លោក ហ៊ុន សែន អះ​អាង​ថា កម្ពុជាក្លាយជាទឹកដី​នៃ​សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ៤០ឆ្នាំក្រោយខ្មែរក្រហមដួលរលំ

លោក ហ៊ុន សែន នៅក្នុងទិដ្ឋភាពការប្រារព្ធខួប៧មករា ខួបលើកទី៤០ឆ្នាំ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ (រូបភាព៖ ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជា រួចផុត​ពីអំណាចផ្តាច់ការ នឹងក្លាយជាទឹកដីនៃសេរីភាពតាមរយៈការដឹកនាំដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ នៃទិវាជ័យជម្នះ៧មករា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កាលពីឆ្នាំ១៩៧៥ ដល់១៩៧៩ កម្ពុជាជាវាលពិឃាត ក្រោមអំណាចផ្តាច់ការរបស់ ប៉ុល ពត បានសម្លាប់ខ្មែរជាង៣លាននាក់។ ករណីនេះលោកនាយករដ្ឋមន្ត្រីអះអាងថា កម្ពុជា​រួច​ផុតពីរបបផ្តាច់ការ នឹងក្លាយជាទឹកដីនៃសេរីភាពស្របតាមគោលការណ៍ប្រជាធិបេតេយ្យ សេរីពហុបក្ស​ រៀប​ចំការបោះឆ្នោតទៀងទាត់ ហើយពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខ​ច្បាប់។

លោកថ្លែង​បែបនេះថា៖ «កម្ពុជា​ ដែលពីមុនជាវាលពិឃាត គ្របដណ្តប់ដោយអំណាច​ផ្តាច់ការ និងឧក្រិដ្ឋកម្មគួរឲ្យរន្ធត់បំផុត នៃរបបប្រល័យពូជសាសន៍ ឥឡូវ​បានក្លាយជាទឹកដីនៃសេរីភាព ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវ​គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស តាមរយៈការរៀបចំនូវការបោះឆ្នោតយ៉ាងទៀតទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជារដ្ឋដែលគោរពគោលការណ៍ច្បាប់ ឥតងាករេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិស្មើភាពគ្នាចំពោះមុខ​ច្បាប់»។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា កម្ពុជាមិនទាន់មានសេរីភាពពេញលេញដូចការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនោះទេ ដោយសារប្រជាពលរដ្ឋមួយចំនួននៅតែរងភាពអយុត្តិធម៌សង្គមនៅឡើយ។

ដោយឡែក ទាក់ទិនការបោះឆ្នោត លោកបញ្ជាក់ថា ផ្ទុយពីគោលការប្រជាធិបតេយ្យ ដោយសារស្ថាប័ន គ.ជ.ប ស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ ខណៈអតីតគណបក្សសង្គ្រោះជាតិ​ត្រូវ​បានផាត់ចេញពីឆាកនយោបាយជាដើម។

លោកមានប្រសាសន៍ថា៖ «កន្លងមកយើងឃើញមានបញ្ហា គ.ជ.ប ក្តោបក្តាប់ដោយបក្សកាន់អំណាចក្តី ជាពិសេសនៅអាណត្តិចុងក្រោយនេះ យើងឃើញថា គ្មានគណបក្សប្រឆាំង  ដែលរាស្ត្រគាំទ្រពាក់កណ្តាលនគរចូលរួមទេ ហើយ គជប ក៏ស្ថិតនៅក្រោម​ ឥទ្ធិពលលនយោបាយ​ដែរ ហេតុនេះធ្វើឲ្យប៉ះបាល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែរ ដោយសារ​តែលុបបំបាត់ឆន្ទៈរាស្ត្រពាក់កណ្តាលនគរនោះ »។

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស​ មានប្រសាសន៍ថា ការបោះឆ្នោតនៅកម្ពុជានៅមានកម្រិត ដោយសារមានការរិះគន់ពីអន្តរជាតិ ក្រោយពីមានការរំលាយបក្សប្រឆាំង។

លោក សាវាង្ស ផ្តល់ជាអនុសាសន៍ថា អ្នកនយោបាយទាំងអស់គួរតែជួបគ្នាជជែករកដំណោះស្រាយ​រួមមួយ ដោះស្រាយ​ពីបញ្ហាប្រទេសជាតិ ទើបធ្វើឲ្យកម្ពុជា​រីកចំរើនជឿនលឿនដូចប្រទេសជិតខាង។

លោកផ្តល់ជាអនុសាសន៍ថា៖ «យើងគិតែពីរឿងទាស់គ្នា ខ្មែរគ្នាឯង ការអភិវឌ្ឍន៍ផ្សេងៗ យើងមិនអាច​រត់រួចពីភាពក្រីក្រឲ្យបានលឿនដូចគេឯង​នោះទេ សុំអ្នកនយោបាយគួរតែពិចារណា ដោះស្រាយវិបត្តិនយោបាយឲ្យបានល្អប្រសើរឡើងទៅ ដើម្បីលើកស្ទួយប្រទេស​ជាតិរបស់យើងឡើងវិញ​ »។

គួររំឮកថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថ្ងៃ៧មករាថា ជាថ្ងៃរំដោះពលរដ្ឋចេញពីរបបខ្មែរក្រហម។ ប៉ុន្តែ ក្រុមអ្នកប្រឆាំងចាត់ទុកថ្ងៃនោះថា ជាថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជា។

ក្នុងសេចក្ដីសម្រេច ដែលធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីក្រុងស្ត្រាសបួរ ប្រទេសបារាំង កាលពីថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៨ សភាសហភាពអឺរ៉ុបបានប្រកាសថ្កោលទោស​ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។

សភាសហភាពអឺរ៉ុបក៏ទាមទារឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជាបញ្ឈប់នូវរាល់ការរឹតត្បិតសិទ្ធិសេរីភាពលើក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និងទម្លាក់ការចោទប្រកាន់ទាំងស្រុងលើលោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» និងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបាននិរទេសខ្លួននៅក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ