ក្មេងប្រុសម្នាក់បាត់បង់ជីវិតបណ្តាលមកពីការបាក់ច្រាំងទន្លេមេគង្គ

ហេតុការណ៍​បាក់ច្រាំងទន្លេមួយ បង្កការភ្ញាក់ផ្អើលឡើង នៅវេលា​ម៉ោង១០និង១០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចំណុចមាត់​ទន្លេមេគង្គ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

ក្មេងប្រុសម្នាក់បាត់បង់ជីវិត ហើយក្មេងប្រុសបីនាក់ទៀតរួចផុតពីគ្រោះថ្នាក់ក្នុងករណីបាក់ច្រាំងទន្លេមេគង្គ នៅស្រុកមុខកំពូល ខេត្តកណ្តាល នាដើមសប្តាហ៍នេះ ប៉ុន្តែសកម្មជនបរិស្ថានសង្ស័យថា ករណីបាក់ច្រាំងនេះពាក់ព័ន្ធការបូមខ្សាច់។

យោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ក្នុងករណីបាក់ច្រាំងទន្លេ កាលពីថ្ងៃទី៣១ ​​​ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ បណ្តាលឲ្យក្មេងប្រុសចំនូន៤នាក់ធ្លាក់ចូលក្នុងទន្លេមេគង្គ ដោយបាត់ខ្លួនម្នាក់​ និងផុតពីគ្រោះថ្នាក់ចំនូន៣នាក់។ ក្មេងប្រុស​ដែលបាន​បាត់ខ្លួន​នោះឈ្មោះ ឃាន់ ម៉េងហេង ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅអនុវិទ្យាល័យ​ព្រែកដំបង ។ 

ប្រភពដដែលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ និងមិត្តភក្តិរបស់គាត់បាននាំគ្នាទៅឈរលើច្រាំងជាប់មាត់ទន្លេបន្ទាប់ចេញពីសាលារៀន ហើយបាននាំគ្នា​យកជើង​អង្រុនដី ស្រាប់តែពេលនោះក៏បាក់ស្រុតដីចូលក្នុងទន្លេ បណ្តាលឲ្យ​ក្មេងប្រុសទាំង៤នាក់ ធ្លាក់ចូល​ក្នុងទឹក​ទន្លេ ខណៈនោះក្មេងប្រុសចំនួន៣នាក់ បានស្រវ៉េស្រវ៉ាហែល​ឡើងមកលើ​គោករួចខ្លួន រីឯក្មេងប្រុសរងគ្រោះនោះ បានបាត់​ខ្លួនធ្លាក់ទៅ​ក្នុង​ច្រាំងទន្លេនោះ។ ចំណែកឯច្រាំងទន្លេរ​ដែលបាន​បាក់ស្រុតនោះមាន​បណ្ដោយប្រវែង​ប្រមាណ២០ម៉ែត្រ ជម្រៅប្រមាណ៧ម៉ែត្រ ។

អធិការរងស្រុកមុខកំពូល លោក នូវ សាវុធ បានប្រាប់ វីអូឌី ថា សមត្ថកិច្ចនិងក្រុមគ្រួសារ បានរកឃើញសាកសពក្មេងរងគ្រោះ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ ហើយក្រុមគ្រួសារបានយកសាកសពនោះ ទៅធ្វើបុណ្យតាមប្រពៃណី​ ។

សកម្មជនបរិស្ថាន កញ្ញា លីម គីមស័រ បានប្រាក់ វីអូឌី ឲ្យដឹងថា នៅតាមបណ្តោយទន្លេមេគង្គមានសាឡង់បូមខ្សាច់ជាច្រើន ហើយមានច្រាំងទន្លេបាក់ជាបន្តបន្ទាប់ ដែលបណ្តាលមកពីការបូមខ្សាច់នេះ។ កញ្ញាសង្ស័យថា ការបាក់ច្រាំងដែលបណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់នេះអាចជាប់ពាក់ព័ន្ធការបូមខ្សាច់ ហើយកញ្ញានឹងចុះទៅស្រាវជ្រាវរកមូលហេតុនៃការបាក់នៅចុងសប្តាហ៍នេះ។

កញ្ញា លីម គីមស័រ​​​ បានមានប្រសាសន៍ថា៖ « សម្រាប់ការបាក់ច្រាំងហ្នឹងដូចជាគ្មានបញ្ហាអ្វីក្រៅពីការប្រមូលផលខ្សាច់នឹងទេ។ តាមការសិក្សារបស់ខ្ញុំនៅតាមដងទន្លេមេគង្គ ខ្ញុំក៏បានសាកសួរទៅប្រជាជនដែល ថាតើមុនពេលដែលមានការបូមខ្សាច់មានការណីបាក់ច្រាំងនិងអត់? ប្រជាជនតែងតែឆ្លើយថាអត់មានទេ ប៉ុន្តែបន្ទាប់ពីមានការមូនខ្សាច់ ការបាក់ច្រាំងនិងពិតជាខ្លាំងក្លាមែនទែន » ។

កាលពីខែតុលា ឆ្នាំ២០១៨ មានករណីបាក់ច្រាំងទនេ្លមេគង្គស្ថិតក្នុងខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ដែលបណ្តាលឲ្យចេតិយ៍ពីរធ្លាក់ចូលក្នុងទន្លេ ហើយប្រជាពលរដ្ឋអះអាងថាការបាក់ស្រុតនេះបណ្តាលមកពីការបូមខ្សាច់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ