រដ្ឋាភិបាល ថាកែ​ប្រែ​ច្បាប់​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឲ្យ​ស្រប​នឹង​ច្បាប់​បោះ​ឆ្នោត​ដទៃទៀត

លោក ស ខេង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​សភា​ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

មន្ត្រីរដ្ឋាភិបាលអះអាងថា វិសោធនកម្មមាត្រាមួយចំនួន​នៃ​ច្បាប់ស្តីពីការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត និង​ក្រុម​ប្រឹក្សា​ស្រុក-ខណ្ឌ ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​ស្របតាមច្បាប់បោះឆ្នោតផ្សេងទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ​។

រដ្ឋ​សភា​ដែល​មាន​សមាជិក​សុទ្ធ​តែ​មក​ពី​គណបក្ស​កាន់​អំណាច នៅ​ព្រឹក​ថ្ងៃ​នេះ បាន​សម្រេច​លុប​ចោល​ជំពូក ៣ និង​ជំពូក ៥ និង​បទប្បញ្ញត្តិ​ចំនួន ៥​មាត្រា នៃ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត និង​ក្រុម​ប្រឹក្សា​ស្រុក​-ខណ្ឌ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែល​បាន​ដឹកនាំ​វិសោធនកម្ម​ច្បាប់​មួយ​នេះ បាន​ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​សភា​ថា ច្បាប់មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ​ឲ្យ​កែប្រែ ដើម្បី​​ឲ្យស្របតាមច្បាប់បោះឆ្នោតផ្សេងទៀត រួមជាមួយការផ្ទេរសិទ្ធិអំណាចពេញលេញទៅឲ្យអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ និង​ការ​បម្រើ​ផលប្រយោជន៍ជូនប្រជាពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក ស ខេង ថ្លែង​ប្រាប់​សារព័ត៌មាន​ថា​៖ «យើងមានបំណងដើម្បីផ្ទេរអំណាចតាមបែបវិមជ្ឈការ ក្នុងនោះក៏មានវិសហមជ្ឈការដែរ ក្នុងការផ្ទេរសិទ្ធិ ផ្ទេរធនធាន ដែលមានទាំងធនធានថវិកា ​ធនធានមនុស្សទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដើម្បីឲ្យរដ្ឋបាលដែលនៅជិតប្រជាពលរដ្ឋ មានសិទ្ធិក្នុងការអនុវត្តកិច្ចការរបស់ខ្លួន​ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ​»

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សា​វាង្ស ចាត់ទុកវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់នេះ​ថា គ្រាន់តែធ្វើឲ្យល្អមើលតែប៉ុណ្ណោះ ដោយសារ អ្នកចូលរួមអនុម័ត ១០៨សំឡេង សុទ្ធតែជា​តំណាង​រាស្ត្របក្សកាន់អំណាច។

លោក កន សាវាង្ស ប្រាប់ថា៖ «ការធ្វើច្បាប់នីមួយៗ មិនអាចមានតែជ្រុងតែមួយសម្រេច ឬក៏មតិភាគច្រើនទាំងអស់សុទ្ធតែសម្រេច​អ្វីបាន ទៅតាមអ្វីដែលយើងចង់ទាំងអស់នោះទេ ត្រូវ​តែមានការថ្លឹងថ្លែង យ៉ាងហោច​ណាស់ក៏មានការផ្តល់យោបល់ពីភាគីពាក់ព័ន្ធដែរ។ យើងឃើញថា ការធ្វើវិសោធនកម្មច្បាប់នេះ វាបានត្រឹមតែធ្វើ ប៉ុន្តែ ការអនុវត្តជាក់ស្តែង​ វាអត់មានអ្វីប្រែប្រួលទេ វានៅតែដដែល។ ច្បាប់នេះអត់ទាន់បានផ្តល់ព័ត៌មានជាមុនដល់ភាគីពាក់ព័ន្ធ ឬសិក្សាអ្វី យើងអត់មានឃើញការលើកឡើងពីមុនមក​ទេ​»

រដ្ឋាភិបាល និង​រដ្ឋសភា​ ដែល​កាន់​កាប់ និង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​កែ​ប្រែ​ច្បាប់​មួយ​នេះ ៥​ខែ​មុន​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​យក​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា ក្នុង​ឆ្នាំ​នេះ។

យោង​តាម​ច្បាប់​មួយ​នេះ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ត្រូវ​បាន​ធ្វើ​ឡើង​ជា​អសកល ពោល​គឺ​​មាន​តែ​សមាជិក​ជាប់​ឆ្នោត​មក​​ពី​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​តែ​ប៉ុណ្ណោះ មាន​សិទ្ធិ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​មួយ​នេះ។

ប៉ុន្តែ សមាជិក​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​របស់​ពួកគេ​ទៅ​ហើយ បន្ទាប់​ពី​អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក ហើយ​អាសនៈ​ជាប់​ឆ្នោត​របស់​ពួកគេ ត្រូវ​បាន​ដក​ហូត​យក​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ