ក្រុម​១០០​រាត្រីដែ​ល​រាយ​ការណ៍​ថា ​បាត់​ដី​ទៅវៀ​តណា​ម បា​រម្ភ​ពីសុ​វត្ថិ​ភាព​ក្រោយ​លឺ​សារ​គំ​រាម​

​លោក មួ​ង សូនី ប្រធាន​សមាគមសម្ព័ន្ធ​និស្សិត​បញ្ញវន្តខ្មែរ​ និងជាស​មាជិក​ក្រុម ១​០០រាត្រី

ក្រុម១០០រាត្រី អះអាងថា កំពុងព្រួយ​បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីដឹងថា​ មន្ត្រីរដ្ឋាភិបាល បាន​គំរាមពួកគេ​ថា ប្រ​យ័ត្ន​ជា​ប់​គុ​ក​ទាក់​ទិន​នឹង​ការ​ចេញរបាយការណ៍បង្ហាញថា វៀតណាម​រំលោ​ភយកដីកម្ពុជារាប់រយហិកតា​​នៅស្រុកចន្ទ្រា ខេ​ត្ត​​​ស្វា​យ​រៀង។

កាលពីចុងខែធ្នូ ឆ្នាំ២០១៨ ក្រុម១០០​រាត្រីបា​​ន​​បង្ហាញ​របាយការណ៍មួយ​ ដោយ​ថា ​តាមរយៈចុះ​អង្កេត និង​សម្ភាស​ពលរដ្ឋនៅតាម​ព្រំដែន​ខ្លួន​រក​ឃើញថា ​វៀតណាម​​បានរំលោ​ភយកដីខ្មែររាប់​រយហិក​តានៅតំបន់ជំ​ពុះទា ​ត្រង់ចន្លោះប​ង្គោលព្រំដែន​លេខ ១៩៤ ​ដ​ល់ ​១៩៩ ​ស្ថិ​ត​​​ក្នុងឃុំច​ន្ទ្រា ស្រុកច​ន្ទ្រា ខេត្តស្វាយ​រៀង ​។

ប៉ុ​ន្តែ​​ របាយការណ៍នេះ​ ត្រូវបា​នប្រធានគណៈ​កម្មាធិការព្រំដែន​ លោក វ៉ា​ គឹម​ហុង ​និងប្រ​ធាន​រាជ្យ​ប​ណ្ឌិត្យសភាកម្ពុជា លោក ​សុខ ទូច ប្រតិកម្ម​ច្រាន​ចោ​ល។

​ប្រធាន​សមាគមសម្ព័ន្ធ​និស្សិត​បញ្ញវន្តខ្មែរ​ និងជាស​មាជិក​ក្រុម ១​០០រាត្រី ​លោក មួ​ង សូនី ​ឲ្យVO​Dដឹងថា​ សមាជិក​ក្រុមការ​ងាររបស់​លោក​ខ្លះ បាន​ប្រ​កាស​​ដកខ្លួន​ ឈប់ប​ន្តកិច្ចការ ១០០រាត្រីនេះ​ទៀត ដោយថា ពួកគេបារ​ម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

លោក មួង សូនី ឲ្យដឹងទៀតថា របាយការណ៍របស់ក្រុមលោក ត្រូវបានលោក វ៉ា គឹ​ម​ហុង បាននិយាយ​ជាមួយសា​រព័​ត៌​មា​នក្នុង​ស្រុ​​ក ដោ​យ​គំរាមថា ប្រយ័ត្នរត់ចោលស្រុក។ លោកថា ចំណែកលោកបណ្ឌិត សុខ ទូច វិញបាន​គំរាម​ថា​ ប្រ​យ័​​​ត្ន​ជាប់គុក។

លោកថា៖ «គាត់គំរាមពីរឿងគុក និងគំរាមប្រយ័ត្នរត់ចោលស្រុក មិនមែនជារឿងធម្មតាទេ [..] ហើយយើងគិត​យ៉ាងម៉េច​ ព្រោះ​ពួក​ខ្ញុំ​ជា​​​យុវជន ជាពលរដ្ឋស្លូតត្រង់ ហើយទន់​ខ្សោយបំផុត។ ដល់ថ្នាក់ព្រមានចាប់ចងហើយ វាជាឧប​សគ្គយ៉ាង​ធំហើយ​ស​ម្រា​ប់ក្រុ​ម ១​​០​០​​​រាត្រីនោះ»

សមាជិកក្រុម១០០រាត្រីម្នាក់ទៀត គឺលោក ពិសិទ្ធ បង្ហាញការខកចិត្ត ដោយថា រដ្ឋាភិបាលគួរតែលើ​កទឹកចិត្តពួ​កគេដែល​បា​នចំ​ណា​​យ​ទាំង​កម្លាំង​កាយចិត្ត និងទ្រព្យសម្បត្តិ ស្វែងរកបញ្ហានៅតាមព្រំដែន មកប្រាប់រដ្ឋាភិបាល ដើម្បីចាត់វិធានកា​រពារ​បូ​រ​​​ណ​​​​​ភាពទឹកដី ប៉ុន្តែ លោកថា ទីបំផុត​កិច្ច​ខិតខំប្រឹងប្រែងនោះ ទទួលរងនូវការគំរាមកំហែងទៅវិញ។

លោកថា៖ «ខ្ញុំខ្លាច ខ្ញុំខ្លាចស្លាប់ ព្រោះមនុស្សចៀសមិនផុតទេការស្លាប់នោះ ប៉ុន្តែ គ្រាន់ថា ខ្ញុំទ្រាំ តែឆន្ទៈធ្វើ ខ្ញុំនៅតែធ្វើ តែធ្វើតា​មល​ទ្ធ​ភា​​​ព​ដែលខ្ញុំអាចធ្វើទៅបាន»

VOD មិនអាចសុំអត្ថាធិប្បាយពីលោក វ៉ា គឹមហុង បានទេ ដោយលោកថា កំពុងជាប់រវល់ ខណៈ​ដែល​លោកបណ្ឌិត សុខ ទូច អះ​អាងថា​ លោ​ក​គ្មាន​គម្រោងប្តឹងក្រុម ១០០រាត្រីទេ ប៉ុន្តែ​ លោក​ថា អ្វីដែល​លោកបានផ្តល់​បទស​ម្ភា​ស​​​ន៍ជាមួ​យអ្នកសារព័ត៌មានកន្លងទៅ លោក​ថា ​គ្រា​​​ន់​តែជា​ការ​ក្រើនរំឭក​ខ្លាចពួកគេប្រឈមនឹងផ្លូវច្បាប់តែប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំទៅប្តឹងធ្វើអី គ្រាន់ថា ខ្ញុំ​អាណិត ក្រែងគេចាប់គាត់សួរ ឆ្លើយមិនរួច ក្រែងជាប់គុកទៀត ព្រោះខ្ញុំធ្លាប់​ប្រាប់ទៅម្នាក់​ហើ​យ​ដែ​​លគាត់ជាបេក្ខជនបណ្ឌិត ដែលគាត់លើកផែនទី ខ្ញុំថា លើកខុសហើយ ផែនទីហ្នឹងមិនមែននៅស្រុកខ្មែរទេ ពីដើមស្រុក​ខ្មែរ​មែ​ន​ហើ​​​យ​ដាឡាត់នោះ តែនៅសម័យអាណានិគមនិយមបារាំងគេកាត់ឲ្យទៅវៀតណាមហើយ»

ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ត្រូវបានអតីតបក្សប្រឆាំងអះអាងថា កម្ពុជាបានខាតបង់ទឹកដីទៅប្រទេសវៀត ដោយ​សា​រ​តែរដ្ឋាភិបាលយកតាម​សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។

គណៈកម្មាព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ធ្លាប់ប្រាប់ VOD ការបោះបង្គោលព្រំដែនជាមួយវៀតណាមបាន ៨៤ភាគ​រយហើយ​លើ​ចំណុច​បាន​ឯកភាពគ្នា តែថា នៅ១៦ភាគរយទៀតដែលមិនទាន់ត្រូវរ៉ូងគ្នា និងបន្តបោះលុះណា​ភាគីបារាំងផ្តល់​ផែនទីចម្លង​តាម​​មា​ត្រ​​​ដ្ឋានពី ១ លើ ១០០ពាន់ មកខ្នាត ១លើ៥០ពាន់វិញ តាមកិច្ចព្រមព្រៀងកម្ពុជា និងវៀតណាម។

កម្ពុជា​ និង​វៀតណាម ​មាន​ព្រំដែន​​គោក​រួមគ្នាប្រវែង​ ១២៧០​គីឡូ​ម៉ែត្រ ដោយភាគីទាំងពីរបាន​ព្រមព្រៀង​គ្នាបោះប​​ង្គោល​សរុបចំ​នួន ៣​១​៤​ ដើម្បី​កំណត់ខ្សែបន្ទាត់​ព្រំដែនរវាងគ្នានិងគ្នា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ