លោក សម រង្ស៊ី ស្នើសុំបំភ្លឺជាសាក្សីនៅតុលាការករណីចោទប្រកាន់លោក កឹម សុខា

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (FB: លោក សម រង្សុី)

លោក សម រង្ស៊ី ស្នើឲ្យតុលាការសាកសួររូបលោកក្នុងនាមជាសាក្សី ក្នុងសំណុំរឿងចាប់ឃុំខ្លួន និងចោទប្រកាន់លោក កឹម សុខា លើសំណុំរឿងចោទថា ក្បត់ជាតិ។​

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា អតីតឧត្ដមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ លោក គង់ គាំ មិនគួរត្រូវបានតុលាការកោះហៅក្នុងនាមជាសាក្សីនោះទេ ដោយថា លោក គង់ គាំ គឺត្រឹមតែជាទីប្រឹក្សារបស់លោក និងមិនបានចូលរួមធ្វើសម្រេចចិត្តសំខាន់អ្វីនោះឡើយ។

បើតាមបណ្ដាញសង្គមហ្វេសប៊ុក លោក សម រង្ស៊ី លើកឡើងថា តុលាការគួរកោះហៅរូបលោកមកសាកសួរមុនគេដោយថា លោកទើបជាអ្នកដែលមានការទទួលខុសត្រូវខ្ពស់ក្នុងឋានៈលោកធ្លាប់ធ្វើជាប្រធានគណបក្សសង្គ្រោះជាតិនោះ។

លោក សម រង្ស៊ី អះអាងទៀតថា លោកយល់ព្រមឲ្យតុលាការសាកសួរតាមរយៈប្រព័ន្ធវីដេអូ Skype ដើម្បីផ្ដល់ព័ត៌មានបន្ថែមជុំវិញការចោទប្រកាន់លើលោក កឹម សុខា និងដើម្បីបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ។

លោក សម រង្ស៊ី បសរសេរលើទំព័រហ្វេសប៊ុកថា៖ « តុលាការអាយ៉ង ត្រូវតែហៅខ្មុំ សម រង្ស៊ី មកសាកសួរមុនគេបង្អស់។ ខ្ញុំយល់ព្រមផ្តល់ព័ត៌មានពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា នេះ ជូនតុលាការអាយ៉ងតាមរយៈប្រព័ន្ធវីដេអូ Skype ពីសហរដ្ឋអាមេរិក ដែលខ្ញុំកំពុងតែស្ថិតនៅពេលនេះ»។

លោក សម រង្ស៊ី មិនបានបញ្ជាក់ថា មានព័ត៌មានអ្វីខ្លះដែលចង់ប្រាប់ទៅតុលាការនោះទេ។​

ក្រៅពីទាត់ចោលសំណើរបស់ក្រុមមេធាវីការពារដែលសុំឲ្យទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា នោះចៅក្រម​​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក គី ឫទ្ធី ​បាន​កោះ​ហៅ​លោក គង់ គាំ ឲ្យ​ចូល​បំភ្លឺ​ជាសាក្សីនៅ​​ថ្ងៃ​ទី​២៣​ មករា​ខាង​មុខ​នេះ នៅ​ក្នុង​សំណុំ​រឿងដែលរដ្ឋាភិបាល​ចោទមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ថា បានប្រព្រឹត្ដអំពើ «ក្បត់ជាតិ»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ