វិភាគ៖ ដើម្បីធានាកំណើនសេដ្ឋកិច្ចកម្ពុជា តើធនាគារពិភពលោកបានផ្ដល់អនុសាសន៍ដូចម្ដេចខ្លះ? (ភាគបញ្ចប់)

ស្ថានភាពចរាចរតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហេង វិចិត្រ)

កាល​ពី​ភាគ ១ ផ្នែក​មួយ​ចំនួន​នៃ​អនុសាសន៍​របស់​​ធនាគារ​ពិភព​លោក​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​​ក្នុង​របាយការណ៍​ស្ដី​ពី​ «បច្ចុប្បន្នភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៨» នោះ ដូចជា​ ការ​ផ្ដល់​មតិ​ឲ្យ​កែ​លម្អ​ស្ថានភាព​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​ចូល​មក​កម្ពុជា ការ​កែ​លម្អ​​ឧស្សាហកម្ម​ទេសចរណ៍​ដើម្បី​ប្រណាំង​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង ការកែលម្អ​វិស័យ​កសិកម្ម​ដើម្បី​ពង្រីក​កំណើន​ផលិតកម្ម កម្លាំង​ពលកម្ម និង​សម្រប​សម្រួល​ទៅ​តាម​តម្រូវការ​ផលិតផល​កសិកម្ម​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ជាដើម។

បទ​វិភាគ​នៅ​ក្នុងភាគ​បន្ត​ទៅ​ទៀត​នេះ នឹង​បង្ហាញ​ជូន​នូវ​អនុសាសន៍​ដទៃ​ទៀត​របស់​ធនាគារ​ពិភព​លោក ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នោះ សម្រាប់​ឲ្យ​កម្ពុជា​យក​ទៅ​ពិចារណា​ និង​សម្រេច​ថា តើ​ត្រូវ​កែ​លម្អ​អ្វី​ខ្លះ​ទៀត ដើម្បី​ធានា​បាន​ថា ​សេដ្ឋកិច្ច​កម្ពុជា នឹង​នៅ​តែ​រក្សា​បាន​កំណើន​នៅ​ឆ្នាំ​ខាង​មុខ​ទៀត។

នៅ​ក្នុង​វិស័យ​កសិកម្ម​ ការ​សិក្សា​របស់​ក្រុម​អ្នក​ជំនាញ​របស់​ធនាគារ​ពិភព​លោក បាន​រក​ឃើញ​ថា កំណើន​ប្រាក់​ចំណូល​របស់​ប្រជាជន និង​កំណើន​នគរូបនីយកម្ម​ជាមួយ​ការ​រីក​លូត​លាស់​យ៉ាង​លឿន​នៃ​វិស័យ​ទេសចរណ៍ កំពុង​តែ​ផ្លាស់​ប្ដូរ​តម្រូវការ​ម្ហូប​អាហារ​របស់​គ្រួសារ​ប្រជាជន​កម្ពុជា ជា​ពិសេស​ការ​បរិភោគ​ផលិត​ផល​សាច់។

ទោះជាយ៉ាងណា នៅ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ពិពិធកម្ម ឬ​ការ​កែ​ប្រែ​ផលិតកម្ម​សាច់​សត្វ និង​ជលផល នៅ​តែ​មិន​ទទួល​បាន​ជោគ​ជ័យ​នៅ​ឡើយ បើ​ទោះបី​ជា​តម្រូវការ និង​តម្លៃ កើន​ឡើង​ខ្ពស់​ក៏​ដោយ។

ដើម្បី​ដោះ​ស្រាយ​កង្វះ​ចន្លោះ​នេះ ធនាគារ​ពិភព​លោក បាន​លើក​ឡើង​ថា យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ជំរុញ​ពិពិធកម្ម​កសិកម្ម ក្នុង​នោះ​មាន​ទាំង​ការ​បង្កើត​ឲ្យ​មាន​ផលិត​ផល​មាន​គុណភាព​ខុសៗ​គ្នា នឹង​ជួយ​ឲ្យ​វិស័យ​មួយ​នេះ ឆ្លើយ​តប​បាន​ទៅ​តាម​​ការ​ប្រែ​ប្រួល​នៃ​តម្រូវការ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

ខណៈ​ដែល​កម្ពុជា​សម្រេច​បាន​កាន់​តែ​ធំ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ទូទាំង​ប្រទេស​ជាមួយ​អត្រា​គ្រួសារ​ពលរដ្ឋ​កម្ពុជា​ដល់​ទៅ ៩៥​ភាគរយ សុទ្ធ​តែ​មាន​ជម្រក​រស់​នៅ​នោះ ប៉ុន្តែ ពលរដ្ឋ​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់ នៅ​តែ​មាន​គម្លាត​ធំ​ដដែល។ បើ​តាម​របាយការណ៍​ធនាគារ​ពិភព​លោក គ្រួសារ​ពលរដ្ឋ​កម្ពុជា​ដល់​ទៅ ៤៧​ភាគរយ នៅ​តែ​បន្ត​ប្រើ​ប្រាស់​ទឹក​មាន​ប្រភព​មិន​ស្អាត ដូចជា អណ្ដូង​ទឹក​គ្មាន​អ្វី​ការពារ ស្រះ​ទឹក ទឹក​ស្ទឹង ឬ​ទន្លេ ឬ​ក៏​ទឹក​អូរ និង​ទឹក​ភ្លៀង​ដែល​គ្មាន​ការ​ចម្រោះ​សម្អាត​នោះ​ឡើយ។ តែ​យ៉ាង​ណា ចំនួន​ពលរដ្ឋ​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​បាន​ធ្លាក់​ចុះ បើធៀប​នឹង​តួលេខ ៦៤​ភាគរយ​នៅ​ឆ្នាំ​២០១០។

នៅ​ក្នុង​ចំណុច​លម្អិត​មួយ ធនាគារ​ពិភព​លោក​បាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​មិន​តិច​ជាង ២០​ឆ្នាំ​ចុង​ក្រោយ ដែល​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ចាត់​ទុក​ជា​មេរៀន​សម្រាប់​ការ​ប្រកួត​ប្រជែង​ទៅ​ថ្ងៃ​អនាគត។

បើ​ធនាគារ​ពិភព​លោក រយៈ​ពេល​ជាង ២​ទសវត្សរ៍​មក​នេះ កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ចរឹង​មាំ​តាម​រយៈ​វិស័យ​ទេសចរណ៍ និង​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​ចូល​មក​កម្ពុជា​ដើម្បី​បង្កើត​រោងចក្រ​សម្រាប់​ផលិត​ផលិត​ផល​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ដែល​ចំណុច​វិជ្ជមាន​មួយ​នេះ បាន​រុញ​កម្ពុជា​ឲ្យ​ក្លាយទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប។

តែ​យ៉ាង​ណា ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា អ្វី​ដែល​អ្នក​បង្កើត​គោល​នយោបាយ​ជាន់​ខ្ពស់​របស់​កម្ពុជា​​គួរ​តែ​ពិចារណា​នោះ គឺ​ការ​សម្រេច​បាន​ពិត​ប្រាកដ​នៅ​ក្នុង​ផលិតកម្ម និង​ភាព​ប្រកួត​ប្រជែង ដែល​បញ្ហា​ទាំង​ពីរ​នេះ នៅ​តែ​នៅ​មាន​កម្រិត​នៅ​ឡើយ។

បើ​តាម​ធនាគារ​ពិភព​លោក ក្រុម​វិនិយោគិន​បរទេស​ដែល​ប្ដេជ្ញា​បន្ត​វិនិយោគ​នៅ​កម្ពុជា​ បាន​បញ្ជាក់​ថា តម្លៃ​ពលកម្ម​ទាប ភាព​អនុគ្រោះ​ខ្ពស់​លើ​ផ្នែក​ពន្ធ​គយ និង​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​ពួកគេ​វិនិយោគ​នៅ​កម្ពុជា។

ប៉ុន្តែ ធនាគារ​មួយ​នេះ បាន​លើក​ឡើង​ថា ការ​ងើប​ឡើង​នៃ​ប្រទេស​មីយ៉ាន់ម៉ា​(ភូមា) និង​បណ្ដា​ប្រទេស​មាន​តម្លៃ​ពលកម្ម​ទាប​ដទៃ​ទៀត នឹង​សាក​ល្បង​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការ​បន្ត​រក្សា​ឋានៈ​ជា​ប្រទេស​ទាក់​ទាញ​លំហូរ​ទុន​វិនិយោគ​ខ្ពស់ ដើម្បី​ធានា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ។

នៅ​ក្នុង​ផ្នែក​មួយ​ទៀត​នៃ​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​ចូល​កម្ពុជា ធនាគារ​ពិភព​លោក​បាន​ផ្ដល់​ជា​មតិ​ឲ្យ​កម្ពុជា​ជំរុញ​ភាព​ចម្រុះ​បែប​នៃ​ការ​នាំ​ចេញ និង​ទំនាក់​ទំនង​សង្វាក់​ផ្គត់ផ្គង់ ដែល​ស្ថាប័ន​មួយ​នេះ ចាត់​ទុក​ជា​បណ្ដាញ​ដ៏​សំខាន់​ដែល​ក្រុមហ៊ុន​បរទេស​អាច​ផ្ទេរ​បច្ចេកវិទ្យា វិធីសាស្ត្រ និង​របៀប​នៃ​ការ​គ្រប់​គ្រង​មក​កាន់​កម្ពុជា។

បើ​តាម​ធនាគារ​ពិភព​លោក បញ្ហា​នេះ អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ជំរុញ​សហគ្រាស និង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ឲ្យ​រីក​ដុះ​ដាល​ឡើង និង​ចាប់​យក​ចំណែក​ណា​មួយ​នៃ​ទុន​វិនិយោគ​ពី​បរទេស ចំណេះ​ដឹង និង​បច្ចេកវិទ្យា​​នៃ​វិនិយោគិន​បរទេស​ចូល​មក​ក្នុង​សេដ្ឋកិច្ច​ប្រទេស។

នៅ​ក្នុង​ផ្នែក​មួយ​ដែល​និយាយ​អំពី​គោលដៅ​របស់​កម្ពុជាដែល​ចង់​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣៥ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ខាង​មុខ ធនាគារ​ពិភព​លោក​លើក​ឡើង​ថា កម្ពុជា​ត្រូវ​តែ​រក្សា​ឲ្យ​បាន​នូវ​ទំហំ​វិនិយោគ​កម្រិត​ខ្ពស់​ជាង​ពេល​សព្វ​ថ្ងៃ​នេះ ពោល​គឺ​ត្រូវ​បង្កើន​ទំហំ​វិនិយោគ​ឲ្យ​ដល់​កម្រិត ២៨.៥​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល​នៅ​​ត្រឹម​​ឆ្នាំ​២០៣០។

បញ្ហា​សំខាន់​មួយ​ទៀត​ដែល​ធនាគារ​ពិភព​លោក​លើក​ឡើង​នោះ គឺ​ថា កម្ពុជា​ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​ប្រែ​ក្លាយ​ខ្លួន​ពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច និង​ជា​ពិសេស​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ការ​រឹត​ត្បិត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ស្វែងរក​កម្ចី​បែប​សម្បទាន​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​ទៀត​នេះ។

​ធនាគារ​ពិភព​លោក ផ្ដល់​ជា​មតិ​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​នា​ពេល​សព្វ​ថ្ងៃ​នេះ ឲ្យ​ស្រប​ទៅ​នឹង​លក្ខខណ្ឌ​ចាំ​បាច់​នានា ដើម្បី​រក្សា​បាន​ចូល​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ បញ្ហា​នេះ ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា ការ​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ខ្លះ​ពី​សហគមន៍​អឺរ៉ុប វា​ប្រសើរ​ជាង​គ្មាន​បាន​ទទួល​អ្វី​សោះ។

នៅ​​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ឯនោះ​វិញ ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា ហានិភ័យ​កំពុង​តែ​កើន​ឡើង ដោយសារ​តែ​​កម្ចី​ក្នុង​ស្រុក​​នៅ​តែ​បន្ត​សំដៅ​ទៅ​រក​តែ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ។ ធនាគារ​ពិភព​លោក​បញ្ជាក់​ទៀត​ថា បញ្ហា​មួយ​នេះ បូក​រួម​ទាំង​អត្រា​ដាក់​ប្រាក់​សន្សំ​នៅ​ក្នុង​ស្រុក​មាន​កម្រិត​ទាប​ទៀត​នោះ វា​កាន់​តែ​ធ្វើ​ឲ្យ​វិស័យ​ហិិរញ្ញវត្ថុ​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ។

ក្រៅ​ពី​កត្តា​ក្នុង​ស្រុក​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​ដំណើរ​រីក​លូត​លាស់​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ហើយ​នោះ ធនាគារ​ពិភព​លោក​ក៏​បាន​លើក​ឡើង​ពី​ហានិភ័យ​មក​ពី​ខាង​ក្រៅផង​ដែរ។ បញ្ហា​ខាង​ក្រៅ​ដែល​ធនាគារ​មួយ​នេះ​លើក​ឡើង​មាន​ដូច​ជា បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា និង​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក-ចិន។

ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ការ​រក្សា​បាន​ឱកាស​ចូល​ទៅ​ទីផ្សារ​សហគមន៍ ដោយ​ថា ទីផ្សារ​រួម​មួយ​នេះ បាន​ស្រូប​យក​ផលិត​ផល​នាំ​ចេញ​ពី​កម្ពុជា​ដល់​ទៅ ១ ​ភាគ ៣ នៅ​ក្នុង​ចំណោម​ផលិត​ផល​សរុប​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​គឺ​ផលិត​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង។

បើ​តាម​ធនាគារ​ពិភព​លោក ប្រសិន​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​អឺរ៉ុប កម្ពុជា​នឹង​បាត់​បង់​ចំណែក​ទីផ្សារ​នាំ​ចេញដ៏​សំខាន់ ហើយ​វា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​យ៉ាង​ពិត​ប្រាកដ ប្រសិន​បើ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្ដោះ​អាសន្ន ចូល​ជា​ធរមាន​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់​ ១២​ខែ​ទៀត​នោះ។ ប្រសិន​បើ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ​ទំនិញ​ភាគ​ច្រើន​ដែល​នាំ​ចេញ​ពី​កម្ពុជា នឹង​ត្រូវ​បង់​ពន្ធ​គយ ១២​ភាគរយ។ ធនាគារ​មួយ​នេះ​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ គ្មាន​ការ​សិក្សា​ណា​មួយ​អំពី​ផល​ប៉ះ​ពាល់​នៅ​ឡើយ​ទេ។

ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក-ចិន​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ ត្រូវ​បាន​ធនាគារ​ពិភព​លោក​មើល​ឃើញ​ថា អាច​ជា​សញ្ញា​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង។ សម្រាប់​ចំណុច​វិជ្ជមាន ធនាគារ​មួយ​នេះ លើក​ឡើង​ថា វា​នឹង​ផ្ដល់​ឱកាស​ដល់​ប្រទេស​ភាគ​ច្រើន​បង្កើន​ការ​នាំចេញ​ទៅ​អាមេរិក ហើយ​ក្រុមហ៊ុន​ចិន​​ជាច្រើន នឹង​ផ្លាស់​ប្ដូរ​ទីតាំង​ផលិតកម្ម​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត ក្នុង​នោះ​កម្ពុជា​ក៏​ទទួល​បាន​ផល​ចំណេញ​ផង​ដែរ។

ទោះជាយ៉ាងណា ធនាគារ​ពិភព​លោក​ក៏​បាន​អះ​អាង​ផង​ដែរថា ជម្លោះ​នេះ​ក៏​មាន​សញ្ញា​អវិជ្ជមាន​ផង​ដែរ ជាពិសេស​ទៅ​លើ​សង្វាក់​ផលិត​កម្ម​នៅ​ប្រទេស​ដទៃ​ទៀត។ បញ្ហា​នេះ​នឹង​ជំរុញ​ឲ្យ​អាមេរិក​បង្កើន​តម្លៃ​លើ​ទំនិញ​របស់​ចិន​នៅ​អាមេរិក ដោយ​វា​នឹឹង​កាត់​បន្ថយ​ចំនួន​នាំ​ចូល។ នៅ​ពេល​បញ្ហា​នេះ​កើត​ឡើង វា​នឹង​ជះ​ឥទ្ធិពល​បន្ត​ទៅ​ដល់​សង្វាក់​តម្លៃ​នៅ​ក្នុង​តំបន់ នាំ​ឲ្យ​ចិន​កាត់​បន្ថយ​​តម្រូវការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ សម្រាប់​ផលិត​ទំនិញ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក។ តែ​ត្រង់​ចំណុច​នេះ ធនាគារ​ពិភព​លោក​មើល​ឃើញ​ថា កម្ពុជា​រង​ផល​ប៉ះ​ពាល់​តិច​តួច​ប៉ុណ្ណោះ។

វិស័យ​​ដែល​ធនាគារ​ពិភព​លោក​មើលថា​នឹង​រង​ផល​ប៉ះ​ពាល់​ពី​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក-ចិន​នោះ គឺ​ឧស្សាហកម្ម​ទេសចរណ៍ និង​លំហូរ​ទុន​វិនិយោគ​ពី​ប្រទេស​ចិន។ បញ្ហា​នេះ ត្រូវ​បាន​ធនាគារ​ពិភព​លោក លើក​ឡើង​ថា ​​​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំណែក​កាន់​តែ​ធំ​ឡើងៗ​នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចូល​មក​កម្ពុជា ប៉ុន្តែ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ៧​ប្រទេស​ផ្សេង​ទៀត បែរ​ជាធ្លាក់​ចុះ​ទៅ​វិញ ដែល​បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​​ប្រភព​ចំណូល​​នៃសេដ្ឋកិច្ច​ជាតិ។

អនុសាសន៍ ត្រូវ​បាន​ធនាគារ​ពិភព​លោក​លើក​ឡើង​ហើយ​នៅ​ក្នុង​របាយការណ៍​ «បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា» ប៉ុន្តែ ចំណោទ​ស្ថិត​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​ជាន់​ខ្ពស់ នឹង​ទទួ​ល​យក​ទៅ​កែ​លម្អ​តាម ឬ​ក៏​មិន​ទទួល​យក ឬ​ក៏​រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ​នេះ មាន​ការ​សិក្សា​ផ្សេង​រក​ឃើញ​លើស​ពី​ធនាគារ​ពិភព​លោក​ទៅ​ទៀត?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ