ក្រុមអ្នកសារព័ត៌មានមួយចំនួន បានស្នើទៅរដ្ឋាភិបាលឲ្យបើកលំហសេរីភាពសម្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលទៅយកព័ត៌មានក្នុងកម្មវិធីធំៗដែលរៀបចំដោយថ្នាក់ដឹកនាំ។
អ្នកសារព័ត៌មានម្នាក់នៃកាសែតភាសាបរទេស និងភាសាខ្មែរ លោក ម៉ិច ដារា ប្រាប់វីអូឌីនៅថ្ងៃនេះថា សេរីភាពនៃការទទួលបានព័ត៌មាននៅតែមានការរិតត្បឹត បន្ទាប់ពីលោកមិនត្រូវបានអនុញ្ញាតឲ្យចូលទៅយកព័ត៌មាននៃព្រឹត្តិការណ៍រំឭកខួប៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលនៅក្នុងពហុកីឡដ្ឋានអូឡាំពិកនៅព្រឹកថ្ងៃនេះ។
លោកស្នើទៅរដ្ឋាភិបាល និងស្ថានពាក់ព័ន្ធ ឲ្យបើកលំហរសិទ្ធិសេរីភាពដល់អ្នកសារព័ត៌មានក្នុងការចុះទៅយកព័ត៌មានក្នុងកម្មវិធីធំៗរបស់ថ្នាក់ដឹកនាំ ដោយមិនមានការរើសអើង និងលាបពណ៌អ្នកសារព័ត៌មាននោះឡើយ។
លោកថា៖ «ដូចជាខ្ញុំអញ្ចឹង! ទៅចូលរួមកម្មវិធីអញ្ចឹង គេសួរថា តើមានបានលិខិតអញ្ចើញអត់ ហើយចំណែកស្ថាប័នផ្សេងៗ ខ្ញុំមិននិយាយទេ ស្ថាប័នដែលគេសិ្នទស្នាលជាមួយរដ្ឋាភិបាល គេមិនបាច់លិខិតទេ គេថា មានលិខិតប៉ុណ្ណឹង ប៉ុន្តែ គេឲ្យចូលទៅចូលរួមកម្មវិធីភ្លាមៗ។ ចំណែកឯយើងវិញបានត្រឹមតែអង្គុយរង់ចាំមើលនៅខាងក្រៅ»។
អ្នកសារព័ត៌មានម្នាក់ទៀត លោក ស៊ុន ណារិន មើលឃើញថា អ្នកសារព័ត៌មានដែលសរសេររិះគន់ចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលកន្លងមក ភាគច្រើនពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលយកព័ត៌មានក្នុងកម្មវិធីធំៗរបស់រដ្ឋាភិបាលនោះទេ បើទោះបីជាអ្នកសារព័ត៌មានទាំងអស់នោះ មានកាតព័ត៌មានចេញដោយក្រសួងហើយក៏ដោយ។
លោកស្នើទៅរដ្ឋាភិបាលឲ្យបើកទូលាយដល់អ្នកសារព័ត៌មានក្នុងការចូលទៅយកព័ត៌មានដោយមិនមានការរើសអើងស្ថាប័ន និងទាមទារឲ្យមានកាតពិសេសពីក្រុមអង្គរក្ស ទើបបានអនុញ្ញាឲ្យចូលយកព័ត៌មាននោះទេ។
លោកថា៖ «បើគាត់មានប័ណ្ណដែលចេញដោយក្រសួងព័ត៌មានហ្នឹង ឬក៏ត្រឹមតែប័ណ្ណតំណាងស្ថាប័នចុះ យើងគួរតែឲ្យអ្នកដែលរៀបចំពិធីអនុញ្ញាតឲ្យគាត់ចូល ហើយមានការពិនិត្យសុវត្តិភាព ការស្គែនអីហូរហែងអញ្ចឹងទៅ ហើយសំខាន់ គឺអនុញ្ញាត ព្រោះពួកគាត់មកដើម្បីចង់បានតែព័ត៌មានទេ។ […] ទោះបីជាមានប័ណ្ណព័ត៌មាន មិនមានប័ណ្ណ យើងគួរសម្រួលឲ្យគាត់ចូលទៅ…ហើយធ្វើអញ្ចឹង អ្វីដែលរដ្ឋាភិបាលបើកសេរីភាពពិតជាបើកមែន មិនចាំបាច់មានប័ណ្ណពិសេសអីពីរបីតង់ទេ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានច្រានចោលការលើកឡើងនេះ ដោយថា មិនមានការហាមឃាត់អ្នកសារព័ត៌មានមិនឲ្យចូលយកព័ត៌មាននៅក្នុងកម្មវិធីរបស់ថ្នាក់ដឹកនាំនោះទេ។
លោកថា៖ «ខ្ញុំគិតថា គាត់គួរតែបញ្ជាក់មកខាងយើងឲ្យច្បាស់មកថា តើគាត់មិនអាចចូលបាន តើខាងណាជាអ្នកបញ្ជាមិនអនុញ្ញាតឲ្យចូល។ គាត់មិនអាចបានតែនិយាយថា ខាងនេះមិនឲ្យគាត់ចូល ខាងនោះមិនឲ្យគាត់ចូលបានទេ»។
ប្រធានក្លឹបអ្នកកាសែតកម្ពុជាលោក ប៉ែន បូណា មានប្រសាសន៍ថា ជាទូទៅសម្រាប់កាតរបស់ក្រសួងព័ត៌មានមិនអាចចូលទៅយកព័ត៌មានក្នុងកម្មវិធីធំៗរបស់ថ្នាក់ដឹកនាំនោះទេ ប៉ុន្តែ អ្នកសារព័ត៌មានអាចដាក់លិខិតទៅអ្នករៀបចំកម្មវិធី ដើម្បីចុះឈ្មោះសុំកាតចូលទៅយកព័ត៌មាននៅទីនោះ។ លោកបន្តថា ប្រសិនបើនៅពេលអ្នកសារព័ត៌មានបានដាក់លិខិតសុំចុះឈ្មោះហើយ ប៉ុន្តែអ្នករៀបចំកម្មវិធីមិនឲ្យនោះ លោកចាត់ទុកថា ជាការរើសអើង។
លោកថា៖ «បើសិនមានករណីអង្គភាពសារព័ត៌មានយើងបញ្ជូនឈ្មោះទៅសុំកាតហើយ ស្ថាប័នអ្នករៀបចំកម្មវិធីនឹងមិនចេញកាតឲ្យ អាហ្នឹងយើងនឹងជជែកគ្នាក្នុងនាមក្លឹបក្ដី ក្នុងនាមផ្ទាល់ខ្លួនក្ដី យើងអាចជជែកជាមួយក្រសួងព័ត៌មាន ឬស្ថាប័នពាក់ព័ន្ធនឹងជួយដើម្បីឲ្យកាត។ យើងមិនមែនតែនៅស្រុកយើងទេ នៅក្នុងកម្មវិធីធំៗនៅបរទេស ក៏គេទាមទារឲ្យមានកាតជាចាំបាច់។ ដូច្នេះ យើងគួរតែបំពេញបន្ថែមអាហ្នឹង ដើម្បីជៀសវាងថា យើងអត់បានធ្វើ ពេលទៅហើយ យើងថា គេរើសអីអញ្ចឹង»។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំថ្ងៃប្រជុំប្រចាំឆ្នាំនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងតាមសារលិខិតរបស់លោកថា រដ្ឋាភិបាលរបស់លោកត្រូវការព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ដោយទាមទារឲ្យអ្នកសារព័ត៌មានស្តាប់គ្រប់សំឡេង ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត។
របាយការណ៍របស់ក្រសួងព័ត៌មាន ឲ្យដឹងថា បច្ចុប្បន្ននេះ មានកាសែតដែលផ្សាយជាប្រចាំចំនួន ៥១២អង្គភាព ព្រឹតិ្ដបត្រព័ត៌មានដែលផ្សាយតាមអនឡាញចំនួន ៧២អង្គភាព ស្ថានីយទូរទស្សន៍ផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាបទាំងផ្សាយផ្ទាល់ និងទាំងផ្សាយបន្តផ្ទាល់ មានចំនួនជាង ២០០ និងស្ថានីយផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន៥។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១៨ ដោយបានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាដល់ទៅ ១០លេខ ពោលគឺនៅឆ្នាំ២០១៨ កម្ពុជាស្ថិតនៅលេខរៀងទី១៤២ ធៀបនឹងចំណាត់ថ្នាក់១៣២ កាលពីឆ្នាំ២០១៧៕