អាជ្ញាធរខេត្តព្រះសីហនុឃាត់ខ្លួន​ជនជាតិ​ចិនម្នាក់ ​​​ករណី​មនុស្សឃាត​លើ​ជន​ជាតិ​ចិន​ដូចគ្នា​

ជនជាតិ​ចិន​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ ត្រូវ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា​ នៅ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​និង​៥០​នាទី​ នៅ​ក្រុម​ទី​៦​ ភូមិ​២​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ បាន​ធ្វើការ​ឃាត់ខ្លួ​នជនជាតិ​ចិនម្នាក់​ក្នងចំណោម​បក្សពួក​៣នាក់​ ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា​លើបុរស​ម្នាក់ដែលជាជន​ជាតិ​ចិន​ដូចគ្នា។

​គេហទំព័រអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​បាន​ដកស្រង់​របាយការណ៍​របស់​មន្ត្រី​នគរបាល​​ខេត្ត​ព្រះ​សីហ​នុ បាន​​ចុះផ្សាយ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ២០១៩ នេះ ថា ​កាល​ពីម្សិលមិញ​​ជន​សង្ស័យ​ជា​ជន​ជាតិចិន​​​​៣នាក់ បាន​ធ្វើ​សកម្មភាព​សម្រុកចូល​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិនដូចគ្នា​ដែល​មាន​មុខរបរ​ជាវិស្វករ។

ប្រភព​ដដែល​ឲ្យដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​​ បាន​ប្រើ​កូន​កាំបិត​ស្នៀត​ ០១​ដើម​ និង​កាំភ្លើងខ្លី​០១​ដើម​ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​វាយ​ និង​យក​កាំភ្លើង​ភ្ជង់​គម្រាមកំហែង​ជីវិត​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​រថយន្ត ​តែត្រូវ​កម្មករ​របស់​ជន​រង​គ្រោះ​ឃើញ​ទើប​ពួកគេនាំគ្នារត់​គេចខ្លួន។ ប្រភពខាងលើ ឲ្យដឹង​បន្ថែម​ថា ចំពោះ​ជនសង្ស័យ​០២​នាក់ទៀត​​ដែល​រត់គេច ​កម្លាំង​សមត្ថ​កិច្ចខេត្តព្រះសីហនុ​​កំពុង​ស្វែងរក​ចាប់ខ្លួនពួកគេ។

តាមការចុះផ្សាយ​​របស់​គេហទំព័រអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ការវាយប្រហារនេះ បានបណ្ដាលឲ្យ​ជន​រងគ្រោះ​​​រង​របួស​ស្នាម​ជាំ​នៅ​កញ្ចឹងក។

យោងតាមរបាយការណ៍ ចុះកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដែលផ្ញើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ជនបរទេសចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ៣៨៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺ ៤ ៤៩៨នាក់ ឥណ្ឌូណេស៊ី មាន៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ និងជនជាតិផ្សេងៗទៀត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ