ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី នៅថ្ងៃនេះ បាននាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាថ្មីទៀត ដើម្បីទាមទារឲ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍ដោះលែងអ្នកផលិតខ្សែភាពយន្តឯកសារ «ម្ដាយខ្ញុំ លក់ខ្ញុំ» រូបនេះ។
ភរិយារបស់លោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គឹមហ៊ាង ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា ពួកគាត់នាំគ្នាឡើងមកតវ៉ាជាថ្មីនេះ គឺចង់ឲ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍មករដ្ឋាភិបាលកម្ពុជាដោះលែងប្ដីវិញ ដោយថា ការផលិតខ្សែវីដេអូឯកសារនេះ ក៏មានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលរុស្ស៊ីដែរ។
លោកថា៖ «អញ្ចឹង រដ្ឋាភិបាលត្រូវតែធានាថា កាសែតរុស្ស៊ីអាចធ្វើការងាររបស់ពួកគេបានដោយត្រឹមត្រូវ ហើយប្រកបដោយវិជ្ជាជីវៈ ហើយមិនមានការរំខាន រារាំង គំរាមកំហែង ប៉ុន្តែបែរជារដ្ឋាភិបាលកម្ពុជាចាប់ប្ដីខ្ញុំដែលជាអ្នកបកប្រែឲ្យឯកសារស្ដីពីការជួញដូរផ្លូវភេទឲ្យកាសែតរុស្ស៊ី។ អញ្ចឹង មានន័យថា រដ្ឋាភិបាលរុស្ស៊ីមិនបានបង្កភាពងាយស្រួលឲ្យកាសែតរុស្ស៊ីក្នុងការធ្វើការរបស់ពួកគេនោះទេ»។
ការតវ៉ានៅព្រឹកនេះ ក៏មានការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងអ្នកតវ៉ាបន្តិចផងដែរ ខណៈពួកគេបានព្យាយាមដើរទៅស្រែកទាមទារមុខស្ថានទូតប្រទេសនេះ ប៉ុន្តែក្រោយពីតវ៉ាពេញមួយព្រឹកគឺមិនមានមន្ត្រីស្ថានទូតរុស្ស៊ីណាម្នាក់ចេញមកជួបនោះទេ។
អ្នកស្រី ឡុង គឹមហ៊ាង បង្ហាញការខកចិត្តចំពោះស្ថានទូតរុស្ស៊ីដែលមិនចេញមកជួបពួកគាត់ព្រឹកនេះ ខណៈពួកគាត់បាននាំគ្នាមករកកិច្ចអន្តរាគមន៍នៅមុខស្ថានទូតរុស្ស៊ីចំនួន៣លើកហើយនោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា មន្ត្រីស្ថានទូតរុស្ស៊ីគួរតែចេញមកជួបអ្នកតវ៉ា ដើម្បីធ្វើការដោះស្រាយចំពោះរឿងនេះ។ លោកបន្តថា ប្រសិនរដ្ឋាភិបាលរស្ស៊ីនៅតែមិនព្រមអន្តរាគមន៍ដោះស្រាយ លោកថា នឹងធ្វើឲ្យសហគមន៍អន្តរជាតិមើលឃើញថា រដ្ឋាភិបាលរុស្ស៊ីមិនមានការគោរពសិទ្ធិមនុស្សនោះទេ។
លោកថា៖ «ដូច្នេះរដ្ឋាភិបាលរុស្ស៊ីទោះបីមានការគេចវេសក៏ដោយ ក៏ពិភពលោកដូចជាសាធារណៈគឺបានដឹងថា កាសែតនិងរដ្ឋាភិបាលមានការពាក់ព័ន្ធទៅនឹងការចេញរឿងអំពីបញ្ហាស្រ្តីនៅក្នុងប្រទេសកម្ពុជា ហើយគេចវេសពីការទទួលខុសត្រូវ បង្ហាញកាន់តែច្បាស់ថា ការផលិតនេះ បើសិនមិនបង្ហាញឲ្យច្បាស់ទេ វាធ្វើឲ្យប៉ះពាល់តម្លៃរដ្ឋាភិបាលខ្លួនឯងឲ្យគេមើលឃើញថា រដ្ឋាភិបាល មិនបានគោរពសិទ្ធិមនុស្ស ហើយឥរិយាបថមិនទទួលខុសត្រូវបង្ហាញពីភាពមនុស្សធម៌ មិនគិតគួរតម្លៃសេរីភាពរបស់ពលរដ្ឋកម្ពុជា»។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស បន្ទាប់ពីរកឃើញថា គាត់បានចូលរួមជួយផលិតខ្សែភាពយន្តឯកសាររបស់ស្ថានីយទូរទស្សន៍រុស្ស៊ី RT រឿង «ម្ដាយខ្ញុំ លក់ខ្ញុំ» ដែលរដ្ឋាភិបាលចាត់ទុកថា ជាការធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា។
លោកត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា ៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងទោសក្នុងពន្ធនាគារពី១ ទៅ៣ឆ្នាំ។
ខ្សែភាពយន្តឯកសារនេះ និយាយពីស្ថានភាពស្ត្រីខ្មែរសម្រេចចិត្តលក់កូនស្រីឲ្យបម្រើផ្លូវភេទដោយសារតែជីវភាពក្រីក្រ។ ទាំង RT និងអ្នកផលិតអះអាងថា នេះជារឿងរ៉ាវពិតកំពុងតែកើតមានឡើងនៅកម្ពុជា ប៉ុន្តែរដ្ឋាភិបាលចាត់ទុកថានោះជារឿងមិនពិតដែលប្រឌិតឡើងដើម្បីធ្វើឲ្យខូចឈ្មោះប្រទេស។