គណៈរដ្ឋមន្ត្រីនិងសាលារាជធានីបកស្រាយខុសគ្នារឿងដូរទីតាំងផ្សារដើមគរ

អាជីវករមួយចំនួនដែលលក់ដូរ​នៅផ្សារដើមគរ

ទីស្តីការគណៈរដ្ឋមន្ត្រី និង សាលារាជធានីភ្នំពេញ បានបកស្រាយខុសគ្នា ជុំវិញករណីផ្លាស់ ប្តូរទីតាំងផ្សារដើមគរ ចេញពីទីតាំងបច្ចុប្បន្នទៅកាន់ទីតាំងថ្មីនៅបឹងតាមោក។

តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២ខែសីហា ឆ្នាំ២០១៨ ហើយទើបមានការ ចែករំលែកតគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ បានបញ្ជាក់ថា  រដ្ឋាភិបាល យល់ព្រមឲ្យប្រើប្រាស់ដីបឹងតាមោកចំនួន២០ហិកតា ដើម្បីរៀបចំផ្សារបន្លែនិងចំណតរថយន្ត ។​

លិខិតគណៈរដ្ឋមន្ត្រី៖«រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដី២០ហិកតា នៅបឹង តាមោកដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត និងអនុញ្ញាតឲ្យរើផ្សារ បន្លែពីផ្សារដើមគរទៅ ផ្សារថ្មីនៅបឹងតាមោកវិញ។»

ទោះយ៉ាងណាក្រោយលិខិតទីស្តីការគណៈរដ្ឋមន្ត្រីផ្សព្វផ្សាយជាសាធារណៈនោះ នៅថ្ងៃ សុក្រម្សិលមិញ សាលារាជធានីភ្នំពេញបានបកស្រាយថា មិនមានគម្រោងដូរផ្សារ ដើមគរទៅ ទីតាំងផ្សារតាមោកនោះទេគឺរៀបចំផ្សារថ្មីទៀតនេះ គ្រាន់តែបង្កើតទីតាំងបន្ថែម និងបន្ថយ ការកកស្ទះនៅក្នុងផ្សារដើមគរតែប៉ុណ្ណោះ។​

ហ្វេសប៊ុកសាលារាជធានីសរសេរថា៖ «រដ្ឋបាលរាជធានីភ្នំពេញ ពុំមានគម្រោងរុះរើផ្សារដើមគរ ឬតម្រូវឱ្យអាជីវករកំពុងលក់ដូរនៅផ្សារដើមគរ ធ្វើការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួន ទៅទីតាំងថ្មីណាមួយឡើយ។ ដោយឡែក គម្រោងសាងសង់ផ្សារនៅបឹងតាមោក គឺដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត ក្នុងន័យបន្ថែមជាទីតាំងផ្សារបោះដុំមួយកន្លែងផ្សេងទៀត ដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម ក៏ដូចជាដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ ដើម្បីធ្វើជាទីតាំងលក់បន្លែផ្លែឈើ ដែលបង្កការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យតាមដងផ្លូវ។ »

សាលារាជធានីភ្នំពេញក៏បានអំពាវនាវឲ្យអាជីវកររក្សាភាពស្ងប់ស្ងាត់ និងបន្តការលក់ដូរជា ធម្មតា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ