មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានកាត់បន្ថែមថែមទៀតនូវអត្រាមរណភាពកុមារនៅក្នុងមន្ទីរពេទ្យរបស់ខ្លួននៅឆ្នាំនេះ បន្ទាប់ពីកុមារកម្ពុជាជិត ១លាននាក់ ត្រូវបានបញ្ជូនទៅស្វែងរកសេវាសុខាភិបាលនៅឯបណ្ដាមន្ទីរពេទ្យសប្បុរសទាំង ៥ទីតាំង។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ មន្ទីរពេទ្យសប្បុរសធម៌មួយនេះ បានអះអាងថា ខ្លួនបានទទួលពិនិត្យព្យាបាលកុមារកម្ពុជាដល់ទៅជាង ៩៦ម៉ឺននាក់នៅឆ្នាំ២០១៨នេះ ក្នុងនោះកុមារជាង ១៦ម៉ឺននាក់ ត្រូវបានដាក់ឲ្យព្យាបាល ហើយកុមារដល់ទៅជាង ១ម៉ឺន ៤ពាន់នាក់ទៀត ត្រូវបានរកឃើញថា មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរ។
មន្ទីរពេទ្យគន្ធបុប្ផាបានអះអាងសេចក្ដីប្រកាសព័ត៌មានដដែលថា អត្រាមរណភាពកុមារនៅក្នុងមន្ទីរពេទ្យទាំង ៥ទីតាំងរបស់ខ្លួន បានធ្លាក់ចុះ ០.២៣ភាគរយ បើធៀបនឹងអត្រាមរណភាពកុមារ ០.២៥ភាគរយកាលពីឆ្នាំ២០១៧កន្លងមក។
មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបង្កើតឡើងដោយស្ថាបនិកលោកវេជ្ជបណ្ឌិត Beat Richner កាលពីឆ្នាំ១៩៩២ ដើម្បីផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតតម្លៃទៅដល់កុមារកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មានកាលពីខែវិច្ឆិកាកន្លងមកនេះ មូលនិធិមិនតិចជាង ៦៧២លានដុល្លារហើយ ត្រូវបានប្រើប្រាស់សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផានៅក្នុងរយៈពេល ២៦ឆ្នាំកន្លងមកនេះ៕