តារាចម្រៀង ទេព បូព្រឹក្ស ប្តឹងម្ចាស់ភោជនីយដ្ឋានទារ១០ម៉ឺនដុល្លារ ក្នុងករណីជះស្រាបៀរ

តារាចម្រៀង ទេព​​​ បូព្រឹក្ស

តារាចម្រៀង ទេព​​​ បូព្រឹក្ស បានប្តឹងម្ចាស់ភោជនីយដ្ឋានមួយក្នុងទីក្រុងភ្នំពេញ​​​ ទាមទារប្រាក់១០ម៉ឺនដុល្លារ បន្ទាប់ពីមានបុរសម្នាក់ជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរមកលើរូបនាង ខណៈដែលកំពុងច្រៀងកាលពីយប់មិញ។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញាទេព បូព្រឹក្ស នៅព្រឹកមិញនេះបានដាក់ពាក្យបណ្តឹងម្ចាស់ហាង​​​​យីហោ«​សមុទ្រ» នៅ​​ម្ដុំ​​ពេទ្យកុមារជាតិ ក្នុងខណ្ឌទួលគោក និងអ្នកពាក់ព័ន្ធ ក្រោយពី​មាន​បុរសម្នាក់ប្រើ​ហិង្សា​ជះស្រាបៀរ និងគប់​​​​​​​​​កំប៉ុង​ស្រាបៀរលើរូបនាង ក្នុងពេលកំពុងច្រៀង ដោយទាមទារទឹកប្រាក់ចំនួន​​​​១០ម៉ឺនដុល្លារ។

កញ្ញា ទេព បូព្រឹក្ស បានថ្លែងនៅ​ចំពោះ​មុខអ្នកកាសែត​ថា កញ្ញាមិនបញ្ចប់​​​ត្រឹម​ការ​សុំទោសដូចការទាមទារ​​​​​កញ្ញាដែលបានប្រកាស​នៅ​ក្នុងវីដេអូឡាយលើបណ្តាញសង្គម កាលពីយប់ថ្ងៃទី​​២៥ ​ខែធ្នូនោះទេ។ ក្នុងវីដេអូ​ឡាយ កញ្ញាគ្រាន់តែទទូចឲ្យអ្នកជះស្រាបៀរ និង​អ្នកគប់​​កំប៉ុង​​ស្រាបៀរ ដែលមានទឹ​​ក​​​​​ក្នុងកំប៉ុងនោះ​មកសុំទោសនាង​ ស្រាប់តែស្រ្តី​ជាម្ចាស់ហាង​បានឡើង​​​មកស្ដីឲ្យនាង និងប្រើពាក្យ​​​​​មិនសមរម្យចំពោះនាង​ដូចគ្មានការ​ទទួលខុសត្រូវ ​ដោយ​នាង​បានចោទ​ថា ​ស្រ្តីនោះ​បានទាំងច្រាន​អ្នករាំរបស់​​​នាង និង​ចង់ទះកំផ្លៀង​​​​អ្នករាំរបស់នាង​ទៀត នៅពេលអ្នករាំនោះ​​ព្យាយាម​ជួយ​ការពារនាង។ ​នាង​​​ថា​​ខ្លួន​នឹង​តស៊ូ​​​ឲ្យដល់ទីបំផុត ដោយនាងមិនជឿថា​​​ប្រទេស​គ្មានច្បាប់​​ហើយគ្មានដំណោះស្រាយចំពោះ​​រូបនាងដែលជា​​​​ជនរងគ្រោះនោះទេ។

កញ្ញា ទេព បូព្រឹក្ស បានដាក់ពាក្យបណ្តឹងម្ចាស់ហាង និងអ្នកពាក់ព័ន្ធ នៅព្រឹកថ្ងៃទី​​​២៦ ធ្នូនេះ ដោយទារសំណងប្រមាណ១០ម៉ឺនដុល្លារ។ កញ្ញាបាន​ប្រកាស​យក​ថវិកាសំណងនោះ​​​​​​​ទៅជួយកុមារកំព្រា និងចាស់ជរាទាំងអស់ ​​​​​ដោយ​នាង​មិនមែន​​ចង់បានលុយនោះ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនទេ តែ​នាង​​​នឹង​​​​​ធ្វើអោយដល់ទីបំផុត​។

​​អ្នកនាង ចន ច័ន្ទ​លក្ខិណា ​​​ប្រធាន​សមាគម​សិល្បករខ្មែរបញ្ជាក់ថា ​​​ប្រសិន​បើចំណាត់ការ​ដាក់បណ្ដឹងរបស់​កញ្ញា ទេព បូព្រឹក្ស មិនទទួលបានចំណាត់​ការ​ដោះស្រាយសមស្រប ​នោះ​​​អ្នកនាង​​​នឹង​ផ្ដល់មេធាវី ឲ្យជួយ​​​​ពន្លឿន​ផ្លូវ​ច្បាប់លើករណីបនេះ ​រហូតដល់​​​​​​ម្ចាស់ហាង និង​ភាគីពាក់ព័ន្ធ​ដោះស្រាយ​ឲ្យ​​​កញ្ញា ទេព បូព្រឹក្ស។ ​​​​​​​​​​​​​​​​

ចំពោះករណី​​​​របស់​​ទេព បូព្រឹក្ស នេះ លោក ​ថៃ នរៈសត្យា រដ្ឋាលេខាធិការ​ក្រសួង​​វប្បធម៌ និងវិចិត្រសិល្បៈ ​​​បានមានប្រសាសន៍ថា ជារឿង​តូច​តាចប៉ុណ្ណោះ ប៉ុន្តែបណ្ដាលមកពី​​មាន​ការ​​​​​បំប៉ោង​​​បញ្ហា​ទើបធ្វើឲ្យ​ក្លាយជារឿង​ធំដុំ ដែលលោកទទូចឲ្យគ្រប់ភាគីទាំងអស់​គួរតែ​​រួមគ្នា​​​​​​ធ្វើឲ្យទៅជាស្ងប់ស្ងាត់​​។

​​​ការលើក​ឡើងរបស់ លោក ​ថៃ នរៈសត្យា ​បានធ្វើអោយ​​​អ្នកគាំទ្ររបស់ ទេព បូព្រឹក្ស ​​​ប្រតិកម្ម ដោយអះអាងថា​​​ នោះមិនមែនជារឿង​​តូចតាចទេ ដោយសារតែការ​​ប្រមាថចំពោះសិល្បការិនីមួយរូបម្នាក់​​​​ក្នុងពេលច្រៀង​លើឆាក ដែល​​មិនខុសពីការ​បន្ទាបបន្ថោកតម្លៃសិល្បៈ​​យ៉ាងធ្ងន់ធ្ងរ។

​​​​អនុរដ្ឋលេខាធិកាក្រសួង​​​កិច្ចការនារី លោកស្រី ញ៉ែម មរកត ​បានបង្ហាញប្រតិកម្មថានេះជាករណី​ធ្ងន់ធ្ងរ ដែល​​ជន​បង្កហេតុ និងអ្នកពាក់ព័ន្ធ​ត្រូវតែ​យក​​​​មក​​ផ្ទន្ទាទោស។ ​លោកស្រី ថា សកម្មភាពដែលបានកើតឡើងបានធ្វើឲ្យប៉ះពាល់​​​ដល់តម្លៃ និងកិត្តិយសរបស់ស្រ្តីខ្មែរទាំងមូល ​ហើយលោកស្រីស្នើឲ្យបិទហាងនោះ​ ​រហូតទាល់តែមាន​យុត្តិធម៌​​​ចំពោះ​តារាចម្រៀង ទេព បូព្រឹក្ស។ ​លោកស្រីថ្លែងថា ​​​បិទហាងនោះ ហើយ​​ចាប់​ជន​ដៃដល់ និង​ជនផ្សំគំនិត​​ ​​ទាមទារជំងឺចិត្ត ​កុំយោគយល់ ហើយ​​​ក៏អាច​ប្ដឹង​មក​ក្រសួងកិច្ចការនារី ក្រសួងមានគណកម្មការ​​លើកកម្ពស់​​សីលធម៌សង្គម និងតម្លៃស្រ្តីខ្មែរ ដើម្បីដោះស្រាយ។

​​ដោយឡែក​ភាគីខាង​សមត្ថកិច្ច​​មិនទាន់បញ្ជាក់ឲ្យដឹងពី​​​​ភស្ដុតាងដែល​ប្រមូលបានពីម្ចាស់ហាងនៅឡើយទេ ខណៈដែល​វីដេអូសុវត្ថិភាពត្រូវបាន​​គេព្រលយថា​មិនមាន​​​​​​ថត​កាលពីយប់ថ្ងៃកើតហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ