ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី បាននាំគ្នាទៅអុជធូបបួងសួងនៅព្រះអង្គដងកើនៅថ្ងៃនេះ ជាផ្នែកមួយនៃការស្វះស្វែងរកកិច្ចអន្តរាគមន៍ឲ្យដោះលែងស្វាមីរបស់ខ្លួនឲ្យមានសេរីភាពវិញ ក្រោយពីអ្នកស្រីអស់ជំនឿលើប្រព័ន្ធតុលាការដែលសម្រចមិនអនុញ្ញាតឲ្យស្វាមី នៅក្រៅឃុំបណ្ដោះអាសន្ននោះ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឲ្យលោក រ៉ាត់ រត្នមុនី ពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្តឯកសារ «ម្ដាយខ្ញុំលក់ខ្ញុំ» ជាមួយទូរទស្សន៍រុស្ស៊ី RT។
ភរិយាលោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គឹមហ៊ាង ប្រាប់អ្នកសារព័ត៌មានវីអូឌីថា អ្នកស្រីអុជធូបបួងសួងសុំព្រះអង្គដងកើជួយឲ្យមានការដោះលែងស្វាមីអ្នកស្រីវិញនៅចំថ្ងៃខួបកំណើតរបស់គាត់នៅថ្ងៃនេះ បន្ទាប់ពីអ្នកស្រីអស់សង្ឃឹមលើប្រព័ន្ធតុលាការនៅកម្ពុជា។
អ្នកស្រីថា៖ «ខ្ញុំលែងមានជំនឿលើប្រព័ន្ធតុលាការហើយ ដោយសារតែពួកគេចាប់ប្ដីខ្ញុំដាក់ពន្ធនាគារហើយ ពួកគេមិនបានអនុញ្ញាតឲ្យប្ដីខ្ញុំបាននៅក្រៅឃុំទេ។ ខ្ញុំអត់មានជំនឿលើការធ្វើការរបស់ពួកគេទេ ដូច្នេះហើយ ខ្ញុំមានតែបែរបន់បួងសួងវត្ថុស័ក្តសិទ្ធិរបស់យើង ដែលខ្មែរយើងមានជំនឿ ដើម្បីជួយឲ្យមានការអន្តរាគមន៍ជួយឲ្យមានការដោះលែងប្ដីខ្ញុំវិញ ហើយថ្ងៃនេះក៏ជាថ្ងៃខួបកំណើតគាត់»។
អ្នកស្រី គឹមហ៊ាង បានបង្ហាញក្ដីបារម្ភអំពីសុខភាពរបស់ស្វាមី ដោយអះអាងថា បច្ចុប្បន្ននេះ ស្វាមីអ្នកស្រីមានអការៈថប់ដង្ហើម និងស្គមជាងមុនខ្លាំង។
អ្នកស្រី គឹមហ៊ាង ប្ដេជ្ញាថា នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលរុស្ស៊ីបន្ថែមទៀត ប្រសិនបើស្វាមីរបស់អ្នកស្រី នៅតែមិនត្រូវបានតុលាការកម្ពុជាដោះលែងឲ្យនៅក្រៅឃុំនោះ។
កាលម្សិលមិញ ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី បាននាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាទីលើកទីពីរ បន្ទាប់ពីតុលាការសម្រេចឃុំខ្លួនស្វាមីអ្នកស្រី ពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្តឯកសារ «ម្ដាយខ្ញុំលក់ខ្ញុំ» ជាមួយទូរទស្សន៍រុស្ស៊ី RT។
កាលពីថ្ងៃទី១៣ ខែធ្នូ លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងការចោទថា គាត់បានចូលរួមជួយផលិតខ្សែភាពយន្តឯកសារ «ម្ដាយខ្ញុំ លក់ខ្ញុំ» ដែលរដ្ឋាភិបាលកម្ពុចាចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេស។
លោក រត្នមុនី ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងទោសក្នុងពន្ធនាគារពី ១ ទៅ ៣ឆ្នាំ៕