ក្រុមតារាសម្ដែងមួយក្រុមលើកពាន​​បាល់ទាត់

ក្រុម​​បាល់ទាត់​«តារា​មហាហង្ស» លោក អ៊ិន សុភិន ​​​ប្រធានក្រុម​​​តារា​មហាហង្ស។ រូបភាព៖ វង្ស សុម៉ាលីន

​​ធ្លាប់តែឮថា​​​តារាភាពយន្ត​​ពូកែសម្ដែង តែ​សម្រាប់​​ក្រុមតារា​មួយក្រុមនេះ​ មិនត្រឹមតែមាន​សមត្ថភាព​ខ្លាំង​​ខាងផ្នែក​​សម្ដែងប៉ុណ្ណោះទេ ប៉ុន្តែក៏មានថ្វីជើង​​​​​​​ល្អៗ​មិនអាច​​មើលស្រាលផងដែរ នៅពេលដែល​​​ពួកគេ​​ប្រមូល​ផ្ដុំគ្នា​ជាក្រុមបាល់ទាត់មួយក្រុម​ ដោយ​​​​​​​​ប្រើឈ្មោះខ្លួន​ថា​ «ក្រុម​​បាល់ទាត់​តារា​មហាហង្ស»។ ​​​​

ការប្រកួត​ដណ្ដើមពានដែលបានធ្វើឡើងនៅ​​សាលា​​​បណ្ឌិត្យសភា​នគរបាលជាតិ​​​កម្ពុជា ​កាលពីរសៀលថ្ងៃទី​២៧ ខែ​ធ្នូ ​​ក្រុមតារាសម្ដែងមួយក្រុមនេះ ​​ដណ្ដើមបាន​របស់​​​​​​​​​សាលាបណ្ឌិត្យសភានគរបាលជាតិយ៉ាង​មានកត្តិយស បើទោះជាការប្រកួតនេះ មិន​ត្រូវ​បាន​ធ្វើឡើង​​​ដោយមាន​​ក្រុម​​ផ្សេង​​​ប្រកួត​​សន្សំពិន្ទុ។

លោក អ៊ិន សុភិន ​​​ប្រធានក្រុម​​​តារា​មហាហង្សបានថ្លែងបញ្ជាក់ថា ដោយ​​​សារតែ​ល្បីល្បាញថា​​ក្រុម​តារា​មហាហង្ស​មានសមត្ថភាពខ្លាំង ​តំណាងជាន់ខ្ពស់របស់​សាលា​​បណ្ឌិត្យសភា​​​​​នគរបាលជាតិ​កម្ពុជានៅ​​​​​​​​ដីឥដ្ឋ ហួស​គៀន​ស្វាយ ក៏​​​ស្នើអោយក្រុមតារា​​​សម្ដែងរបស់​លោក​​មកធ្វើការប្រកួតមិត្តភាព​ជាមួយក្រុម​​សិក្ខាកាម​របស់​ស្ថាប័នមួយនេះ ​ដោយបាន​​សម្រេច​ធ្វើពាន​កិត្តិយស​​​​​​មួយ​ទុកប្រគល់អោយអ្នកឈ្នះ។

​លោកថា​​​​​​​ ការប្រកួតមួយនោះ ត្រូវបានធ្វើឡើង​ក្រោម​វត្តមានថ្នាក់ដឹកនាំរបស់​​សាលាបណ្ឌិត្យសភា​​​នគរបាលជាតិ ដោយលោក​​ និង​ក្រុម​ទាំង​មូល​មិន​សូវមានការរំពឹង​ពីការ​​ដណ្ដើមបានពាននោះទេ ដោយសារតែ​​​ក្រុមរបស់​បណ្ឌិត្យ​សភា​នគរបាលជាតិ​ប្រាកដពីជ័យជម្នះច្រើនជាង ទើប​​​ស្នើអោយក្រុមរបស់លោកមកប្រកួត​​ជាលក្ខណៈមិត្តភាព​​​​​​​​លើកដំបូង ហើយ​ថែមទាំងធ្វើពាន​​​​កិត្តិយស និងប័ណ្ឌសរសើរ​ដើម្បីប្រគល់អោយ​អ្នកឈ្នះទៀត។

លោក អ៊ិន សុភិន បន្តថា ភាគីម្ចាស់ផ្ទះ​​មានប្រៀបច្រើនជាង​​​​​​​ក្រុម​តារា​សិល្បៈរបស់លោក ដោយ​សារ​តែ​​ទឹកដី​នៃតារាងដែល​​បើកប្រកួតនោះថ្នឹកនឹង​​ក្រុមរបស់​​​​គូប្រកួតច្រើនជាង ហើយ​​​​​​​​​​​​​​លោក​យល់​​ថា ​​​​ក្រុម​​របស់​​​​បណ្ឌិត្យសភាគនរបាលជាតិ​​​ ប្រសិន​បើថ្នាក់ដឹកនាំរបស់ស្ថាប័នមិនមានជំនឿចិត្ត ក៏មិន​​ឈានដល់​​​​ការភ្នាល់​​​​ ដើម្បី​ដណ្ដើមពានដែលរៀបចំដោយ​​​ថ្នាក់ដឹកនាំ​របស់ស្ថាប័ននោះ​ឡើយ។ ​​​​

លោកថ្លែងអារម្មណ៍សប្បាយចិត្តដែល​ក្រោយការប្រកួត ស្រាប់តែក្រុម​តារា​មហាហង្ស​ដណ្ដើមបាន​​​ជ័យជម្នះ ​ខណៈដែល​ក្រុមរបស់លោកគឺសុទ្ធតែ​ជាក្រុមផលិត និង​​​តារា​​សម្ដែង​​​ទាំងអស់ តែលទ្ធផលចុងក្រោយបែរជា​អាចយកឈ្នះលើក្រុមរបស់​​​សាលាដីឥដ្ឋបាន ដោយក្រុមទាំងមូល​​​ទទួលបាន​ពានកិត្តិយស និង​ប័ណ្ឌសរសើរ​​ក្នុងនាមជា​អ្នកឈ្នះ។ ​

ការប្រកួតនៅក្នុងថ្ងៃនោះ ​លោកថា​​រយៈពេល​​៩០នាទី ​បានត្រឹមតែ​​​​លទ្ធផល​១ស្មើប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​​​​​​​តម្រូវអោយស៊ុតប៉េណាំងទី ក្រុម​របស់លោកក៏មាន​​​​សំណាង​ស៊ុតចូលទីបាន​៥គ្រាប់ ខណៈដែលក្រុមរបស់សាលា​​​​ដីឥដ្ឋ ឬ​សាលា​​​​រាជបណ្ឌិត្យសភា​នគរបាលជាតិកម្ពុជា ​បានត្រឹមតែ​​៤គ្រាប់។

លោក អ៊ិន សុភិន ​​​​​អះអាងថា ​​​​​ក្រុមតារា​មហាហង្ស​នៅក្នុងថ្ងៃនោះមានតារា​​មក​លេងតែ​ប៉ុន្មានរូប​ប៉ុណ្ណោះ ក្នុងចំណោមតារាសម្ដែង​​​​ជាង​១០រូប ដែល​សុទ្ធតែជាក្រុម​ស្នូល​​​​ប្រចាំក្រុម ដោយសារតែ​ហេតុផល​ការកំណត់ថ្ងៃប្រកួតត្រូវ​ចំសមាជិកក្រុម​​​​​​​ជាប់ថត។ តារា​ដែលបានបង្ហាញខ្លួន​​​ចូលប្រកួតនៅក្នុងថ្ងៃនោះ​រួមមានតែ តារា​សម្ដែង​​​លោក ត្រាយ៉ាកូ (អ្នកចាំទី), ​លោក ភឹម តារា​វិបុល, ​​លោក ​​​​​​​​​​​​​​ហូ ប៉ូសេង ឬ ​​​​​ហូ នរមង្គល, ​​តារា​សម្ដែងលោក តុលា, ​​​លោក ​យុទ្ធ ឋានៈ, តារា​សម្ដែងលោក ស្រេន វុធថា, និងហ្វ្រេស៊ីប៊យ លោក ចាន់ រតនា ​ដោយក្រៅពីនោះសុទ្ធតែជា​​ក្រុមការងារ​ផលិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ