ក្រោយបញ្ចប់ក្ដី ទេព បូព្រឹក្ស ប្រកាសបែងចែកសំណង១ម៉ឺនដុល្លារជួយសង្គម

កញ្ញា ទេព បូព្រឹក្ស (រូបទី២ រាប់ពីឆ្វេង) និងភាគីពាក់ព័ន្ធ។ (រូបភាព៖ សហការី)

ក្រោយ​សម្រេចចិត្ត​បញ្ចប់ចម្រូងចម្រាស់​ផ្លូវច្បាប់​ក្រោមហេតុផលទទួលយកការសម្របសម្រួល និង​សំណង​​​ទឹកប្រាក់ត្រឹមតែ​​១ម៉ឺនដុល្លារ តារា​ចម្រៀងកញ្ញា ទេព បូព្រឹក្ស​ បានអះអាងថា ​កញ្ញា​​​នៅតែរក្សាជំហរ​​​​​យក​ទឹកប្រាក់សំណងដែលខ្លួនទទួលបាន​ទៅជួយដល់សង្គមដដែល បើទោះជា​ចំនួនដែលនាង​​ទទួលបាន​​​បានត្រឹមតែ​​​​​​​​១ភាគ១០​​​នៃសំណើ​រ​។ ​​នាង​ប្រកាស​ជំហរ​​នេះ នៅ​ក្នុង​វេទិកាសន្និសីទកាសែត​កាលពីរសៀលថ្ងៃទី​​២៨ធ្នូ ដោយមានទាំងភាគី​អ្នក​បង្ក​ចេញមុខ​សុំទោស​ជាសាធារណៈ​​​​​​​​​នៅ​ចំពោះ​មុខ​អ្នកកាសែត​។ ​

កញ្ញា ទេព បូព្រឹក្ស ​​​ថ្លែង​ថាហេតុផលដែល​កញ្ញា​​សម្រេចចិត្ត​ដក​​ពាក្យបណ្ដឹង និង​​​​យល់ព្រមបញ្ចប់​​រឿង​​​ក្ដី​ជះ​ស្រាប៊ៀ និង​​គប់​កំប៉ុង​ស្រាប៊ៀ​មកលើ​នាងនេះ គឺដោយសារតែភាគី​ជន​បង្ក​​ឈ្មោះ ​​​រស្មី ​ជានិស្សិត​​​ឆ្នាំ​​ទី១ ​ផ្នែក​​​​​គ្រប់គ្រង ​​​និង​ភាគីម្ចាស់​ហាង​​សមុទ្រនៅ​​ខាងក្រោយ​ពេទ្យ​​កុមារជាតិ ​​​​​​​​យល់ព្រម​​​​​សុំទោស​​រូបនាងជា​សាធារណៈនូវអ្វីដែលបានកើត​​ឡើង ​ទី២​​យល់ព្រម​​បង់​ជំងឺ​ចិត្ត​​អោយនាង​ចំនួន​​​១ម៉ឺនដុល្លារ និង​​​​​​បាន​ចុះកិច្ច​សន្យា​រមិនគុំគួន​គ្នា។

នាងថា ​​ខ្លួន​មិន​​​ខ្វល់ពីការ​បាន​សំណង​ត្រឹមតែ​​​​​១ភាគ​១០ក្នុងចំនួនដែលបានទារ​​នោះទេ ដោយសារតែ​​នាង​ចង់​​បានធំ​បំផុត​​គឺត្រឹមតែ​​ពាក្យសុំទោស​​​​​​​តាំងពីពេល​កើត​​ហេតុ​​​ភ្លាមៗ ប៉ុន្តែដោយសារតែ​​​​​​​​​​រឿងរ៉ាវ​​​​បានអូសបន្លាយ​​ធ្លាក់ដល់ការ​ប្ដឹង​ផ្ដល់ ទើប​នាង​​ឈានដល់​​ការ​​កំណត់ទារសំណង​​១០ម៉ឺន​ដុល្លារ លើការបាត់បង់កិត្តិយស និង​ការ​ខូចខាត​​ការងារ​​ក្នុងពេល​ចម្រូង​ចម្រាស់ ដោយ​ប្រកាសថា​នឹង​​​យក​​ប្រាក់​នោះ​​ទៅជួយ​សង្គម ​មិនប៉ះពាល់​​​​​​​​​​​​​​​ជាប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ ​

យ៉ាងណាមិញ ​នាងនៅតែប្រកាន់ជំហរ​​​​នាំយក​ទឹកប្រាក់​​១ម៉ឺនដុល្លារ ដែលបានទទួល​ពីជន​បង្ក​​នៅថ្ងៃ​សន្និសីទកាសែតនោះ​​យកទៅជួយ​ក្មេង​ៗ និង​ចាស់ជរា ដោយ​នាង​​​​សម្រេ​ចថា នឹង​យក​​​៣ពាន់ដុល្លារ​ជូន​ដល់មន្ទីរពេទ្យគន្ធបុប្ផា ​​​ហើយ​​ចំនួន​​៧ពាន់​ដុល្លារទៀត នឹង​​​​​​ប្រើសម្រាប់​ធ្វើ​កិច្ច​ការ​សង្គម​​​ផ្សេងៗ ដូច​ជាធ្វើជាអំណោយចែកដល់ចាស់ៗ និងទុរគតជន ​​ដែលនាង​នឹងប្រកាស​លើ​ផេក​នៅពេល​​​ចេញធ្វើ​សកម្មភាពម្ដង។ ​​  

​​លោក រស្មី ដែលអះអាងថាជាជនបង្កហេតុ ​​​(ពាក់អាវយឺត​ស និង​អាវក្រៅ​ពណ៌គគី) បានអះអាងថា ហេតុ​ការនៅក្នុងថ្ងៃនោះ គឺ​ដោយសារតែលោក​​ផឹកស្រវឹង ហើយ​បាត់បង់ស្មារតីទើប​​​​​​នាំអោយ​លោកឈានដល់​​​​ការ​ជះស្រាប៊ៀ និង​គប់​កំប៉ុង​ទៅកាន់តារា​ចម្រៀង​​នាង ទេព បូព្រឹក្ស ​​​​ដោយមិនបានដឹងថា​នោះជាទង្វើ​​ខុស​ឆ្គង​ឡើយ។ ​លោក​​ប្រកាសសុំទោស និង​ថា​ នឹងមិនអោយមាន​ករណីនេះជាលើកទី​២នោះឡើយ។

ដូចគ្នា​​​ភាគីខាង​ម្ចាស់​ហាង​​សមុទ្រ ក៏បាន​​​​​​​សារភាព​​ថា​​​​ហេតុផលដែល​​​លោក​មាត់ធំអោយ​ ទេព បូព្រឹក្ស មុនពេល​​​កើតរឿង ក៏​ដោយ​សារតែ​​​នោះគឺជា​រឿងយល់​​ច្រលំ​ជុំវិញ​​បញ្ហា​ម៉ោង​ពេលផងដែរ ដោយលោកមានតែ​​ប្រកាស​​សុំទោស និង​​សម្ដែងការ​សោកស្ដាយ។ ​លោក​ថា ​​​​ក្នុងហាង​សមុទ្រ​​ពិតជាមាន​កាមេរ៉ា ប៉ុន្តែកាមេរ៉ាទាំងអស់​​​​​​​មានសភាព​ខូច និង​​​ខាន​ប្រើ​​​ប្រាស់​យូរ​ហើយ ទើប​​​រូបភាព​ពាក់ព័ន្ធនឹង​​​​​​​​​ទិដ្ឋភាពដែលបានបង្កចំពោះ ទេព បូព្រឹក្ស លោកថា​មិនមាន។ ​​​

​​​ជាមួយនឹង​ការ​បញ្ចប់​ចម្រូងចម្រាស់នេះ ​​​​​អ្នកគាំទ្រ​​​ ទេព បូព្រឹក្ស ​​​​​​​យល់ថា​ជាការ​ផ្ដល់​អោយនាង​នូវ​យុត្តិធម៌មួយដ៏ប្រសើរ បើទោះ​ជា​មាន​ការវិភាគថា ​​បុរសដែល​​​មកសុំទោស​​​​ថា​ខ្លួន​​​​ជាអ្នកគប់​មានរូបរាង​ស្គម​​​មិនដូច​​​​​​​​​​បុរសដែល​​​​​​​​គេថត​​បាន​​​​​​​​​ភ្លាម ហើយការ​បក​ស្រាយ​របស់​ភាគីអ្នកអះអាងថា​ខ្លួនជាអ្នកគប់និង​ម្ចាស់ហាង មិនសូវ​សមស្រប​នឹង​​​​​អ្វីដែល ទេព បូព្រឹក្ស ​បាន​​​ប្រកាស​ក្ដែង​ៗ​​​​​​​ភ្លាមៗ​ពេលមានរឿង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ