កម្មករ​ស៊ីនទ្រី​ធ្វើ​កូដកម្ម​ទារ​ដំឡើ​ង​ប្រាក់​ឈ្នួល ខណៈ​សំរាម​រាប់​ពាន់​តោន​មិន​ត្រូវ​បាន​ប្រមូល​ចេញ

ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រុម​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី បាន​ធ្វើកូដកម្ម​ នៅ​ឯ​ទីតាំង​មួយ​កន្លែង​របស់​​ក្រុមហ៊ុនស៊ិនទ្រី ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។ រូបភាព៖ ហួត វុទ្ធី

ក្រុម​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី បាន​ធ្វើកូដកម្ម​នៅ​ព្រឹក​ថ្ងៃ​នេះ​នៅ​ឯ​ទីតាំង​មួយ​កន្លែង​របស់​​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

តំណាង​កម្មករ​បោស​សម្អាត​ លោក កៅ សុខវ៉ាត បាន​ប្រាប់ ​វីអូឌី ​នៅ​ឯ​កន្លែង​ប្រមូល​ផ្ដុំ​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ក្រុម​កម្មករ​ស៊ីនទ្រី​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​តាំង​ពី​ល្ងាច​ថ្ងៃ​ម្សិ​លមិញ ហើយ​កូដកម្ម​នេះ​បាន​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​នេះ។

លោក កៅ សុខវ៉ាត ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ ស៊ីនទ្រី ខេមបូឌា ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​កម្មករ​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល ១៥​ដុល្លារ​ បន្ថែម​ទៅ​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ប៉ុន្តែ ក្រុមហ៊ុន​ពុំ​បាន​​ដំឡើង​ប្រាក់​ឈ្នួល​ទៅ​តាម​ការ​ទាម​ទារ​នោះ​ឡើយ។

លោក កៅ សុខវ៉ាត បាន​ប្រាប់​ថា តំណាង​ភាគី​ក្រុមហ៊ុន​ស៊ីនទ្រី និង​តំណាង​កម្មករ ២​រូប កំពុង​តែ​ជួប​ពិភាក្សា​ចរចា​គ្នានៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជុំ​វិញ​កូដកម្ម​របស់​ក្រុម​កម្មករ។

បើ​តាម​តំណាង​កម្មករ​ស៊ីនទ្រី​រូប​នេះ ក្រុមហ៊ុន​បាន​យល់​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមត្រឹម​តែ ៨​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ ក្រុម​កម្មករ​បាន​បដិសេធ​សំណើ​មួយ​នេះ។

កូដកម្ម​របស់​ក្រុម​កម្មករ​​ក្រុមហ៊ុន​ស៊ីនទ្រី បាន​ជំរុញ​ឲ្យ​សំរាម​រាប់​ពាន់​តោន មិន​ត្រូវ​បាន​ប្រមូល​ពី​លំនៅឋាន តាម​ដង​វិថី និង​អគារ​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ក្រុមហ៊ុន​ស៊ីនទ្រី មាន​បុគ្គលិក​ និង​កម្មករ​បម្រើ​ការងារ​សរុប​ដល់​ទៅ ២​ពាន់​នាក់ ដែល​ប្រមូល​សំរាម និង​កាក់​សំណល់​​យ៉ាង​តិច ១៨០០​តោន​ក្នុង​មួយ​ថ្ងៃ​ៗ​ពី​លំនៅឋាន ដង​វិថី និង​អគារ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ៕

គំនរសំរាម នៅទីតាំងមួយកន្លែងក្បែរវត្តសន្សំកុសល ក្រោយកម្មករស៊ិនទ្រីតវ៉ាតម្លើងប្រាក់ខែ។ រូបភាព៖ Vanna Phai
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ