អ្នក​វិភាគ​និយាយថា គណបក្សកាន់អំណាចបញ្ចូលឈាមថ្មី តែគំនិតមិនថ្មី​

លោក ហ៊ុន សែន (អង្គុយ) លោក ហ៊ុន ម៉ានិត (ស្តាំក្រោយ ) លោក ហ៊ុន ម៉ានី (កណ្តាលក្រោយ) និង លោក ហ៊ុន ម៉ាណែត (ឆ្វេង) (រូបភាព FB នាយករដ្ឋមន្ត្រី)

គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងតែងតាំងយុវជនជំនាន់ថ្មីដែលជាកូនៗរបស់ខ្លួនជាច្រើននាក់ ចូលក្នុងជួរថ្នាក់ដឹកនាំគណបក្សនិងរដ្ឋាភិបាល ​​ ប៉ុន្តែអ្នកវិភាគនយោបាយបានមើលឃើញថា ពួកគាត់មិនមានគំនិតអ្វីថ្មីឬជាគំនិតប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សនោះទេ។

អ្នកវិភាគនយោបាយ មួយចំនួន​បានមើលឃើញថា នេះជាផែនការយុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាចដើម្បីឲ្យមានការស្នងតំណែង លើកកូនៗរបស់ពួកគាត់ឡើង និងដើម្បីថែរក្សាការពារទុកនូវសមិទ្ធិផលនានាដែលអ្នកចាស់ៗបានសាងមក។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​​នៅ​​កម្ពុជា បាននិយាយថា បើទោះបីជាអ្នកជំនាន់ថ្មីដែលចូលកាន់តំណែងក្នុងជួររដ្ឋាភិបាលមានការអប់រំខ្ពស់ក៏ដោយ លោកពុំទាន់ឃើញអ្វីជា «គំនិតថ្មី ​ទូលាយបើកចំហរ លក្ខណ:ប្រជាធិបតេយ្យ» នៅឡើយទេ។

បណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា៖ «ឈាមថ្មី ក៏ប៉ុន្តែជាសកម្មភាពទាំងអស់ហ្នឹងគឺការគ្រប់គ្រងរដ្ឋ ការពារអ្វីៗដែលមានស្រាប់។ អត់បញ្ចូលគំនិតថ្មី ប្រជាធិបតេយ្យ គំនិតគោរពសិទ្ធិមនុស្ស។”

លោកបណ្ឌិតបានប្រៀបធៀប​ការតែងតាំងកូនៗរបស់ខ្លួនចូលក្នុងតំណែងរដ្ឋនៅកម្ពុជាទៅនឹងអ្វីដែលបានកើតឡើងរួចហើយនៅប្រទេសជប៉ុន មុនវត្តមានអាមេរិកនៅចុងសតវត្សទី១៩ ដែលមានលក្ខណ: «យោធា តត្រកូល» ​​​ដែលពេលនោះ មេទ័ពជប៉ុនដែលមានអំណាចខ្លាំង​ ហ្សូគុន (Shōgun)​ ជានាយករដ្ឋមន្រ្តីនិងអគ្គមេបញ្ជាការកងទ័ពដាវសាមូរ៉ៃផងដែរ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ដូច្នេះថា៖ «ការតែងតាំងជាបណ្តើរៗនៅពេលប៉ុន្មានឆ្នាំនេះគឺកូនរបស់មេដឹកនាំ ក៏បញ្ជាក់ថារបបហ្នឹងជារបបតត្រកូល។​ នេះគឺមិនមានអីថ្មីនៅក្នុងប្រវត្តិសាស្រ្តនៅក្នុងពិភពលោកទេ»។

អ្នកវិភាគ​នយោបាយលោក គឹម សុខ បាននិយាយថា អ្នកជំនាន់ថ្មីមិនមានបទពិសោធន៏ទំនាក់ទំនងអន្តរជាតិនៅឡើយទេ ក្នុងការធ្វើការងារ ហើយជាពិសេសពួកគេគ្មានទំនាក់ទនងល្អជាមួយបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។

លោក គឹម សុខ បានមានប្រសាសន៍ថា៖  «រឿងជាឧបសគ្គធំមួយទៀតសំរាប់ពួកគេ គឺទំនាក់ទំនងខាងក្រៅ។ តើអ្នកជំនាន់ក្រោយទាំងនោះជាពិសេសក្រុមកូនលោក ហ៊ុន សែន មានទំនាក់ទំនងល្អជាមួយនឹងបណ្តាប្រទេសណាហើយឬនៅ? បើនិយាយពីពិភពប្រជាធិបតេយ្យគឺសូន្យហើយបើនិយាយពីចិនក៏កំពុងតែស្ទាបផ្លូវប៉ុណ្ណោះ»។

អ្នកវិភាគនយោបាយរូបនេះបានភៀសខ្លួនចេញពីកម្ពុជាទៅហ្វាំងឡង់កាលពីខែកញ្ញាឆ្នាំមុនបន្ទាប់ពីការគំរាមកំហែងលើរូបលោក។

កាលពីខែតុលាឆ្នាំមុន លោក ហ៊ុន សែន បាននិយាយថា លោក ហ៊ុន ម៉ាណែត អាចជាមេដឹកនាំនាពេលអនាគតរបស់ប្រទេស ហើយបានថ្លែងការពារការតែងតាំងពួកគាត់ទៅកាន់តំណែងរដ្ឋាភិបាលជាន់ខ្ពស់ និងយោធា ដោយនិយាយថា ពួកគេទាំងអស់សុទ្ធតែមានសញ្ញាប័ត្របណ្ឌិតឬសញ្ញាប័ត្រអនុបណ្ឌិត។

លោក ហ៊ុន ម៉ាណែត បាននិយាយនៅក្នុងសៀវភៅរបស់លោក ឆាយ សុផល ដែលមានចំណងជើងថា «បងប្អូនប្រុសទាំងបី» ដែលទើបចេញផ្សាយថ្មីៗនេះថា លោកមិនទាន់បានគិតដល់រឿងចង់ធ្វើនាយករដ្ឋមន្រ្តីនោះទេ ហើយថាខ្លួននិងបន្តធ្វើការងារដែលកំពុងធ្វើរាល់សព្វថ្ងៃជាធម្មតា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននិយាយថា ការតែងតាំងមន្រ្តីណាម្នាក់ជាសិទ្ធិផ្តាច់មុខរបស់បក្សគាត់ ហើយថាបក្សប្រជាជនដាច់ខាតមិនតែងតាំងមន្ត្រីមកពីបក្សប្រឆាំងនិងមន្ត្រីមកជាជនអគតិនោះទេ។​

លោក សុខ ឥសាន បានមានប្រសាសន៍ថា៖ «ពួកអ្នកវិភាគ​ ពួកអ្នកផ្សាយព័ត៌មាន​ និងអ្នកក្រៅ​ គ្មានសិទ្ធិលូកដៃក្នុងកិច្ចការងាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសោះឡើយ។ ជាការអត់ប្រយោជន៏ទេ​ ទោះអស់លោកនិយាយទាល់តែងាប់ខ្លួនទៀតក៏ដោយ​ ក៏គ្មានបានការដែរ»។

ក្រៅ​ពីកូនប្រុសរបស់​លោក​​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កូនចៅរបស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្សប្រជាជនកម្ពុជា​មួយ​ចំនួន​ទៀត ក៏ត្រូវ​បាន​តែង​តាំង​ឲ្យកាន់​តំ​​ណែង​​ចាប់​ពីរដ្ឋមន្រ្តី រដ្ឋលេខា​ធិការ​ និង​អភិបាល​ខេត្ត ដែល​ក្នុងនោះ​កូនប្រុសលោក សាយ ឈុំ ត្រូវ​បាន​រក្សា​ដំណែងជា​រដ្ឋមន្រ្តី​ក្រសួងបរិស្ថានដដែល។ ចំណែក​ឯលោក ស សុខា ដែល​ជា​អតីតតំណាង​រាស្រ្ត​ខេត្តព្រៃវែង ត្រូវបាន​តែង​តាំង​ជារដ្ឋលេខាធិការ​ក្រសួង​អប់​រំនៅ​អាណត្តិទី៦នេះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ កូនប្រុសលោក ជាម យៀប គឺលោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបាន​ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ​។ ដោយឡែក​ កាល​ពីថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ​ លោក  ទៀ សីហា ដែល​ជា​កូនប្រុស​ របស់​លោក​ ទៀ បាញ់ ត្រូវបាន​តែងតាំង​ជា​អភិបាល​ខេត្តសៀមរាប​ ជំនួសលោក​ ឃឹម ប៊ុនសុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ