អ្នកវិភាគថា ច្រកចេញនៃសំណុំរឿងលោក កឹម សុខា នៅលើការចង់បានរបស់បក្សកាន់អំណាច

លោក កឹម សុខា នាពេលកន្លងទៅ

អ្នកវិភាគនយោបាយ​លើកឡើងថា ច្រកចេញនៃសំណុំរឿងរបស់អតីតមេដឹកនាំគណបក្សសង្គ្រោះលោក កឹម សុខា អាស្រ័​យ​លើ​​​​​កា​រ​​​ចង់​​បានរ​​ប​​ស់​គណ​ប​ក្ស​កាន់​អំណាច ទោះបីជាពេលនេះ អតីតមន្ត្រីជា​ន់ខ្ពស់បក្សនេះគឺ​លោ​ក គង់ គាំ ត្រូវបាន​តុលាការ​កោះ​ហៅ​​​ឲ្យចូ​លទៅបំភ្លឺក្នុងនាមជា​សាក្សី​ក៏​​​ដោយ។

អតី​តឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ លោក គង់ គាំ ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យទៅបង្ហាញ​ខ្លួន​នៅ​ថ្ងៃទី​២៣​ ខែមករា ឆ្នាំ២០១៩​ ក្នុង​​នា​មជាសាក្សី ដើម្បី​សួរ​ពាក់ព័ន្ធទៅនឹងបទចោទ លោក កឹម សុខា ថា «ក្បត់ជាតិ»។

លោក គង់ គាំ អតិតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ក្នុងពិធីរំលឹកខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ រូបថតដោយ៖ ជន ចាន់រ៉ែន

អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើង​ថា លោក គង់ គាំ នឹងក្លាយ​ជាសាក្សីដាក់បន្ទុក ដោយថាថ្មី​ៗនេះ ដៃគូប្រកួតបាន​បង្ហើ​សារ​ថា គេបានរកឃើញថាលោក កឹម សុខា បានប្រព្រឹត្ត​​កំហុស​តាំង​ពីឆ្នាំ១៩៩៣មកម្លេះ។

លោក កឹម សុខ វិភាគទៀតថាយុទ្ធសាស្ត្រនេះ បក្សកាន់អំណាច ចង់សង្កត់លោក កឹម សុខា បន្ថែមទៀត ដើម្បី​បន្លាច​មន្ត្រី​១១​៧​នា​ក់ ឲ្យអស់សង្ឃឹមពីការវិលត្រឡប់ទៅធ្វើនយោបាយវិញរបស់លោក​ កឹម សុខា និងគំរា​មមន្ត្រីមូល​ដ្ឋានដែល​មិ​ន​ព្រ​​ម​ចុះចូ​ល​។

លោកថា៖ «ចំនុចទី៣ គេចង់ផ្លោងទម្ងន់នយោបាយ បំបាក់ជើងក្រោមនៅថ្នាក់មូលដ្ឋាន​របស់​គណបក្សសង្គ្រោះ​ជាតិ​ ថា បើទោះ​បីជាមានសម្ពាធយ៉ាងណា ក៏គេបន្តជាន់គណបក្សសង្គ្រោះជាតិបានដែរ ហើយ​នេះក៏ជាវិធីញុះ​អារម្មណ៍មន្ត្រីថ្នាក់​ក្រោម​របស់​គណ​ប​ក្ស​ស​​ង្គ្រោះជាតិ កុំឲ្យដេករំពឹងលើសហគមន៍អន្តរជាតិ»។

អ្នកវិភាគនយោបាយលោក ឯម​ សុវណ្ណារ៉ា មានប្រសាសន៍ថា លោក គង់ គាំ ពេលនេះ មិនមែនជា​មនុស្សរបស់​គណ​បក្ស​ប្រឆាំ​ង​ដូច​​មុនទៀតទេ។ លោកវិភាគថា វត្តមានលោក គង់ គាំ ​នៅតុលា​ការ អាច​ជាសា​ក្សីដាក់បន្ទុក ។

លោកថា៖ «បើយើងមើលពីស្ថានភាព បើលោក កឹម សុខា ចេញមកក្រៅអាចប្រឈមគ្នាខ្លាំង ជាមួយលោក សម រង្ស៊ី ​អានេះ​ ជា​ការច​ង់បានរបស់ដៃគូបក្ខដិបក្ខ ចង់ឲ្យមានរៀងហ្នឹងកើតឡើង។ អញ្ចឹងលោក គង់ គាំ ពេលនេះ គាត់ត្រូវតែឈរ​លើទស្ស​នៈ និងនិ​ន្នាការដែលបក្សកាន់អំណាចចង់បានហើយ»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការបង្ហាញខ្លួនរបស់លោក គង់ គាំ អាច​ជាការ​ពន្លឿន​នីតិ​វិធី​សំណុំរឿ​ង​នេះ​ឲ្យ​ទៅដល់ចំនុចអាចស្នើព្រះមហាក្សត្រលើកលែងទោសបាន។ លោកបន្តថា ការចោទ​ប្រកាន់​លោក​ កឹម សុខា ជារឿងន​យោបា​យ។

ប៉ុន្តែអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ អះអាងថា លោកមិនមែនជាអ្នកដាក់បន្ទុក ឬដោះបន្ទុកទេ លោកថាការដោះបន្ទុកជាតួនាទីមេធាវីលោក កឹម សុខា រីឯការដាក់បន្ទុកជាតួនាទីរបស់មេធាវីដើមបណ្ដឹងរដ្ឋភិបាល។ ប៉ុន្តែលោកថា ការបង្ហាញខ្លួនរបស់លោក ចង់ឲ្យ​តុលាការ​​ផ្តល់យុត្តិធ​ម៌ឲ្យជ​នត្រូវចោ​ទលោ​ក កឹម សុខា ។

លោកថា៖ «ខ្ញុំគ្មានឯកសារ និងមិនដឹងឮច្រើនពេកទេ។ ប៉ុន្តែ ខ្ញុំស្ម័គ្រ​ចិត្តចូលទៅតាមការចង់បាន​ព័ត៌មានពី​ចៅក្រម​ស៊ើប​សួរហ្នឹង ដើម្បី​ឲ្យចៅ​​​ក្រមមានព័ត៌មានច្រើនសម្រាប់ផ្តល់យុត្តិធម៌ឲ្យជនជាប់ចោទ»។

សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់សាកសួរ មនុស្ស៣នាក់ផ្សេងទៀត ដូចជានាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បី​ប្រ​ព័​ន្ធ​ផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង នាយិកាមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព និង​អ្នក​នាំ​​​ពា​​​ក្យ​គណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ឲ្យចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា នេះ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងយប់ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែល​រដ្ឋាភិបាល​ចោទ​ថា ឃុប​ឃិ​​​​ត​ជាមួយស​ហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ ​ចំណាត់ការនេះ ជំរុញឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនាំមុខប្រទេសលោកសេរី គំរាមដាក់ទណ្ឌកម្ម បើរដ្ឋាភិ​បាលក​ម្ពុជា មិនស្តារប្រជាធិបតេយ្យ​ឡើង​វិញ និងបើ​កផ្លូវឲ្យ​អតីតគណបក្សសង្គ្រោះជាតិបានដំណើរការឡើងវិញនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ