លោក ឃួង ស្រេង អះ​អាង​ថា កាត់​ដី​«បឹង​តាមោក» ​សង់​ផ្សារ​បន្លែ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​​សណ្ដាប់ធ្នាប់ចរាចរណ៍

បឹងតាមោកឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិមួយ ស្ថិតនៅក្នុង ខណ្ឌព្រែកព្នៅ

អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ឲ្យ​ដឹង​ថា សាលា​រាជ​ធានី​ភ្នំពេញ បាន​ស្នើ​សុំ​កាត់​ដី​​ទំហំ ២០​ហិកតា​ពី​បឹងតាមោក ដែល​ជា​បឹង​រក្សា​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ពី​រាជ​ធានី​ភ្នំពេញ​នោះ សម្រាប់​សង់​ផ្សារ និង​ចំណត​រថយន្ត ដោយ​​លោក​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​សណ្ដាប់​ធ្នាប់​ចរាចរណ៍។

ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ដែល VOD ទើបទទួលបាន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ដែល​បាន​ចុះ​ហត្ថលេខា​ជំនួស​រដ្ឋ​មន្ត្រី​ លោក ប៊ិន ឈិន នោះ បានប្រាប់​ទៅ​រដ្ឋ​មន្ត្រី​ដែនដី លោក ជា សុផារ៉ា និង​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឯកភាព​ទៅ​តាម​សំណើ​របស់​សាលារាជ​ធានី​ភ្នំពេញ​តាំង​ពី​ខែ​មិថុនា​មក​ម៉្លេះ ដែល​បាន​ស្នើ​កាត់​ដី​បឹងតាមោក ២០​ហិកតា សម្រាប់​សាង​សង់​ផ្សារ​បន្លែ និង​ចំណត​រថយន្ត។

ទិដ្ឋភាពតំបន់បឹងតាមោកឬបឹងទំនប់កប់ស្រូវ ដែលជាបឹងធម្មជាតិមួយ ស្ថិតនៅក្នុង ខណ្ឌព្រែកព្នៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាន​ប្រាប់ ​វី.អូ.ឌី​ នៅ​ថ្ងៃ​នេះថា គម្រោង​សាង​សង់​ផ្សារ​បន្លែ​នៅ​លើ​បឹងតាមោក​មួយ​នេះ មាន​គោល​បំណង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ ខណៈ​មានប្រជាពលរដ្ឋជាច្រើនកំពុងលក់បន្លែ និងអាជីវកម្មនៅលើផ្លូវ​នៅ​ផ្សារ​ដើម​គរ​នា​ពេល​សព្វ​ថ្ងៃ​នេះ។

លោកថា៖ «រឿងខ្ញុំយកទៅដាក់នៅទីតាំងណា ជារឿងខ្ញុំទេ .. គឺធ្វើនេះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាជន​ក្នុងរាជធានី និងខេត្ត ដែលធ្វើដំណើរ​មកប្រកបមុខរបរ​អាជីវកម្មក្នុងរាជធានីភ្នំពេញ ឲ្យមានចរាចរណ៍ទូលំទូលាយ ព្រោះបច្ចុប្បន្ន ឃើញស្រាប់ហើយ នៅទីក្រុងភ្នំពេញ មានបញ្ហាប្រឈមដូចជា​ក្រុងអភិវឌ្ឍន៍នានាលើពិភពលោក គឺបញ្ហាចរាចរណ៍។ អញ្ចឹង យើងត្រូវរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ ជាពិសេស ការលក់ដូរ សណ្ដាប់ធ្នាប់​យើងត្រូវគិតគូរអាហ្នឹង បន្ទាប់ពីហ្នឹង សាលារាជធានីភ្នំពេញ នឹងគិតមើលពីសណ្ដាប់ធ្នាប់​នៅក្នុងរាជធានី ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍»

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោក​​​ជាសម្បតិ្តរបស់រដ្ឋដែលមានផ្ទៃដីសរុប​ប្រមាណ ៣២៣៩ហិកតា សម្រាប់​ស្តុក​ទឹកកខ្វក់ និង​រំដោះ​ទឹក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ។

បឹង​ធំៗ​ចំនួន ៤ មាន​​បឹង​ពោងពាយ បឹងកក់ បឹង​ទំពុន និង​បឹង​ជើងឯក ដែលនៅក្នុងនិង​ជាយ​រាជធានី​ភ្នំពេញ  គឺត្រូវបានរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ​សម្រាប់​ធ្វើជា​តំបន់​ពាណិជ្ជកម្ម និង​ទីក្រុង​រណប​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ