ពលរដ្ឋ​បុរី​កីឡា​ជំរុញ​អាជ្ញាធរ​ឲ្យ​ផ្ដល់​ដំណោះ​ស្រាយ​ ចំ​ថ្ងៃ​រំឭក​ខួប​៧​ឆ្នាំ​នៃ​ការ​បណ្ដេញ​ទាំង​បង្ខំ

ពលរដ្ឋនៅសហគមន៍បុរីកីឡាដែលមិនទាន់ទទួលបានសំណង រួមជាមួយពលរដ្ឋរងគ្រោះដីធ្លីមកពីសហគមន៍ផ្សេងទៀត មានគ្នាប្រមាណជិត៥០នាក់ បាននាំគ្នាធ្វើពិធីរំឭកខួប៧ឆ្នាំ នៃការបណ្តេញពីលំនៅឋានទាំងបង្ខំ​ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ឃុត សុគន្ធ

ពលរដ្ឋនៅសហគមន៍បុរីកីឡាដែលមិនទាន់ទទួលបានសំណង រួមជាមួយពលរដ្ឋរងគ្រោះដីធ្លីមកពីសហគមន៍ផ្សេងទៀត មានគ្នាប្រមាណជិត៥០នាក់ បាននាំគ្នាធ្វើពិធីរំឭកខួប៧ឆ្នាំ នៃការបណ្តេញពីលំនៅឋានទាំងបង្ខំ​នៅថ្ងៃនេះ។

លំនៅឋាន​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ត្រូវ​បាន​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច​របស់​អ្នកស្រី ស៊ុយ សុផាន និង​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ ឈូស​ឆាយ​ចោល​នៅអំឡុងឆ្នាំ២០១២ បើទោះបី​ជា​ពលរដ្ឋ​បដិសេធ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​ក៏​ដោយ។

តំណាងពលរដ្ឋសហគមន៍ អ្នកស្រី​ ស ស៊ន ដែលអះអាងថា មិនទាន់ទទួលបានសំណងនៅឡើយនោះ ប្រាប់ វី.អូ.ឌី ថា អ្នកស្រី និង​ពលរដ្ឋ​ដទៃ​ទៀត នៅ​តែ​ឈឺ​ចាប់​មិន​អាច​បំភ្លេច​បាន នៅ​ពេល​នឹក​ដល់​សកម្មភាព​បណ្ដេញ​ចេញ​ទាំង​បង្ខំ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ​ឆ្នាំ២០១២។

អ្នកស្រី សន ស៊ន ប្រាប់ថា៖ «ដោយសារថ្ងៃទី៣ មករា ក្រុមហ៊ុន​ផានអ៊ីម៉ិច ដាក់កម្លាំងចម្រុះ​មកឈូសផ្ទះពួកមីងហ្នឹង អត់មានការជូនដំណឹងមុន ឬមានដីកាពីតុលាការអីទេ ចាប់ផ្តើមឈូសផ្ទះពួកមីង ៣៨៤ខ្នងផ្ទះ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រើអំពើហិង្សាលើរូបមីង និងអ្នកផ្សេងៗទៀត ចាប់ពួកគាត់អ្នកគុក ៨នាក់ ហើយពួកមីងតាំងពីពេលហ្នឹងមក បានការឈឺចាប់ បាត់បង់មុខរបរកស៊ី ជំពាក់បំណុល​គេច្រើន និងមានការរើសអើងជាដើម»

តំណាងពលរដ្ឋរូបនេះ បន្តថា គម្រោងធ្វើពិធីរំឭកខួបលើកនេះ គឺអ្នកភូមិបាននិមន្តព្រះសង្ឃសូត្រមន្តតាមបែបសាសនា ដើម្បីរំដោះគ្រោះ និងគ្រោងលើកបដាបង្ហាញសារជំរុញទៅអាជ្ញាធរឲ្យពន្លឿនដោះស្រាយសំណងដែលពួកគាត់អាចទទួលយកបាន ប៉ុន្តែ អ្នកស្រី​ថា អាជ្ញាធរហាមមិនឲ្យលើកបដានោះទេ។

ពលរដ្ឋម្នាក់ អ្នកស្រី ភោក សុភីន ឲ្យដឹងថា ពលរដ្ឋមួយចំនួនដែលមិនទាន់ទទួលបានសំណងនោះ បច្ចុប្បន្ន គឺកំពុងស្នាក់នៅលើអគារចាស់មួយកន្លែងក្នុងសហគមន៍បុរីកីឡា។ អ្នកស្រីបន្តថា ការពន្យាពេលមិនផ្តល់សំណងសមរម្យជូនពលរដ្ឋទាំងនោះ បានធ្វើឲ្យពួកគេជួបការលំបាកជាច្រើន។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសំណូមពរទៅរដ្ឋាភិបាលដោះស្រាយបុរីកីឡាបញ្ចប់ទៅ កុំទុកពួកខ្ញុំរីងរៃតទៅទៀត ហើយកន្លែងណាដែលត្រូវអភិវឌ្ឍ កុំអភិវឌ្ឍដូចនៅបុរីកីឡា ព្រោះអ្នកបុរីកីឡាជួបការលំបាកច្រើនណាស់នៅលើគំនរសំរាមដោយសារអត់ផ្ទះ អភិវឌ្ឍលើទឹកភ្នែករាស្រ្ត។ ពួកខ្ញុំឈឺចាប់ណាស់។ រដ្ឋាភិបាលអភិវឌ្ឍកាន់ជើងតែអ្នកមានលុយ មានអំណាចទេ គាត់ធ្វើការពុករលួយធ្វើ ដោះស្រាយមិនមានភាពយុត្តិធម៌ទេ បើគាត់មានភាពយុត្តិធម៌ គាត់សង់ ១០អគារហើយ»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី សុំមិនធ្វើអធិប្បាយលើរឿងនេះទេ ដោយលោកថា ជាប់រវល់។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានដោះស្រាយពុំមានតម្លាភាព ដោយលោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវយកច្បាប់ជាគោលក្នុងការដោះស្រាយបញ្ចប់​វិវាទដីធ្លីនេះ ជាជាងប្រើអំណាចគំរាមកំហែងដើម្បី​ដោះស្រាយ។

លោក អំ សំអាត បន្តថា វិវាទដីធ្លីនៅបុរីកីឡានេះ ពលរដ្ឋរងផលប៉ះពាល់មួយចំនួនបានចេញតវ៉ា និងពលរដ្ឋខ្លះទៀតមិនបានចេញតវ៉ានោះទេ ដោយសារស្តាប់តាមអាជ្ញាធរ។

លោកបន្ថែមថា៖ «សំខាន់បំផុត អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរថ្នាក់ក្រោមហ្នឹង ត្រូវដោះស្រាយបញ្ហាទាំងអស់នេះ។ យើងជាសង្គមស៊ីវិល យើងតែងតែផ្តល់អនុសាសន៍​តាំងពីដើមមក យើង​ធ្វើការដោះស្រាយអ្វីក៏ដោយ យើងត្រូវយកច្បាប់មកធ្វើការដោះស្រាយ កុំដោះស្រាយតាមលក្ខណៈបុគ្គល តាមលក្ខណៈនៃអំណាច»

បើតាមតំណាងពលរដ្ឋអ្នកស្រី​​ ស ស៊ន ឲ្យដឹងថា សម្រាប់ក្រុមពួកគាត់នៅ ៧គ្រួសារទៀតមិនទាន់ទទួលបានដំណោះស្រាយ ខណៈក្រុមពលរដ្ឋផ្សេងទៀតដែលមិនធ្លាប់ចេញតវ៉ា ហើយកំពុងស្នាក់នៅលើអគារចាស់ដែរនោះ គឺមានប្រហែលជាង ៣០គ្រួសារទៀតមិនទាន់ទទួលបានដំណោះស្រាយ។

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់លោកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយកាលនោះក្រុមហ៊ុននេះ ​សន្យាសង់អគារចំនួន១០ជូនពលរដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ៨អគារ ក៏ផ្អាក ដោយលើកហេតុផលថា ក្ស័យធន ដែលបណ្តាលឲ្យពលរដ្ឋមួយចំនួនដែលមិនទទួលបានសំណង​ ចេញ​តវ៉ារហូតមកដល់សព្វថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ