​ជន​ជាតិ​វៀត​ណាមបម្លាស់​ទី​ពី​​ទន្លេសាប ថា​មិនអាច​​ទៅ​រស់​នៅ​​ទីតាំងថ្មីព្រោះ​ឆ្ងាយពី​កន្លែងរកស៊ី​

ទូក​នេសាទ​វៀតណាម​(រូបថត៖ បូ សាវី)

ជនជាតិ​វៀតណាមដែលទើបតែ​បម្លាស់​​ទីពី​ផ្ទៃបឹង​ទន្លេសាបមួយចំនួន​ បាន​ត្អូញ​ត្អែរ​ថា ​ពួក​គេមិន​អាច​​​រស់​នៅលើ​ទីតាំង​ដែលរៀប​ចំ​ដោយ​អាជ្ញាធរបាន​ទេ​ ដោយថា ​កន្លែង​ថ្មី​មិន​ទាន់​មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ហើយ​ម្យ៉ាង​ទៀត​​វា​នៅ​ឆ្ងាយ​ពី​ទីតាំងប្រកបរបរ​ចិញ្ចឹម​ជីវិត​​របស់​ពួកគេ​ផងដែរ។

លោក ង្វៀង យ៉ាំងហង អាយុ ៦៣ ឆ្នាំ ជាតំណាងជនជាតិវៀតណាមក្នុង ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានឲ្យ​ដឹងថា រូបលោកនិងជនជាតិ​វៀតណាម​ដែល​រស់​នៅលើ​ផ្ទៃបឹងទន្លេសាបប្រមាណ២៥០គ្រួសារផ្សេងទៀត បានចល័តមករស់នៅលើដីគោក​តាំងតែពីដើមខែតុលាមកម្ល៉េះ។ ប៉ុន្តែលោក ង្វៀង យ៉ាំងហង អះអាងថា​ លោកនិង​គ្រួសារ​ជន​ជាតិវៀតណាម​មួយចំនួន​ទៀត​​មិនបាន​ទៅរស់​នៅ​ទីតាំង​ដែល​រៀបចំដោយ​អាជ្ញាធរខត្តកំពង់​ឆ្នាំងឡើយ ដោយថា​ទីតាំងនោះ​មិន​ទាន់​មានការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រួចរាល់​​នៅឡើយ​។

លោកបាននិយាយថា៖ « លោក សម្តេចគាត់មានបញ្ជាអោយខាងអាជ្ញាធរហ្នឹងដែរ ខ្ញុំលឺ តែពួកខ្ញុំក្រោយ ខ្សែរយៈខ្ញុំ ក៏នៅលើវៀតណាមដែរហ្នឹង។ ស្ថានទូតក៏បាននិយាយដែរ ប៉ុន្តែបងប្អូនអាជ្ញាធរកម្ពុជា ត្រូវតែចល័តប្រជាជនវៀតណាមឡើងគោក​ មានថ្នល់ មានភ្លើង មានទឹកអនាម័យ មានបង្គន់ មានអីស្រាប់​ មានសាលារៀន ពេទ្យ មណ្ឌលហ្នឹង ប៉ុន្តែចល័តអង្កាល់ហ្នឹងពួកខ្ញុំជាងពីរខែហើយ មិនទាន់មានអីទាំងអស់។»

រដ្ឋាភិបាលបានរៀបចំដីនៅក្នុង ភូមិដំបូកកកោះ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង ឲ្យជនជាតិ​វៀតណាមដែលត្រូវធ្វើ​បម្លាស់​ទី​ពី​ផ្ទៃបឹងទន្លេសាប​ អាច​រស់នៅអចិន្ត្រៃយ៍។ លោក ង្វៀង យ៉ាំងហង បាន​ឲ្យ​ដឹងទៀត​ថា ​មូល​ហេតុ​មួយ​ទៀតដែល​ពួកគេ​មិន​ចង់​ទៅរស់​នៅ​ទី​តាំងថ្មីក្នុង​ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ហើយនៅតែបន្តរស់នៅ​ឃុំសែប ស្រុកកំពង់ត្រឡាច ដដែល​ ​ព្រោះ​កន្លែង​ថ្មី​​នៅ​ឆ្ងាយពី​ទីតាំង​ប្រកប​របរទទួល​ទាន​ប្រចាំថ្ងៃរបស់​ពួកគេ។​

តំណាងជនជាតិ​វៀតណាម ឃុំសែប ស្រុកកំពង់ត្រឡាច រូបនេះ មានប្រសាសន៍យ៉ាងដូច្នេះ​​​ថា ៖ «ពួកខ្ញុំរបររកស៊ីនៅនេះ ព្រោះអីឆ្ងាយទឹកមិនបានទេ ឥឡូវទូក ម៉ាស៊ីន បែត្រីនៅហ្នឹងដដែល បើឡើង​ទៅកន្លែងនោះ ដំបូកកោះហ្នឹង កន្លែងរលាប្អៀរ​ ហួសកំពង់ឆ្នាំងទៀតហ្នឹងវាឆ្ងាយពីទន្លេ វាជាងបីគីឡូ ពីរគីឡូកន្លះអីហ្នឹង ប៉ុន្តែវាឆ្ងាយពេក ពីព្រោះអីអត់មានអ្នកណាមើលថែរបរបាន។ »

អ្នកស្រី ង្វៀង ធីម៉ី អាយុ ៥៨ឆ្នាំ ជនជាតិ​វៀតណាមនៅក្នុងឃុំសែប មានមុខរបរជាអ្នកចិញ្ចឹមត្រីបានត្អូញត្អែរពីបញ្ហាទីតាំងថ្មីនិងស្ថានភាពនៅទីនោះ ដោយថា មិនទាន់អាចរស់នៅបាននៅឡើយ។ អ្នកស្រី បន្តថា ដោយសារ​មូល​ហេតុនេះហើយ ទើប​គាត់​សម្រេច​ចិត្តជួលដី​ពីប្រជាជនខ្មែរនៅក្នុងភូមិឃុំដែល​អ្នកស្រី​រស់​នៅ ដោយសារតែវានៅជិតមាត់ទឹកជាកន្លែងចិញ្ចឹមត្រីរបស់​អ្នកស្រី​។

លោកស្រី បានប្រាប់​ឲ្យ​ដឹង​ថា៖ «ដីហ្នឹងហា​ គេមិនទាន់ធ្វើផ្ទះ មិនទាន់ធ្វើបង្គន់ស្អីទាំងអស់ពីមាត់កំពង់ទៅដល់ដីហ្នឹងបីគីឡូដី។ អញ្ចឹង អូនឯងរកស៊ីត្រីអញ្ចេះ ចិញ្ចឹមត្រីអូនឯងទៅហ្នឹង របស់ចោល។»

លោក យឿង សុផល ជាមេឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថាជនជាតិវៀតណាម​ជាង១០០គ្រួសារបានធ្វើការចល័តពីផ្ទៃបឹង​ទន្លេសាប​មកលើគោក តែមិនបានចាកចេញ​ពីឃុំ​នេះទៅទីតាំងថ្មីនោះទេ ដោយសារ តែវាអាចនឹងប៉ះពាល់នូវមុខរបរចិញ្ចឹមត្រី​របស់ពួកគេ។

លោកថា៖ «គាត់មិនចង់ហ្នឹង ទីមួយពេលដែលគាត់នៅក្នុងទឹក គឺគាត់មានកាណូត គាត់មានបែត្រី។ ចឹងបើកាលណាគាត់ទៅនៅឆ្ងាយពីផ្ទៃទន្លេ មានន័យថា អត់មានពីណាមើលមើលកាណូត មើលទូកគាត់ ចឹងអាចបែក អាចលិច ហើយការដាក់ចំណីត្រីហ្នឹងក៏វាឆ្ងាយ វាធ្វើអោយលំបាក ហើយការបាត់បង់ ការខូចខាត ការយាមការ វាពាក់ព័ន្ធចឹងទាំងអស់។»

ប្រធានសមាគមវៀតណាមប្រចាំខេត្តកំពង់ឆ្នាំង លោក ប៊ួច វ៉ឹងប៊ែល បានប្រាប់ ​វី.អូ.ឌី ថា សមាគមលោក​ មិនមានថវិកាដើម្បីជួយទៅដល់ប្រជាជនខ្មែរវៀតណាមទាំងនោះទេ បានត្រឹមតែជ្រោមជ្រែងក្នុងការធ្វើកិច្ចការមួយចំនួនតែប៉ុណ្ណោះ។

លោកថា៖ «សមាគមវៀតណាមបានតែជួយជ្រោមជ្រែងជាមួយគាត់ ហើយរំលឹកជាមួយគាត់អ្វីដែលអាចធ្វើបាន។ បើនិយាយរឿងថវិកា ខាងសមាគមវៀតណាមអត់មានទេ ចឹងបានតែ ឧទាហរណ៍ ជួយហៅសប្បុរសជន ខាងក្រុមការងារផ្សេងៗឬអាជ្ញាធរ អ្វីដែលអាចជួយប្រជាជនយើងបានគេជួយហើយណា។ ឧទាហរណ៍ ជូនជាអំណោយ ឬឈូសផ្លូវឲ្យប្រជាជន​ដើរឲ្យ​ស្រួល ឬ​ ទឹក ហើយខួងអណ្តូងអោយប្រជាជនប្រើហ្នឹង។​ មានតែប៉ុណ្ណឹង ប៉ុន្តែជួយអីធំៗ សមាគមអត់មានថវិកាទេ។»

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធិ បានប្រាប់​ថា ដីថ្មីជាង៤០ហិកតាដែលរដ្ឋាភិបាលរៀបចំទុកឲ្យ​ជន​ជាតិខ្មែរ​វៀតណាមរស់នៅមិន​ទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ គឺដោយសារតែរដ្ឋាភិបាលឲ្យ​ពួកគេធ្វើការផ្លាស់ទីមុនផែនការដែលកំណត់។​

លោក បានមានប្រសាសន៍​ថា៖ «ឥឡូវនេះ ដោយសារតែបងប្អូនគាត់នៅបណ្តោះអាសន្ននេះអត់អីទេ ដោយសារគាត់មានភ្លើងមានអីធម្មតាចឹងព្រោះគាត់នៅជាប់ទន្លេដែរទេ ប្រហែលជា៥០ ទៅ ១០០ម៉ែត្រពីទន្លេ ចឹងវាអត់មានបញ្ហាប្រឈមធ្ងន់ធ្ងរនោះទេ។ តែយើងកំពុងតែធ្វើការជំរុញឲ្យ​គាត់រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅអាតំបន់ទីតាំងអចិន្ត្រៃយ៍ហ្នឹងឲ្យ​បានលឿន ចឹងយើងជំរុញប្រហែលជាប្រើពេល៦ខែ ចាប់ពីពេលហ្នឹងទៅ ឥឡូវកំពុងតែធ្វើប្រតិបត្តិការ កំពុងតែដំណើរការហើយ។»

រដ្ឋាភិបាលកម្ពុជា បានដាក់​ចេញនូវ​ផែនការ​បម្លាស់ទីជនជាតិ​វៀតណាមដែលរស់នៅផ្ទៃបឹង​ ទន្លេសាបមកនៅលើគោកវិញ​ ចាប់ផ្តើមតាំងតែពីខែកក្កដា ឆ្នាំ២០១៥មកម្លេះ ហើយរំពឹងថានឹងសម្រេចទាំងស្រុងនៅ​មុនឆ្នាំ២០១៩។

បើ​តា​ម​អិបាល​រង​ខេត្ត​កំពង់ឆ្នាំង  លោក ស៊ុន សុវណ្ណរិទ្ធិ គិតរហូតមកដល់​ពេលនេះ ជនជាតិ​វៀតណាម​ចំនួន​៤០០០គ្រួសារ​ បានធ្វើការ​ផ្លាស់​ទី​ចេញ​ពី​ផ្ទៃបឹង​ទន្លេរួចហើយ​។ លោក ស៊ុន សុវណ្ណរិទ្ធិ ឲ្យដឹង​ថា នៅសល់​តែ​៧៥០គ្រួសារ​ទៀតប៉ុណ្ណោះ ដែលអាជ្ញាធរអនុញ្ញាតឲ្យ​បន្តរស់​នៅទីនោះ​រហួតដល់ខែកក្កដា ឆ្នាំ២០១៩  ក្នុង​ទីតាំង​៦​គោល​ដៅ​ ​ដើម្បី​ឲ្យ​ពួក​គេ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ផ្លាស់​មក​រស់​នៅ​កន្លែង​ថ្មី និង​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​របរ​ចិញ្ចឹម​ត្រី​របស់​ពួកគេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ