ក្រុមនិស្សិតបញ្ញវន្តអះអាងថា ដីនៅស្វាយរៀងរាប់រយហិកតាបាត់ទៅវៀតណាម​

(រូបភាពឯកសារ) បង្គោលព្រំដែនកម្ពុជា-វៀតណាម

សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ អះអាងថា វៀតណាមធ្វើផ្លូវក្រវ៉ាត់យកដីខ្មែររាប់រយហិកតាចាប់ពីបង្គោលព្រំដែន១៩៤ដល់១៩៩ ស្ថិតនៅតំបន់ព្រំដែនច្រមុះជ្រូក (ជំពុះទារ) ស្រុកចន្ទទ្រា ខេត្តស្វាយរៀង​។

ក្នុង​របាយការណ៍បឋមរបស់ក្រុមសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ត​ខ្មែរ បានឲ្យ វីអូឌី ដឹងនៅថ្ងៃនេះថា បេសសកម្ម១០០រាត្រីនៃមហាគ្រួសារខ្មែរ គឺក្នុងរាត្រី៣៩ បានចុះស្រាវជ្រាវឃើញថា កាលពីឆ្នាំ២០០៩ កម្ពុជាបោះបង្គោលព្រំដែន១៩៤ ដល់១៩៩ ជាមួយវៀតណាម ស្ថិតនៅតំបន់ព្រំដែនច្រមុះជ្រូក ឬចំពុះទា ក្នុងភូមិគោកតែក ឃុំចន្ទទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់ខេត្តឡុងអាន ស្រុកមុខវ៉ា ឃុំមុខវ៉ា ប្រទេសវៀតណាមដែលជាទឹកដីខ្មែរកម្ពុជាក្រោម ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីរាប់រយហិកតាទៅឲ្យវៀតណាម។

របាយការណ៍ដដែលបញ្ជាក់ថា វៀតណាមប្រើយុទ្ធសាស្ត្របញ្ជូនគិញ ឬចារកម្មស៊ើបអង្កេតក្នុងភូមិ ឃុំ និងស្រុកតាមបណ្តោយព្រំដែន រួចធ្វើការអភិវឌ្ឍនៅតំបន់ព្រំដែន ដូចជាធ្វើផ្លូវថ្នល់ បង្កើតសាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ត ព័ត៌មាន និងបញ្ជូនពលរដ្ឋវៀតណាមឲ្យទៅរស់នៅតំបន់ដែលត្រូវឈ្លានពានយកទឹកដីកម្ពុជាជាដើម។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី មានប្រសាសន៍បន្ថែមលើរបាយការណ៍បឋមនោះថា ក្រុម១០០រាត្រីបានចុះទៅសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួននៅស្រុកចន្ទទ្រា ខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះថា មុនពេលវៀតណាមធ្វើផ្លូវ​ចូលទឹកដីខ្មែរ អាជ្ញាធរនិងមន្ត្រីព្រំដែនកម្ពុជាបានចុះទៅជួបអាជ្ញាធរវៀតណាមដែរ ប៉ុន្តែលោកថា ក្រោយមក​ស្ងប់ស្ងាត់ទៅវិញ ហើយវៀតណាមនៅតែបន្តធ្វើផ្លូវ​ចូលទឹកដីខ្មែររាប់រយហិចតា​ដដែល​។

 លោក សូនី ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលត្រូវ​ពិនិត្យឡើងវិញជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងបង្កើតក្រុមការងារចម្រុះទាំងស្ថាប័នរដ្ឋនិងអន្តរជាតិ ធ្វើការស្រាវជ្រាវដោយឯករាជ្យ មានវិជ្ជាជីវៈ ទើប​ទប់ស្កាត់វៀតណាម មិនឲ្យរំលោភទឹកដីខ្មែរបន្តទៀត។

លោកផ្តល់ជាអនុសាសន៍ថា៖ «រដ្ឋាភិបាលត្រូវធ្វើការសិក្សា​ស្រាវជ្រាវ កំណត់ពីយុទ្ធសាស្ត្រវៀតក្នុងការទន្ទ្រានយកទឹកដីខ្មែរ ហើយធ្វើជាព័ត៌មានបង្ហាញទៅពលរដ្ឋទូទៅ ទីពីររដ្ឋាភិបាលត្រូវឲ្យអ្នកជំនាញឯកទេសមានវិជ្ជាជីវៈ ដូចជា ក្រសួងផែនការ ឬអង្គការ​ល្បីៗ[ឯករាជ្យ​]ឲ្យគេទៅសិក្សាស្រាវជ្រាវពីព្រំដែនទៅ ហើយយើងប្តឹងទៅតុលាការទីក្រុងឡាអេ ប្រសិនបើយើងបាត់បង់ទឹកដីដូចអ្វីដែលពលរដ្ឋនៅតំបន់នោះអះអាងមែន​ ឬដូចក្រុមសិក្សាស្រាវជ្រាវរបស់យើងមែន​»។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា  លោក វ៉ា គឹមហុង មានប្រសាសន៍ថា របាយការណ៍របស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ត​ខ្មែរ ឬហៅថា ក្រុម១០០រាត្រី ដែលថាវៀតណាមធ្វើផ្លូវ​ចូលទឹកដីខ្មែរនោះ ជារបាយការណ៍ភូតកុហក​មហាជន​។

លោកមានប្រសាសន៍ថា៖ «អ្វីដែលក្រុម១០០រាត្រី គាត់ចេះតែចោទ ​ដោយសំអាងលើសម្ពាធលើអ្នកនេះ អ្នកនោះមក​ យើងអត់យកជាការបានទេ ការដែលយើងបោះបង្គោលព្រំដែនតាំងពីរដើមមក ដូចសម្តេចតេជោធ្លាប់មានប្រសាសន៍ច្រើនដងមកហើយ យើងបោះបង្គោលព្រំដែន​មិនឲ្យបាត់បង់ទឹកដីយើងទេ បើយើងធ្វើចឹងដដែល យើងធ្វើធើអី យើងប្រាប់ច្រើនដងហើយ ប៉ុន្តែពួក១០០រាត្រីមិនដែលយកចិត្តទុកដាក់ទេ​»។

សារព័ត៌មាន​វៀតណាមចុះផ្សាយ កាលពីដើមខែធ្នូនេះថា មេដឹកនាំជាន់ខ្ពស់គណបក្សកុម្មុយនីស្តវៀតណាម បានជំរុញឲ្យភាគីកម្ពុជានិងវៀតណាម រួមគ្នាបញ្ចប់ឯកសារការងារកំណត់ខ្សែបន្ទាត់ និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរនៅឆ្នាំ២០១៩ បន្ទាប់ពីសម្រេចបាន៨៤ភាគរយហើយនោះ។

កម្ពុជា​ និង​វៀតណាម ​មាន​ព្រំដែន​​គោក​រួមគ្នាប្រវែង​ ១២៧០​គីឡូ​ម៉ែត្រ ដោយភាគីទាំងពីរបាន​ព្រមព្រៀង​គ្នាបោះប​​ង្គោល​សរុបចំ​នួន ៣​១​៤​ ដើម្បីកំណត់ខ្សែបន្ទាត់​ព្រំដែនរវាងគ្នានិងគ្នា​។

ប៉ុន្ដែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានឲ្យ VOD ដឹងកាលពីចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះថា ការបោះបង្គោលព្រំដែន​ជាមួយ​វៀត​ណាម មិ​ន​អាច​​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ដូចការគ្រោងទុកនោះទេ ដោយថា ការបោះបង្គោល​ព្រំដែន​ដែលនៅ​​សេស​​​​សល់​​ចំនួន ១​៦​​​​​​ភាគ​រយ​ទៀត​​ ចាំបាច់​ត្រូវ​ការ​ភាគីបារំាងធ្វើជាអាជ្ញាកណ្តាល​ និងរង់​ចាំផែនទីចម្លងរបស់ភាគីបារាំង ទើប​អាចបោះ​បន្ត​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ