ក្រសួងពាណិជ្ជកម្ម​ឲ្យអ្នកនាំទំនិញចេញទៅអឺរ៉ុប​ក្រោមប្រព័ន្ធអនុគ្រោះពន្ធ ដាក់ពាក្យ​សុំ​ចុះឈ្មោះ

កំពង់ផែខេត្តព្រះសីហនុ ថ្ងៃទី ២៥ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ផលិតករឬអ្នកនាំទំនិញចេញទៅអឺរ៉ុប មកដាក់ពាក្យសុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់សហភាពអឺរ៉ុបនៅនាយកដ្ឋាននាំចេញនាំចូលរបស់ក្រសួង ចាប់ពីដើមឆ្នាំ២០១៩នេះតទៅ។

សេចក្តីជូនដំណឹងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨​ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករឬអ្នកនាំទំនិញគ្រប់ប្រភេទពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបក្រោមគម្រោង«ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងតែគ្រឿងសព្វាវុធ (EBA)» មកដាក់ពាក្យសុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់សហភាពអឺរ៉ុប នៅនាយកដ្ឋាននាំចេញនាំចូលរបស់ក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ។ សេចក្តីប្រកាសព័ត៌មានដដែលនេះក៏បានបញ្ជាក់ដែរថា ទំនិញដែលនាំទៅប្រទេសណ័រវេស ប្រទេសស្វីស និងប្រទេសទួរគី ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ក៏ត្រូវមកដាក់ពាក្យសុំចុះឈ្មោះដូចគ្នាដែរ។

សេចក្តីប្រកាសព័ត៌មាននេះ ក៏បានឲ្យដឹងទៀតថា ការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទនាំចេញនំទំនិញទៅក្រៅប្រទេសនេះ គឺក្នុងគោលបំណងសម្រួលពាណិជ្ជកម្មនិងកាត់បន្ថយចំណាយរបស់អ្នកនាំចេញ។

កាលពីខែតុលាឆ្នាំមុន សហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់ពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ ដោយថាកម្ពុជាមានបញ្ហារំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារធ្ងន់ធ្ងរ។​​ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជាក់ថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ មិនប៉ះពាល់ដល់កម្ពុជានោះទេ។​

របា​យការណ៍របស់គណៈកម្មការអឺរ៉ុបចេញផ្សាយ​កាលពីខែមេសាឆ្នាំកន្លងទៅបង្ហាញថា កម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍​អឺ​រ៉ុ​ប​​​ក្នុង​​ឆ្នាំ២០​១៧ មានទំហំជាសាច់ប្រាក់ជាង​៦ពាន់លាន​ដុល្លារ។ ទំនិញទាំ​ងនោះភាគច្រើន​ជាផលិតផល​សម្លៀកបំពាក់កាត់​ដេរ ហើយក្នុងលក្ខខណ្ឌ EBA កម្ពុជាទទួលបានផលចំនេញដោយមិនបង់ពន្ធជិត៧០០លានដុល្លារ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ