លោក សម រង្ស៊ី ប្តឹងទៅអន្តរជាតិថាមានការដាក់សម្ពាធបន្ថែមលើមន្ត្រី CNRP នៅកម្ពុជា

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

លោក សម រង្ស៊ី អះអាងថា លោកទើបបានប្តឹងទៅអង្គការអន្តរជាតិនានា ដែលឃ្លាំមើលស្ថានការណ៍នៅកម្ពុជាឲ្យដាក់សម្ពាធបន្ថែមទៀត ដោយថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានដាក់សម្ពាធលើមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ។​

ការអះអាងដូចនេះ ធ្វើឡើងនៅក្នុងគណនីហ្វេសប៊ុករបស់លោក សម រង្ស៊ី ផ្ទាល់កាលពីថ្ងៃ២៤ ខែធ្នូ។ លោកហៅសកម្មភាពរបស់សមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន ដែលបង្ខំមន្ត្រីជាប់ឆ្នោតនិងសកម្មជនរបស់ខ្លួន ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពសម្តែងមតិនៅលើបណ្តាញទំនាក់ទំនងសង្គម ថាជាការ​គំរាមកំហែងមកលើមន្ត្រីជាប់ឆ្នោតនិងសកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន។

​មន្ត្រី និងសកម្មជនអតីតបក្សប្រឆាំងមួយនេះ បានចាប់ផ្តើមធ្វើយុទ្ធនាការ កាលពីដើមខែធ្នូ ដោយបង្ហោះវីដេអូឃ្លីបសម្តែងការគាំទ្រតួនាទីលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងគាំទ្រគោលជំហរ “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ”

សកម្មភាពរបស់អតីតមន្ត្រី និងសកម្មជនទាំងនោះ ធ្វើឡើងនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ខេត្តកណ្តាល ​បាត់ដំបង ​សៀមរាប កំពង់ធំ និង ខេត្តព្រះសីហនុជាដើម។

មន្ត្រីនគរបាលនៅតាមខេត្តខ្លះ ដូចជាខេត្តកណ្តាល ខេត្តបាត់ដំបង បានកោះហៅសកម្មជនអតីតបក្សប្រឆាំងមួយចំនួនទៅធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពផ្ញើសារតាមហ្វេសប៊ុក ដោយបង្ហោះជាវីដេអូឃ្លីបសម្តែងការគាំទ្រគណបក្សសង្រ្គោះជាតិបន្តទៀត។ បន្ថែមពីនេះ សមត្ថកិច្ចបានណែនាំដល់អ្នកគាំទ្រទាំងនោះ ថាមិនត្រូវធ្វើអ្វីប៉ះពាល់​ដល់សន្តិសុខជាតិឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ឱ្យ វីអូឌី ដឹងនៅថ្ងៃនេះថា ការលើកឡើងរបស់ លោក សម រង្ស៊ី គឺ មិនត្រឹមត្រូវនោះឡើយ។

លោកមានប្រសាសន៍ថា៖ «អ្នកដែលបញ្ចេញមតិ អាហ្នឹងយើងគោរពតាម ស្មារតីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។ គេមានវិធានការទប់ស្កាត់ ចំពោះអ្នកដែលធ្វើសកម្មភាពប្រឆាំងនឹងសាលដីកា ស្ថាពរ និងបិទផ្លូវតវ៉ា របស់តុលាការកំពូលតែប៉ុណ្ណោះ បាទ»។

អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (Comfrel)  លោក កន សាវាង្ស លើកឡើងថា ចំណាត់ការរបស់​សមត្ថកិច្ចទៅលើអតីតមន្ត្រី និងសកម្មជនបក្សសង្រ្គោះជាតិ គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ដែលបានចែងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការចូលរួមសកម្មភាពនយោបាយផងដែរ។

លោកបន្តថា ករណីនេះ បង្ហាញពីការធ្លាក់ចុះនៃសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំ ហើយលោកថា អាជ្ញាធរមិនអាចទៅហាមឃាត់សេរីភាពបញ្ចេញមតិដោយសន្តិវិធីរបស់ពួកគេបានទេ វាលែងតែមានសកម្មភាពណាមួយមានផែនការ ឬ បង្កឱ្យមានអំពើហិង្សាកើតឡើង។ ​

លោក កង សាវាង្ស បន្ថែមថា៖ «កាលណាធ្លាក់ចុះហ្នឹងហើយ ដែលធ្វើឱ្យស្ថានភាពយើងមួយ ពីរឆ្នាំចុងក្រោយនេះ ដែលជួបប្រទាំងប្រទិសបញ្ហាផ្សេងៗអំពីម្ចាស់ជំនួយ ដែលគេធ្លាប់ជួយប្រទេសយើង រហូតដល់សហគមន៍ជាតិ អន្តរជាតិ ដែលគេចេញសេចក្តីថ្លែងការណ៍ហ្នឹង។ អីចឹងទាំងអស់ហ្នឹង គួរតែស្តារមុខមាត់ឡើងវិញ សម្រាប់ប្រទេសជាតិ អត់អាចបន្តសកម្មភាពហ្នឹងបានទៀតទេ »។

គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមសំណើរបស់ក្រសួងមហាផ្ទៃ ក្រោយពេលមេបក្សមួយនេះ គឺ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ដោយ​ចោទពីបទក្បត់ជាតិ តាមការអះអាងរបស់លោក ហ៊ុន សែន។

ក្រោយពេលបក្សប្រឆាំងនេះ ត្រូវបានគេរំលាយ សហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស រដ្ឋាភិបាលក្រុងភ្នំពេញជាបន្តបន្ទាប់។

លើសពីនេះ សហគមន៍អន្តរជាតិបានព្រមានចាត់វិធានការផ្សេងៗ ដូចជា ដកប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញនាំចូលទឹកដី​អឺរ៉ុប បិទទិដ្ឋការ ឬ វីហ្សា មិនឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចូលទឹកដីសហរដ្ឋអាមេរិក ព្រមទាំងត្រៀមបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីជាន់ខ្ពស់ទាំងនោះ ​ ប្រសិនបើរដ្ឋាភិបាលមិនព្រមស្តារស្ថានការណ៍នយោបាយដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យឡើងវិញទេ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ