ព្រឹក​នេះ​​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​លើក​ឡើង​ថា​ ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​នឹង​ត្រូវ​បង្កើន​ដល់ ៥៩៥លានដុល្លារអាមេរិក ដែល​ក្នុង​នោះ​ជាង​៥៥១លានដុល្លារ​ជា​ថវិកា​ជាតិ ហើយ​ជាង​៤៤លានដុល្លារទៀត​ជា​ថវិកា​ជំនួយ​ពី​ដៃ​គូ​អភិវឌ្ឍន៍។

លោក​បន្ថែម​ថា ​ថវិកា​ជិត​៦០០លានដុល្លារ​នេះ ​នៅ​មិន​ទាន់​រាប់​បញ្ជូល​ថវិកា​ដែល​ក្រសួង​មួយ​ចំនួន​​ត្រូវ​ផ្ទេរ​មុខងារ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​ឡើយ​ទេ។ ​

បើ​តាម​លោក ​អូន ព័ន្ធ​មុន្នី​រ័ត្ន ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨​ មាន​ការ​កើន​ឡើង​ជាង​១២៧លានដុល្លារអាមេរិក។

​​​​​របាយការណ៍​សង្ខេប​ថវិកា​ជាតិ​ឆ្នាំ​២០១៨​ បាន​បង្ហាញ​ថា ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​​បាន​ចំណាយ​ជាង​៤២១លានដុល្លារអាមេរិក ក្នុង​នោះ​មូលនិធិ​ឃុំ​សង្កាត់​មាន​ជាង​១០០លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ